គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីផ្សព្វផ្សាយឯកសារជំនួយស្មារតី និងដាក់ចេញទិសដៅការងារបន្ត
31-07-2026 15:01
(សៀមរាប)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយឯកសារជំនួយស្មារតី និងដាក់ចេញទិសដៅការងារបន្ត ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សខេត្ត, លោក ម៉ក់ សំភារ សមាជិកគណៈកម្មាធិការនៃគណខេត្ត និងជាអនុប្រធានគណៈឃោសនាអប់រំខេត្ត, លោក ម៉ិត សុវណ្ណ អនុប្រធានគណៈឃោសនាអបរំខេត្ត, លោក លោកស្រី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិកបក្ស និងប្រធានគណៈឃោសនាអប់រំក្រុង ស្រុក ព្រមទាំងថ្នាក់ដឹកនាំគណបក្សមន្ទីរ អង្គភាពជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោក ម៉ិត សុវណ្ណ បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ នៃឯកសារជំនួយស្មារតីរបស់គណៈឃោសនាអប់រំថ្នាក់កណ្តាល ដោយគូសបញ្ជាក់ថា សភាពការណ៍ទូទៅក្នុងប្រទេសបន្តវិវត្តទៅមុខជាវិជ្ជមាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកក៏បានរំលេចនូវព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗ អំពីព្រះរាជសាររបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលបានកោតសរសើរ ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ លោកបន្តថា សកម្មភាពចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្ស ដើម្បីពង្រឹងគណនេយ្យភាព និងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនភៀសសឹកនៅ «ភូមិរង់ចាំ» ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបញ្ជាក់ថា លទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសវៀតណាម (ចូលរួមវេទិកាអនាគតអាស៊ាន), សហព័ន្ធរុស្ស៊ី (កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី) និងសាធារណរដ្ឋប្រជាមានិតចិន (សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក AI) ព្រមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់តេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
លោក ម៉ិត សុវណ្ណ បនថែមថា រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការតវ៉ាជំទាស់ជាផ្លូវការ ចំពោះការរំលោភបំពានជាឯកតោភាគីរបស់កងទ័ពថៃ នៅតាមបន្ទាត់ព្រំដែន ដោយប្រកាន់ខ្ជាប់នូវជំហរដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ (MOU 2000 និង TOR 2003)។ ការបន្តបង្ក្រាបបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងម៉ឺងម៉ាត់ផងដែរ។
លោក អ៊ាន ឃុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តភារកិច្ចនយោបាយកន្លងមក។ ក្នុងនោះដែរ គ្រប់អង្គភាពបក្ស ត្រូវបន្តក្តាប់ឱ្យជាប់នូវសភាពការណ៍សតិអារម្មណ៍របស់សមាជិកបក្ស និងមហាជនជាប្រចាំ ព្រមទាំងបន្តបំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្ស និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាពិសេស លើការសម្រេចចិត្តដោះស្រាយបញ្ហាព្រំដែន និងការរក្សាសន្តិភាពជាតិ។
លោកបានបន្តថា គណបក្សត្រូវប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «រក្សាចាស់ បង្កើនថ្មី» ដោយត្រូវចេះថែរក្សា និងឱ្យតម្លៃដល់មន្ត្រីចាស់ៗដែលមានគុណបំណាច់ និងបទពិសោធន៍យូរអង្វែង ក្នុងពេលដែលត្រូវបើកចិត្តទូលាយទទួលយក និងបណ្ដុះបណ្ដាលសមាជិកថ្មីៗដើម្បីពង្រឹងជួរមន្ត្រីបក្សឱ្យកាន់តែរឹងមាំ។ ហើយត្រូវមានការសហការគ្នាយ៉ាងស្អិតរមួតរវាងមន្ត្រីចាស់ និងមន្ត្រីវ័យក្មេង។ «ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន» ពោលគឺមន្ត្រីជំនាន់មុនមានបទពិសោធន៍ ក្នុងកិច្ចការនយោបាយយ៉ាងជ្រៅជ្រះ ចំណែកយុវជនមានសមត្ថភាពខ្ពស់លើបច្ចេកវិទ្យា ដែលការរួមបញ្ចូលគ្នានៃសក្តានុពលទាំងពីរនេះ នឹងធ្វើឱ្យការងារបក្សកាន់តែមានប្រសិទ្ធភាព និងដើរទាន់សភាពការណ៍សកល។
លោកបានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ខាងមុខ និងត្រូវចុះឱ្យជាប់ជាមួយមូលដ្ឋាន ផ្សព្វផ្សាយពីគោលនយោបាយបក្ស និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវជោគជ័យដ៏ត្រចះត្រចង់។
ជាមួយនេះ លោក អ៊ាន ឃុន ក៏បានជំរុញឱ្យបន្តរៀបចំវគ្គអប់រំនយោបាយជូនដល់មន្ត្រីបក្ស តាមលំដាប់ថ្នាក់ ហើយនេះជាកត្តាចាំបាច់ក្នុងការបង្កើនសមត្ថភាពដឹកនាំ និងការយល់ដឹងពីសភាពការណ៍នយោបាយថ្មីៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើង៕
























