ក្រសួងបរិស្ថានបន្តតាមដានករណីអគ្គិភ័យនៅរោងចក្រស្ល និងកែច្នៃលោហៈ នៅខេត្តកំពង់ស្ពឺ និងរកឃើញការរំលោភបំពានច្បាប់បរិស្ថាន
31-07-2026 09:52
(កំពង់ស្ពឺ)៖ ក្រុមការងារក្រសួងបរិស្ថាន បានបន្តចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីអគ្គិភ័យដែលបានឆាបឆេះនៅទីតាំងស្ល និងកែច្នៃលោហៈ ក្រុមហ៊ុន XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ការចុះពិនិត្យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា ករណីឆេះនេះអាចបណ្តាលមកពីការទុកដាក់សំណល់ថ្មពិលប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កឱ្យមានការផ្ទុះឆេះ និងប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វរស់នៅក្បែរនោះ។
គិតត្រឹមយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ទីតាំងដែលឆេះនៅតែមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិលជាបន្តបន្ទាប់។
ក្រុមការងារបានរកឃើញថា ទីតាំងនេះស្ថិតនៅចម្ងាយត្រឹមតែ ៥០ម៉ែត្រ ពីលំនៅដ្ឋានប្រជាពលរដ្ឋ និង ១០ម៉ែត្រ ពីកសិដ្ឋានចិញ្ចឹមមាន់ដែលមានប្រមាណ ២ម៉ឺនក្បាល ដែលក្នុងនោះមាន់ជាង ២០០០ក្បាលបានងាប់។ ការវាស់គុណភាពខ្យល់ក៏បានបង្ហាញពីកម្រិតសារធាតុបំពុលខ្យល់ខ្ពស់ផងដែរ។
ជាបន្ទាន់ មន្ត្រីជំនាញបានដាក់ចេញវិធានការការពារសុខភាពសម្រាប់ប្រជាពលរដ្ឋ ដោយណែនាំឱ្យពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ ការពារប្រភពទឹក និងអាហារ ក៏ដូចជាតាមដានក្រុមមនុស្សងាយរងគ្រោះដូចជាកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម។
ក្រុមហ៊ុន XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ទើបតែចាប់ផ្តើមដំណើរការសាកល្បងបានរយៈពេលមួយខែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ បន្ទាប់ពីទទួលបានប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះត្រូវបានរកឃើញថា ពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងលិខិតអនុញ្ញាតប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិលឡើយ។ ការធ្វើអាជីវកម្មដោយគ្មានរបាយការណ៍ EIA និងលិខិតអនុញ្ញាត ព្រមទាំងបង្កផលប៉ះពាល់បរិស្ថាន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងមាត្រា ៦៦៨ មាត្រា ២៤៣ មាត្រា ២៧១ និងមាត្រា ២៧២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុនផ្លាស់ប្តូរទីតាំង ផាកពិន័យ និងផ្តល់សំណងចំពោះផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ ដើម្បីធានាបាននូវការអនុវត្តច្បាប់ និងការពារសុខុមាលភាពសាធារណៈ៕

















