* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទៀនព្រះវស្សា និងទេយ្យវត្ថុ មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានថ្វាយ-ប្រគេន ចំពោះសម្តេចសង្ឃ-ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក (Video inside)

30-07-2026 23:10

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកថ្វាយ-ប្រគេនចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, ជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្ដ មុនីសុវណ្ណ ហៅវត្ដចំពុះក្អែក ព្រមទាំងព្រះសង្ឃ ២៤០អង្គ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ សម្តេចព្រះសង្ឃ-ព្រះសង្ឃជាសាវ័គ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

នាឱកាសនោះដែរក្រុមគ្រួសារសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា ពុទ្ធបរិស័ទទាំងអស់ បានវេរទៀនព្រះវស្សា ប្រេងព្រះវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងគ្រឿងបរិក្ខាជាច្រើនមុខ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និងប្រគេនចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ ប្រកបដោយសទ្ធាជ្រះថ្លាបំផុត។

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លានេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និងព្រះសង្ឃគ្រប់ព្រះអង្គ សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ត្រូវជាមាតាបិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត), ដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (ត្រូវជាមាតាបិតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ), កូនប្រុស ហ៊ុន កំសត់, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លើសពីនោះសូមមហាកុសលផលបុណ្យក្នុងថ្ងៃនេះដែរ សម្តេចព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ និងជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែងតរៀងទៅ។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សានេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនធំ ថ្វាយ និងវេរប្រគេនដល់ សម្ដេចព្រះសង្ឃ និងព្រះសង្ឃនៅតាមវត្តចំនួន៤១វត្តផ្សេងទៀត ដើម្បីជួយទ្រទ្រង់សុខុមាលភាពព្រះសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនាឱ្យគង់វង្ស យូរអង្វែងតទៅ៕