ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ វិស័យឯកជនជាក្បាលម៉ាស៊ីនយ៉ាងចាំបាច់ ក្នុងការសម្រេចកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ
31-07-2026 14:36
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងថា វិស័យឯកជនជាក្បាលម៉ាស៊ីនយ៉ាងចាំបាច់ ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិទាំងមូល។
ការថ្លែងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងវេទិកាថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦
ក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច» រយៈពេល២ថ្ងៃ នៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងឲ្យដឹងថា សន្ទុះកំណើននៃសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ក្ដី ក្នុងបរិបទសកលក៏ដូចជាត្រូវប្រឈម ការគម្រាម និងរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥.៣ភាគរយក្នុងឆ្នាំ២០២៥កន្លងទៅ ដោយត្រូវបានគាំទ្រដោយកំណើនល្អក្នុងវិស័យកាត់ដេរ កម្មន្ដសាលមិនមែនកាត់ដេរ ព្រមទាំងវិស័យលក់ដុំលក់រាយ។
អគ្គបណ្ឌិតសភាចារ្យបានបន្ដថា យ៉ាងណាសម្រាប់ឆ្នាំ២០២៦ តាមការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច បានព្យាការណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងថមថយបន្ដិចបើធៀបនឹងឆ្នាំ២០២៥ ពោល គឺសម្រេចបានក្នុងអត្រា៤.១ភាគរយប៉ុណ្ណោះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «ការសម្រេចបានដ៏ប្រសើរនូវការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ទាំងពេលកន្លងទៅ និងពេលបច្ចុប្បន្ន ព្រមទាំងពេលអនាគត គឺមិនអាចកាត់ផ្ដាច់បានឡើយ ពីការរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានពីវិស័យឯកជន ដែលជាក្បាលម៉ាស៊ីដ៏ចាំបាច់នៃកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិទាំងមូល»។
ច្បាស់ណាស់ថា វិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យម បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូលជូនប្រជាជន ការកាត់បន្ថយភាពក្រីក្រ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ជាពិសេសបរិកានៃស្មារតីស្នេហាជាតិ និងចរនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង ដែលជួយជំរុញ និងលើកស្ទួយការឲ្យតម្លៃផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង។
សូមជម្រាបថា វេទិកាថ្នាក់ជាតិស្តីពី ហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាការផ្តួចផ្តើមលើកដំបូង ដោយមានគោលបំណងសំខាន់ៗ រួមមាន៖
១៖ ជាឱកាសបង្កើនការយល់ដឹង អំពីយន្តការគាំទ្រហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាធុរកិច្ចទាំងអស់ ទទួលបានព័ត៌មានច្បាស់លាស់អំពីជម្រើសគាំទ្រ, លក្ខខណ្ឌតម្រូវ និងនីតិវិធីស្នើសុំប្រកបដោយប្រសិទ្ធភាព។
២៖ ប្រមូលមតិយោបល់ និងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តកែលម្អយន្តការការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចំគោលដៅ។
៣៖ ពង្រឹងភាពជាដៃគូ និង សហថាមពលរវាងភាគីពាក់ព័ន្ធ ដើម្បីកំណត់យន្តការជាក់ស្តែង ក្នុងការបង្កើតប្រព័ន្ធ អេកូឡូស៊ីហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងចីរភាព។
វិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs), ជាកម្លាំងចលករដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតការងារ និងមុខរបរ, បង្កើនប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចរីភាព, បរិយាបន្ន និងភាពធន់។
ក្នុងគោលបំណងបង្កើន និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយជវភាព, ប៉ិនប្រសប់, និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្តោតជាពិសេសលើការពង្រឹងផ្នែកហិរញ្ញប្បទានសម្រាប់ធុរកិច្ច តាមរយៈការផ្តល់ឥណទាន, ការធានាឥណទាន, ការផ្តល់ជំនួយថវិកា និងការអភិវឌ្ឍជំនាញ ជាដើម ដើម្បីគាំទ្រធុរកិច្ចគ្រប់ដំណាក់កាលនៃវដ្តជីវិតអាជីវកម្ម៕





















