អភិបាលខេត្តពោធិ៍សាត់ សម្រេចបិទបញ្ចប់វិវាទ បើកផ្លូវលេខ ២០៦A-២០៧A ក្នុងសង្កាត់ផ្ទះព្រៃ ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ យុត្តិធម៌ និងឈ្នះ-ឈ្នះ ទាំងអស់គ្នា
30-07-2026 19:57
(ពោធិ៍សាត់)៖ ក្រោមការដឹកនាំ ប្រកបដោយមនសិការដោះស្រាយដោយសន្តិវិធី ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ, នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់ថ្មកែវសាលាខេត្ត លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីដោះស្រាយ និងសម្របសម្រួល លើគម្រោងបើកផ្លូវលេខ ២០៦A ដល់ ២០៧A ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឱ្យទទួលបានលទ្ធផលជោគជ័យយ៉ាងរលូន។
ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយ និងសម្របសម្រួលដ៏មានសារៈសំខាន់នេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងមុតមាំថា ដីរដ្ឋ និងផ្លូវរដ្ឋ គ្មាននរណាអាចរំលោភយកបាននោះទេ ពេលរដ្ឋត្រូវការ គឺត្រូវតែសម្បទាន ឬបើកជាដាច់ខាត ដើម្បីជាប្រយោជន៍សាធារណៈ។ ប៉ុន្តែទន្ទឹមនឹងការតឹងរឹងផ្លូវច្បាប់ ក្នុងនាមជាអាណាព្យាបាលខេត្ត និងក្នុងនាមជាគ្រួសារកងទ័ពតែមួយ លោកបានយកចិត្តទុកដាក់ស្វែងរកនូវដំណោះស្រាយ ឈ្នះ-ឈ្នះ ដើម្បីធានាថាប្រជាពលរដ្ឋមិនរងការខាតបង់ធ្ងន់ធ្ងរនោះឡើយ។
ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាល និងការសម្របសម្រួលដោយបត់បែនតាមសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ, លោក ខូយ រីដា បានសម្រេចនូវដំណោះស្រាយគោលនយោបាយដ៏ល្អឥតខ្ចោះ និងជាទីពេញចិត្តបំផុត ជូនដល់គ្រួសារ លោក ឆាយអាត សុខផុន រួមមាន៖ រក្សាទុកដីទីតាំងចាស់ ដោយយល់ព្រមរក្សាទំហំដីនៅទីតាំងចាស់ជូននៅត្រឹម ២.៨ម៉ែត្រ តាមសំណូមពរ។ ដោះស្រាយដីឡូតិ៍ថ្មី ចំនួន២ឡូតិ៍ (ទំហំ ៥ម x ២០ម ក្នុង១ឡូតិ៍) នៅទីតាំងភូមិបឹងយា ព្រមទាំងរៀបចំតូបលក់ដូរជូនបន្ថែម ដើម្បីធានាដល់ការប្រកបរបរចិញ្ចឹមជីវិត និងឧបត្ថម្ភថវិកា ចំនួន១ម៉ឺនដុល្លារ។
ស្មារតីនៃការដោះស្រាយបញ្ហាដោយក្តីស្រឡាញ់ យោគយល់ និងការទទួលខុសត្រូវខ្ពស់នេះ បានធ្វើឱ្យភាគីពាក់ព័ន្ធ ឯកភាពទទួលយកដោយគ្មានការប្រកែក។ នេះសបញ្ជាក់ឱ្យឃើញពីគំរូដ៏ប្រពៃ នៃការដឹកនាំរបស់លោកខេត្តពោធិ៍សាត់ ក្នុងការផ្សារភ្ជាប់សុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងជាគំរូដ៏ល្អសម្រាប់ខេត្តទាំងមូលផងដែរ។
បន្ទាប់ពីទទួលបាននូវដំណោះស្រាយដ៏សមហេតុផល យុត្តិធម៌ និងពោរពេញដោយក្តីមេត្តាករុណា, លោក ឆាយអាត សុខផុន ដែលជាតំណាងប្រជាពលរដ្ឋរងប៉ះពាល់ផ្ទាល់ នៃគម្រោងបើកផ្លូវលេខ ២០៦A ដល់ ២០៧A បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានលើកឡើងថា លោកអភិបាលខេត្ត មិនត្រឹមតែអនុវត្តច្បាប់ដើម្បីផលប្រយោជន៍សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនាមជាគ្រួសារតែមួយ។
ការសម្រេចចិត្តដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ដោះស្រាយ ដោយភាពយោគយល់គ្នានេះ បានឱ្យឃើញយ៉ាងច្បាស់ពីការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ លោក ខូយ រីដា ដែលតែងតែនៅជិតស្និទ្ធ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យទទួលបានលទ្ធផល ឈ្នះ-ឈ្នះ ទាំងអស់គ្នា៕
Ti Amo (ពស)




















