គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ប្រជុំណែនាំតម្រង់ទិស និងខ្លឹមសារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
31-07-2026 14:49
(សៀមរាប)៖ លោក គុជ លីណា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈគណៈចាត់តាំងគណបក្សខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិស និងខ្លឹមសារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ជូនដល់ប្រធាន អនុប្រធាន តំណាងក្រុមការងារគណប្សចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក គុជ លីណា បានគូសបញ្ជាក់យ៉ាងមុតមាំអំពីតួនាទី និងការទទួលខុសត្រូវ របស់សមាជិកបក្សគ្រប់រូប ក្នុងការបម្រើប្រជាជន ព្រមទាំងបានលើកឡើងពីរបៀបវារៈក្នុងការផ្សព្វផ្សាយទាំង០៧ចំណុច ដែល ជាមូលដ្ឋានគ្រឹះ ក្នុងការឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស ដែលតែងតែប្រកាន់ខ្ជាប់នូវជំហរដាច់ខាត ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងនោះដែរ គ្រប់ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំងអស់ ត្រូវចូលរួមយ៉ាងសកម្មក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនឲ្យមានប្រសិទ្ធភាព តម្លាភាព។
លោកបញ្ជាក់ថា ចំពោះក្រុមយុវជនបក្សនៅតាមមូលដ្ឋាន ជាកម្លាំងស្នូលដ៏រឹងមាំនេះ ក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។
លោកបន្ថែមថា ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និងធ្លាប់សម្រេចបាននូវស្នាដៃ សមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។
លោក គុជ លីណា ក៏បានជម្រុញដល់គ្រប់គណបក្សសង្កាត់ លើការគ្រប់គ្រងពង្រីកសមាជិកថ្មី និងត្រូវធ្វើបច្ចុប្បន្នភាពសមាជិករបស់ខ្លួនក្នុងមូលដ្ឋាន ព្រមទាំងបានជម្រុញឲ្យសមាជិកបក្សទាំងអស់ បន្តចុះមូលដ្ឋានជាប់ជាប្រចាំ ស្វែងយល់ពីទុក្ខលំបាករបស់ប្រជាជន និងផ្សព្វផ្សាយពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជូនជាតិ ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿជាក់ និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យនៅក្នុងអាណត្តិខាងមុខនេះ។
ជាមួយនេះដែរ លោក នួន ពុទ្ធារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាប បានលើកឡើងពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សក្រុងសៀមរាប។ ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយជំនួយស្មារតីស្តីពីក្រមសីលធម៌ សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនឲ្យមានប្រសិទ្ធភាព តម្លាភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕











