វិភាគអន្តរជាតិ៖ តើលោកស្រី អោងសាន ស៊ូជី ស្លាប់ហើយឬ?
30-07-2026 20:53
(ឡុងដ៍)៖ Taichito គឺជាសត្វឆ្កែមួយក្បាលដែលតែងតែទៅណាមកណាជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី។ ក៏ប៉ុន្តែសត្វឆ្កែមួយក្បាលនេះលែងបានឃើញមុខម្ចាស់របស់ខ្លួន បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលលោកស្រីកាលពី៥ឆ្នាំមុន។ កាលពីខែមិថុនា ឆ្នាំ២០២៦ Taichito បានស្លាប់នៅឯផ្ទះរបស់លោកស្រី ស៊ូជី ក្នុងទីក្រុង Yangon នៅអាយុ១៥ឆ្នាំ ខណៈទន្ទឹងរង់ចាំជួបមុខម្ចាស់ជាទីស្រឡាញ់ជាលើកចុងក្រោយ។ Taichito ជាអំណោយដែលលោក Kim Aris ជាកូនប្រុសរបស់លោកស្រី ស៊ូជី ជូនទៅកាន់ម្ដាយ នៅពេលលោកស្រីត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីឆ្នាំ២០១០។ «ខ្ញុំគិតថា Taichito ជាអំណោយដ៏អស្ចារ្យបំផុតដែលខ្ញុំបានជូនម្ដាយរបស់ខ្ញុំ ហើយវាពិតជាមានភាពស្មោះត្រង់បំផុតចំពោះគាត់»។ នេះជាការលើកឡើងរបស់លោក Aris ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។
តែបច្ចុប្បន្នអ្វីដែលជាក្ដីកង្វល់ធំបំផុតរបស់លោក Aris នោះគឺម្ដាយវ័យចំណាស់របស់លោកបានបាត់ដំណឹងសូន្យឈឹងមិនដឹងនៅទីណា ហើយមិនដឹងថានៅរស់ ឬក៏ស្លាប់? លោក Aris បានធ្វើដំណើរទៅកាន់បណ្ដាប្រទេសលោកខាងលិចធំៗជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជំរុញឱ្យមេដឹកនាំប្រទេសទាំងនោះដាក់សម្ពាធ ឬទាមទារឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបង្ហាញភស្តុតាងបញ្ជាក់ថាម្ដាយរបស់លោកពិតជានៅរស់រានមានជីវិតដូចដែលពួកគេបានអះអាង។ លោកស្រី ស៊ូជី មានអាយុ៨១ឆ្នាំទៅហើយនោះបានបង្ហាញខ្លួនជាផ្លូវការលើកចុងក្រោយបំផុតក្នុងសវនាការមួយកាលពីចុងឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក យោធាមីយ៉ាន់ម៉ាបានបដិសេធម្ដងហើយម្ដងទៀតសំណើពីមេធាវីរបស់លោកស្រី ស៊ូជី ដើម្បីចូលជួបលោកស្រី។
មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាមានគេឃើញលោកស្រី ស៊ូជី នៅក្នុងពន្ធនាគារ តែព័ត៌មាននេះមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ លោកស្រី ស៊ូជី គឺជាអ្នកទោសនយោបាយម្នាក់ស្ថិតក្នុងចំណោមអ្នកទោសនយោបាយល្បីៗនៅលើពិភពលោក។ លោកស្រីបានចំណាយជាច្រើនឆ្នាំដោយជាប់ឃុំខ្លួននៅក្នុងផ្ទះ ដោយសារតែការដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងរបបដឹកនាំយោធាមីយ៉ាន់ម៉ានៅចន្លោះពីទសវត្សរ៍ឆ្នាំ១៩៨០ ដល់ទសវត្សរ៍ឆ្នាំ២០១០ ហើយបានឈ្នះពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៩១។ បន្ទាប់ពីគណបក្សរបស់លោកស្រីឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កេរ្តិ៍ឈ្មោះរបស់លោកស្រីបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែលោកស្រីគាំទ្រយុទ្ធនាការរបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ រហូតដល់ឆ្នាំ២០២១ លោកស្រី ស៊ូជី និងគណបក្សរបស់លោកស្រីត្រូវបានយោធាធ្វើរដ្ឋប្រហារបណ្ដេញចេញពីអំណាច ហើយចាប់បញ្ជូនលោកស្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរបស់រូបលោកស្រីទៅកាន់ពន្ធនាគារ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលឥលូវប្ដូរមកស្លៀកឯកសណ្ឋានស៊ីវិល កាលពីខែមេសាកន្លងទៅបានអះអាងថាលោកស្រី ស៊ូជីត្រូវបានផ្ទេរចេញពីពន្ធនាគារ យកទៅដាក់ឃុំក្នុងផ្ទះមួយ ដែលមិនទាន់ត្រូវបានគេដឹងថានៅទីណានោះទេ ខណៈបដិសេធជានិច្ចដោយមិនអនុញ្ញាតឱ្យក្រុមមន្ត្រីការទូតចូលជួបលោកស្រីនោះទេ។ ប្រឈមមុខនឹងសម្ពាធពីក្រុមមន្ត្រីការទូតដែលចង់ដឹងពីស្ថានភាពរបស់លោកស្រី ស៊ូជី ក្រុមមន្ត្រីរបបមីយ៉ាន់ម៉ាគ្រាន់តែឆ្លើយយ៉ាងខ្លីថាលោកស្រីមានសុខភាពល្អ។ រូបថតមួយសន្លឹកដែលត្រូវបានបង្ហោះក្នុងពេលដែលលោកស្រី ស៊ូជី ត្រូវបានសន្មត់ថាត្រូវបានផ្ទេរទៅជាប់ឃុំក្នុងផ្ទះបានបង្ហាញថាលោកស្រីបានជជែកជាមួយប៉ូលិសម្នាក់ ហើយមន្ត្រីកងទ័ពម្នាក់ស្ថិតនៅក្នុងផ្ទះមួយដែលគេមិនដឹងថានៅទីណាឡើយ។
មិនមានភស្តុតាងណាមួយបញ្ជាក់បានថាតើរូបថតនោះគឺជារូបថតថ្មី ឬចាស់ទេ រីឯលោក Aris ក៏មានសង្ស័យចំពោះរូបថតនេះដែរ។ លោកបាននិយាយថាប្រសិនបើម្ដាយរបស់លោកពិតជាត្រូវបានឃុំខ្លួនក្នុងផ្ទះមែន នោះផ្ទះនៅក្នុងរូបថតមិនមែនជាផ្ទះរបស់លោកស្រីក្នុងទីក្រុង Yangon ឡើយ រីឯផ្ទះរបស់លោកស្រីក្នុងទីក្រុង Naypyidaw ក៏ត្រូវបានវាយកម្ទេចចោលរួចហើយដែរ។ លោក Min Aung Hlaing ដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារប្រឆាំងលោកស្រី ស៊ូជី បានប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា កាលពីខែមីនាកន្លងទៅ។ លោកត្រូវបានសាកសួរអំពីលោកស្រី ស៊ូជី ចំនួន២លើកកាលពីពេលថ្មីៗនេះ។ ក្នុងនោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសួរអំពីលោកស្រី ស៊ូជី ក្នុងជំនួបជាមួយលោក Min Aung Hlaing នៅទីក្រុងញូវដែលី កាលពីខែមិថុនា។ កាលពីខែឧសភាកន្លងទៅ លោកស្រី Julie Bishop ជាបេសកជនពិសេស UN ស្ដីពីមីយ៉ាន់ម៉ា បានស្នើសុំជួបលោកស្រី ស៊ូជី នៅពេលដែលលោកស្រីបានជួបអតីតឧត្តមសេនីយ៍រូបនេះ។ បើតាមប្រភពការទូតដែលបានដឹងពីកិច្ចសន្ទនាទាំងនោះ លោក Min Aung Hlaing តែងតែបង្ហាញការមិនសប្បាយចិត្តនៅពេលស្ដាប់ឮឈ្មោះលោកស្រី ស៊ូជី។
ការបញ្ចេញប្រតិកម្មរបស់លោក Min Aung Hlaing ត្រូវបានក្រុមមន្ត្រីការទូតខ្លះដែលបានដឹងពីកិច្ចសន្ទនា បង្ហាញការព្រួយបារម្ភថានេះប្រហែលមកពីលោកមិនអាចផ្ដល់ភស្តុតាងបញ្ជាក់ថាលោកស្រី ស៊ូជីនៅមានជីវិត ក៏ព្រោះតែលោកស្រីប្រហែលជាបានស្លាប់ ឬក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ «ការលាក់រឿងបែបនេះជាការណ៍សម្ងាត់មិនអាចទៅរួចទេ»។ នេះជាការលើកឡើងរបស់លោក Morgan Michaels ជាអ្នកជំនាញម្នាក់ស្ដីពីមីយ៉ាន់ម៉ា មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) ក្នុងទីក្រុងឡុងដ៍។ លោកបន្ថែមថាការស្អប់គូប្រជែងនយោបាយរបស់ខ្លួនយ៉ាងជ្រាលជ្រៅរបស់លោក Min Aung Hlaing ប្រហែលអាចជាការពន្យល់មួយយ៉ាងគ្រប់គ្រាន់ពីការដាក់ឱ្យលោកស្រី ស៊ូជី នៅឯកោពីពិភពលោក។ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអាស៊ានបានលើកឡើងយកសុខមាលភាពរបស់លោកស្រី ស៊ូជី ម្ដងហើយម្ដងទៀត ក្នុងជំនួបជាមួយក្រុមមន្ត្រីមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងនៅឯជំនួបមួយក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១២ ខែកក្កដានេះ។
គួរបញ្ជាក់ថា បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ហៅកាត់ថា AAPP លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោមអ្នកទោសនយោបាយ ១៤ ៥១៧នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារមីយ៉ាន់ម៉ា។ ក្នុងឆ្នាំ២០២៦នេះ AAPP បានអះអាងថាមានអ្នកទោសនយោបាយ ៦០នាក់បានស្លាប់ក្នុងពេលជាប់ឃុំក្នុងពន្ធនាគារ៕









