Fresh Exclusive: តើការផ្ទុះសង្គ្រាមសាជាថ្មីនៅមជ្ឈិមបូព៌ា ជាសញ្ញាហានិភ័យអ្វីខ្លះសម្រាប់តំបន់ និងពិភពលោក? (Video inside)

30-07-2026 17:30

(ភ្នំពេញ)៖ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងសាជាថ្មី នៅថ្ងៃទី៣០ ខែកក្កដា។ ប៉ុន្តែលើកនេះ វាមិនមែនជាការប្រឈមមុខរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ។ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ហ្សកដានី យេម៉ែន និងអេហ្ស៊ីប សុទ្ធតែបានក្លាយជាផ្នែកមួយនៃវិបត្តិដែលកំពុងរីករាលដាល។

តើអ្វី បានធ្វើឱ្យបង្អួចការទូតដែលធ្លាប់បើកឡើង បែរជាបិទវិញ? ហើយតើសង្គ្រាមដែលមានប្រទេសកាន់តែច្រើនចូលរួមនេះ កំពុងបញ្ជូនសញ្ញាហានិភ័យអ្វីខ្លះដល់មជ្ឈិមបូព៌ា និងពិភពលោក?

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយ ជុំវិញបញ្ហានេះ៖

ប៉ុន្មានថ្ងៃមុននេះ ស្ថានការណ៍នៅមជ្ឈិមបូព៌ា ហាក់ដូចជាបានស្ងប់បន្តិចហើយ។ សហរដ្ឋអាមេរិក បានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេលពីរសប្តាហ៍លើអ៊ីរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ការទាក់ទងការទូត កំពុងដំណើរការ និងថា ភាគីទាំងពីរអាចឈានទៅរកកិច្ចព្រមព្រៀងមួយបាន។ ប៉ុន្តែការផ្អាកនោះ មិនបានប្រែក្លាយទៅជាសន្តិភាពទេ។ វាបានក្លាយជាចន្លោះស្ងប់មួយដ៏ខ្លី មុនពេលការប្រយុទ្ធផ្ទុះឡើងសាជាថ្មី។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ យោធាអាមេរិកបានបើកការវាយប្រហាររយៈពេលប្រហែលពីរម៉ោង លើគោលដៅជាច្រើនក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមយោធាអាមេរិក គោលដៅទាំងនោះរួមមានមជ្ឈមណ្ឌលបញ្ជាការរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម ឃ្លាំងមីស៊ីល ឃ្លាំងដ្រូន ប្រព័ន្ធការពារឆ្នេរសមុទ្រ និងសម្ភារៈយោធាដែនសមុទ្រ។ វ៉ាស៊ីនតោន បានចាត់ទុកប្រតិបត្តិការនេះថា ជាការសងសឹកចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ លើកងកម្លាំងអាមេរិកនៅប្រទេស ហ្សកដានី។

ប៉ុន្តែការផ្ទុះសាជាថ្មីនេះ មិនមែនគ្រាន់តែជាការវាយឆ្លើយតបរវាងអាមេរិក និងអ៊ីរ៉ង់ប៉ុណ្ណោះទេ។ អារ៉ាប៊ីសាអូឌីត ហ្សកដានី យេម៉ែន អ៊ីរ៉ាក់ និងអេហ្ស៊ីប សុទ្ធតែបានក្លាយជាផ្នែកមួយនៃវិបត្តិដែលកំពុងរីករាលដាល។ តើភាពរាលដាលនេះ កំពុងបញ្ជូនសញ្ញាហានិភ័យអ្វីខ្លះដល់មជ្ឈិមបូព៌ា និងសកលលោក?

*ហេតុអ្វីបង្អួចការទូតបានដួលរលំ?
ការផ្អាកការវាយប្រហាររបស់អាមេរិក មិនមែនជាបទឈប់បាញ់ផ្លូវការ និងក៏មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពដែរ។ វាជាការផ្អាកប្រតិបត្តិការដែលមានលក្ខខណ្ឌ ខណៈកិច្ចចរចាតាមរយៈប្រទេសសម្របសម្រួលនៅតែបន្ត។ ប៉ុន្តែភាគីទាំងពីរ មិនបានឈប់បង្កើនសម្ពាធដាក់គ្នាទេ។

អ៊ីរ៉ង់នៅតែព្យាយាមពង្រឹងឥទ្ធិពលលើច្រក Hormuz ខណៈអាមេរិកទាមទារឱ្យច្រកសមុទ្រនេះ បន្តជាផ្លូវទឹកអន្តរជាតិដែលនាវាអាចធ្វើចរាចរណ៍ដោយសេរី។ ប្រទេស អូម៉ង់ បានដាក់សំណើមួយដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ប្រមូលថ្លៃសេវាស្ម័គ្រចិត្តពីនាវាឆ្លងកាត់ ប៉ុន្តែវ៉ាស៊ីនតោនជំទាស់នឹងការយកថ្លៃ ឬការគ្រប់គ្រងផ្លូវទឹកដោយឯកតោភាគី។

ប្រភព Al Jazeera បានរាយការណ៍ថា អ៊ីរ៉ង់បានច្រានចោលគម្រោងមួយរបស់អូម៉ង់សម្រាប់ការបែងចែកផ្លូវចរាចរណ៍ ហើយបានស្នើឱ្យមានផ្លូវចេញចូលមួយ ដែលស្ថិតក្រោមការគ្រប់ គ្រងរបស់អ៊ីរ៉ង់ទាំងស្រុង។

ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់លើគោលដៅអាមេរិកនៅហ្សកដានី បានក្លាយជាកត្តាភ្លាមៗដែលជំរុញឱ្យវ៉ាស៊ីនតោន បានវាយតប។ ប៉ុន្តែចំណុចដែលធ្វើឱ្យការទូតដួលរលំពិតប្រាកដ គឺការខ្វះការជឿទុកចិត្តរវាងភាគី ការបន្តប្រើកម្លាំងដើម្បីបង្កើតអំណាចចរចា និងការមិនអាចរកឃើញរូបមន្តដែលទទួលយកបាន សម្រាប់ច្រក Hormuz។

*សង្គ្រាមកាន់តែពង្រីកហានិភ័យក្នុងតំបន់
ការចូលរួមរបស់អារ៉ាប៊ីសាអូឌីត គឺជាចំណុចបត់សំខាន់។ រយៈពេលជាច្រើនខែ ទីក្រុង Riyadh បានព្យាយាមរក្សាផ្លូវទំនាក់ទំនងជាមួយ Tehran និងជៀសវាងការចូលរួមដោយផ្ទាល់ក្នុងសង្គ្រាម។ ប៉ុន្តែក្រោយការវាយប្រហារដោយមីស៊ីល និងដ្រូនមកលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន និងការគំរាមកំហែងលើការដឹកជញ្ជូននៅសមុទ្រក្រហមទៀតនោះ អារ៉ាប៊ីសាអូឌីត បានចូលរួមជាមួយអាមេរិក ធ្វើការវាយគោលដៅក្រុមប្រដាប់អាវុធដែលស្និទ្ធនឹងអ៊ីរ៉ង់ ក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលអ៊ីរ៉ាក់បានថ្កោលទោសប្រតិបត្តិការនេះ ថា ជាការរំលោភអធិប តេយ្យភាពរបស់ខ្លួន។

ទន្ទឹមនឹងនេះ ហ្សកដានី ក៏បានរាយការណ៍ថា ខ្លួនបានស្ទាក់ និងបាញ់ទម្លាក់មីស៊ីលចំនួន៥គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់។

នៅកំពង់ផែ Damietta របស់អេហ្ស៊ីប អគ្គិភ័យបានឆាបឆេះនាវាមួយ និងរាលដាលទៅនាវាមួយផ្សេងទៀត ដែលគេសង្ស័យថាជាអំពើវាយប្រហារដោយដ្រូន ប៉ុន្តែអេហ្ស៊ីប នៅមិនទាន់ ចោទប្រកាន់ថាជាទង្វើរបស់អ្នកណាឡើយ។

អ្វីទាំងនេះ បានបង្ហាញថា ជម្លោះបានប្រែក្លាយពីជម្លោះ អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ទៅជារូបភាពមួយដែលធំជាងមុនគឺ៖ បណ្តាញសម្ព័ន្ធមិត្តរបស់អាមេរិក បានធ្វើសង្គ្រាម ប្រឆាំងនឹងបណ្តាញកម្លាំងស្និទ្ធរបស់អ៊ីរ៉ង់។

នៅពេលនេះ ប្រទេស អ៊ីរ៉ាក់ ហ្សកដានី អារ៉ាប៊ីសាអូឌីត យេម៉ែន អេហ្ស៊ីប និងប្រទេសឈូងសមុទ្រផ្សេងៗ អាចត្រូវបានទាញចូលសង្គ្រាម ទោះបីជារដ្ឋាភិបាលរបស់ពួកគេ មិនចង់ក្លាយជាគូសង្គ្រាមដោយផ្ទាល់ក៏ដោយ។

*សង្គ្រាមអូសបន្លាយ កំពុងដាក់សម្ពាធលើស្តុកអាវុធការពាររបស់អាមេរិក
ក្រៅពីការរីករាលដាលនៃសង្គ្រាម និងការរំខានដល់ច្រកដឹកជញ្ជូនថាមពល ព័ត៌មានពី Al Jazeera បានបង្ហាញចំណុចសំខាន់មួយ គឺសមត្ថភាពការពារដែនអាកាសរបស់សហរដ្ឋអាមេរិក កំពុងរងសម្ពាធនូវសម្ភារៈប្រើប្រាស់អាវុធស្ទាក់ចាប់មីស៊ីលកម្រិតខ្ពស់។

លោក Ryan Bohl អ្នកវិភាគជាន់ខ្ពស់ផ្នែកមជ្ឈិមបូព៌ានៃបណ្តាញ RANE បានប្រាប់ Al Jazeera ថា សហរដ្ឋអាមេរិក កំពុងប្រឈមការថយចុះនៃអាវុធការពារដែលមានបច្ចេកវិទ្យាខ្ពស់ រួមទាំងមីស៊ីលសម្រាប់ប្រព័ន្ធ THAAD និងអាវុធដែលអាចបាញ់ពីចម្ងាយ។ លោកបានកត់សម្គាល់ថា ទោះបីអាមេរិកនៅមានគ្រាប់បែកធម្មតាច្រើនក៏ដោយ ការប្រើអាវុធទាំងនោះទាមទារឱ្យយន្តហោះ ត្រូវហោះចូលកាន់តែជ្រៅក្នុងដែនអាកាសអ៊ីរ៉ង់ ដែលអាចប្រឈមនឹងប្រព័ន្ធការពារដែនអាកាស និងហានិភ័យបាត់បង់យន្តហោះកាន់តែខ្ពស់។

ការវាយតម្លៃរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ឬ CSIS ក៏បានបង្ហាញពីបញ្ហាដូចគ្នា។ តាមការគណនាដែល Al Jazeera ដកស្រង, អាមេរិក បានប្រើអស់ប្រហែលមួយភាគបីនៃមីស៊ីល Patriot និងជិតពាក់កណ្តាលនៃមីស៊ីលស្ទាក់ THAAD ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានចាប់ផ្តើម។ មជ្ឈមណ្ឌល CSIS បានព្រមានថា ការប្រយុទ្ធសាជាថ្មី និងអូសបន្លាយ នឹងធ្វើឱ្យស្តុកមីស៊ីលការពារកាន់តែថយចុះ ហើយអាចបង្ខំឱ្យអាមេរិក និងសម្ព័ន្ធមិត្តទទួលយកហានិភ័យកាន់តែខ្ពស់ ក្នុងការការពារមូលដ្ឋានយោធា ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

បញ្ហានេះ បង្ហាញពីភាពមិនស្មើគ្នានៃថ្លៃដើម ក្នុងសង្គ្រាមមីស៊ីល និងដ្រូន។ អ៊ីរ៉ង់ និង ក្រុមប្រដាប់អាវុធដែលស្និទ្ធនឹងតេហេរ៉ង់ អាចប្រើដ្រូន និងមីស៊ីលដែលមានតម្លៃទាបជាង ដើម្បីបង្ខំឱ្យសហរដ្ឋអាមេរិក ប្រើមីស៊ីលស្ទាក់ចាច់ដែលមានតម្លៃខ្ពស់ និងត្រូវការពេលវេលាយូរក្នុងការផលិតជំនួសថែមទៀត។

បើការវាយប្រហារបន្តអូសបន្លាយនៅអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត ហ្សកដានី អ៊ីរ៉ាក់ និងមូលដ្ឋានយោធាអាមេរិក នៅទូទាំងតំបន់, វ៉ាស៊ីនតោននឹងត្រូវប្រឈមនឹងការសម្រេចចិត្តកាន់តែពិបាក៖ តើគោលដៅណា ត្រូវផ្តល់អាទិភាពការពារ និងតើមីស៊ីលណាដែលត្រូវបាញ់ស្ទាក់?

ហានិភ័យនេះមិនមានន័យថា សហរដ្ឋអាមេរិកកំពុងអស់សមត្ថភាពយោធានោះទេ។ ប៉ុន្តែវាបង្ហាញថា អាមេរិកមិនអាចចាត់ទុកសង្គ្រាមរយៈពេលវែងថា មិនបង់ថ្លៃដើមខ្ពស់បានទេ។ ការប្រើប្រាស់អាវុធការពារច្រើននៅមជ្ឈិមបូព៌ា ក៏អាចប៉ះពាល់ដល់ការត្រៀមខ្លួនសម្រាប់វិបត្តិនៅតំបន់ផ្សេងៗ រួមទាំងអឺរ៉ុប និងឥណ្ឌូ–ប៉ាស៊ីហ្វិកផងដែរ។

ដូច្នេះ សង្គ្រាមអូសបន្លាយ មិនត្រឹមតែបង្កហានិភ័យចំពោះអ៊ីរ៉ង់ និងប្រទេសជិតខាងប៉ុណ្ណោះទេ។ វាក៏អាចបង្ខំឱ្យសហរដ្ឋអាមេរិកប្រឈមនឹងជម្រើសយុទ្ធសាស្ត្រដ៏លំបាក រវាងការបន្តការពារសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា និងការរក្សាស្តុកអាវុធសម្រាប់វិបត្តិដែលអាចកើតឡើងនៅតំបន់ផ្សេងទៀតនៃពិភពលោក។

*ហានិភ័យធំបំផុត គឺការគណនាខុស
ក្នុងសង្គ្រាមដែលមានរដ្ឋជាច្រើន ក្រុមប្រដាប់អាវុធជាច្រើន និងសមរភូមិជាច្រើនបានកើតឡើង ការគ្រប់គ្រងកម្រិតនៃការសងសឹក កាន់តែពិបាក។

អ៊ីរ៉ង់អាចគិតថា ការបាញ់មីស៊ីលមួយចំនួន នឹងបង្កើតអំណាចចរចា ប៉ុន្តែអាមេរិកអាចបកស្រាយថា ជាការចាប់ផ្តើមសង្គ្រាមជុំថ្មី។ អាមេរិកអាចគិតថា ការវាយប្រហារមានកម្រិតដែលនឹងបង្ខំឱ្យអ៊ីរ៉ង់ថយក្រោយ ប៉ុន្តែ Tehran នៅតែអាចឆ្លើយតបយ៉ាងស្រួចស្រាវ តាមរយៈក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅអ៊ីរ៉ាក់ យេម៉ែន លីបង់ ឬតំបន់ផ្សេងទៀត។

ការស្លាប់របស់ជនស៊ីវិលអាចបង្កើនសម្ពាធនយោបាយ ក្នុងប្រទេសអ៊ីរ៉ង់ និងធ្វើឱ្យមេដឹកនាំរបស់ខ្លួនពិបាកបង្ហាញការអត់ធ្មត់។ ដូចគ្នានេះដែរ ការស្លាប់របស់ទាហានអាមេរិក ឬការខូចខាតធ្ងន់លើមូលដ្ឋានសម្ព័ន្ធមិត្ត អាចបង្ខំឱ្យ Washington ឆ្លើយតបក្នុងកម្រិតខ្ពស់ជាងមុន។

ដូច្នេះ សង្គ្រាមអាចរីកធំឡើង មិនមែនដោយសារភាគីណាមួយបានសម្រេចចិត្តច្បាស់លាស់ថាចង់បានសង្គ្រាមតំបន់ទេ ប៉ុន្តែដោយសារការឆ្លើយតបជាបន្តបន្ទាប់ ដែលភាគីនីមួយៗយល់ថាចាំបាច់សម្រាប់រក្សាការទប់ស្កាត់ និងកិត្តិយសរបស់ខ្លួន។

សេចក្តីសន្និដ្ឋាន
ការផ្ទុះសង្គ្រាមសាជាថ្មីនៅមជ្ឈិមបូព៌ា បញ្ជូនសញ្ញាគ្រោះថ្នាក់យ៉ាងហោចណាស់ចំនួនបួន។
ទីមួយ វាបង្ហាញថា ការផ្អាកការវាយប្រហារដោយគ្មានកិច្ចព្រមព្រៀងនយោបាយ មិនមែនជាសន្តិភាពទេ។ វាគ្រាន់តែជាការពន្យារពេលនៃការប្រយុទ្ធ។
ទីពីរ សង្គ្រាមបានរាលដាលពីការប្រឈមមុខរវាងអាមេរិក និងអ៊ីរ៉ង់ ទៅជាបណ្តាញជម្លោះដែលភ្ជាប់អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ហ្សកដានី យេម៉ែន អេហ្ស៊ីប និងកម្លាំងប្រដាប់អាវុធមិនមែនរដ្ឋជាច្រើន។
ទីបីច្រក Hormuz និង Bab al-Mandeb កំពុងធ្វើឱ្យសមរភូមិយោធា និងសមរភូមិសេដ្ឋកិច្ចរួមបញ្ចូលគ្នា។ ការបាញ់មីស៊ីលមួយគ្រាប់នៅមជ្ឈិមបូព៌ា អាចបង្កើនថ្លៃប្រេង ថ្លៃដឹកជញ្ជូន និងអតិផរណានៅប្រទេសដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រ។
ទីបួន សង្គ្រាមអូសបន្លា យអាចសាកល្បងសមត្ថភាពយោធា និងស្តុកអាវុធការពាររបស់អាមេរិក និងសម្ព័ន្ធមិត្ត ខណៈបង្កើនហានិភ័យនៃការគណនាខុសរវាងភាគីជាច្រើន។

ទោះបីយ៉ាងណា នេះមិនទាន់មានន័យថា មជ្ឈិមបូព៌ាបានធ្លាក់ចូលក្នុងសង្គ្រាមតំបន់ពេញទំហឹងដែលមិនអាចបញ្ឈប់បានទេ។ ផ្លូវការទូតនៅតែមាន ជាពិសេសតាមរយៈអូម៉ង់ និងប្រទេសឈូងសមុទ្រដែលមានទំនាក់ទំនងជាមួយភាគីទាំងពីរ។ ប៉ុន្តែបង្អួចនោះកាន់តែរួមតូចហើយ។

សំណួរនាពេលនេះគឺ៖ តើភាគីទាំងពីរនឹងអាចបញ្ឈប់យុទ្ធសាស្ត្របង្កើនសម្ពាធ ដើម្បីបង្កើតអំណាចចរចា មុនពេលសង្គ្រាម ដែលពួកគេគិតថាអាចគ្រប់គ្រងបាន ប្រែក្លាយទៅជាវិបត្តិតំបន់ដែលគ្មាននរណាអាចគ្រប់គ្រងបានដែរឬទេ?

ប្រសិនបើចម្លើយគឺ «ទេ» នោះហានិភ័យធំបំផុតនាពេលខាងមុខ ប្រហែលមិនមែនជាការផ្ទុះសង្គ្រាមថ្មីមួយទៀតនោះទេ ប៉ុន្តែជាការរីករាលដាលនៃជម្លោះដែលអាចផ្លាស់ប្តូរតុល្យភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់មជ្ឈិមបូព៌ា និងពិភពលោក ក្នុងរយៈពេលវែង៕