មេធាវីក្រសួងបរិស្ថាន អញ្ជើញម្ចាស់គណនីហ្វេសប៊ុក MaChettra ចូលរួមសហការផ្តល់ព័ត៌មានករណីកាប់ឈើនៅព្រៃឡង់

30-07-2026 20:35

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈមេធាវីតំណាងដោយអាណត្តិស្របច្បាប់ បានចេញលិខិតអញ្ជើញលោក ម៉ា ចិត្រា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MaChettra ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មានព្រមទាំងភស្តុតាងពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនៅតំបន់ព្រៃឡង់។

យោងតាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយមេធាវី សុខ ដាវី និងមេធាវី ទ្រី បាក់លាង បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ា ចិត្រា បានធ្វើការផ្សព្វផ្សាយវីដេអូដោយលើកឡើងថា មានបុគ្គលមួយចំនួនបានធ្វើសកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ ស្ថិតនៅភូមិភ្ញាក់លឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ និងបានបញ្ជាក់ថា បុគ្គលទាំងនោះជាសាច់ញាតិរបស់មន្ត្រីបរិស្ថាន។

ក្រសួងបរិស្ថាន ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ជាករណីដែលត្រូវធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិត និងធានាថា ការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌។ អាស្រ័យហេតុនេះ ក្នុងនាមជាមេធាវីតំណាងឱ្យក្រសួងបរិស្ថាន បានអញ្ជើញលោក ម៉ា ចិត្រា ចូលរួមសហការ ផ្តល់ព័ត៌មាន និងភស្តុតាង ដើម្បីជាធាតុចូលក្នុងគោលបំណងស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។

ការអញ្ជើញនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងអនុវត្តច្បាប់បរិស្ថានឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍ណែនាំនៃការអនុវត្តយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន លើមុំសសរស្តម្ភទី២ «បៃតង» យុទ្ធសាស្ត្រការពារធនធានធម្មជាតិជំហានទី២ (២.១)។

ក្រុមមេធាវីសង្ឃឹមយ៉ាងមុតមាំថា លោក ម៉ា ចិត្រា នឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីរួមចំណែកដល់ការរកឃើញការពិត និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕