សប្បុរសជននៅរាជធានីភ្នំពេញ ឧបត្ថម្ភតង់កៅស៊ូចំនួន២០ ជូនវីរកងទ័ពជួរមុខ ដើម្បីការពារសុខភាពពីភ្លៀងខ្យល់ ក្នុងរដូវវស្សា

31-07-2026 15:04

(ព្រះវិហារ)៖ ដើម្បីរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅជួរមុខ សប្បុរសជននៅរាជធានីភ្នំពេញ បានឧបត្ថម្ភតង់កៅស៊ូធំៗចំនួន២០តង់ សម្រាប់ប្រើប្រាស់ជាជម្រកការពារពីភ្លៀង ខ្យល់ និងសំណើម នៅក្នុងរដូវវស្សានេះ។

តង់កៅស៊ូទាំង២០តង់នេះ ត្រូវបានសប្បុរសជនទៅកុម្ម៉ង់ទិញដោយផ្ទាល់ពីកន្លែងលក់នៅរាជធានីភ្នំពេញ ដោយជ្រើសរើសប្រភេទតង់កៅស៊ូដែលមានគុណភាពល្អ ហើយបានរៀបចំដឹកជញ្ជូនផ្ញើមកតាមរថយន្តឈ្នួលដោយផ្ទាល់ ក្នុងគោលបំណងឱ្យអំណោយទាំងនេះបានទៅដល់ដៃវីរកងទ័ពយ៉ាងឆាប់រហ័ស និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។

សប្បុរសជនដែលបានចូលរួមឧបត្ថម្ភតង់កៅស៊ូទាំង២០រួមមាន៖

ទី១៖ លោក ហៀង ប៊ុនសេង និងលោកស្រី ស៊ុន ណារី ឧបត្ថម្ភចំនួន ៨តង់
ទី២៖ លោក តាន់ យឹមឃី និងលោកស្រី លី ស៊ូហ៊័ង ឧបត្ថម្ភចំនួន ៤តង់
ទី៣៖ លោកស្រី នូ ផល្លាមានិត ឧបត្ថម្ភចំនួន ៤តង់
ទី៤៖ លោក ហេង និងលោកស្រី ល័ក្ខ ឧបត្ថម្ភចំនួន ២តង់
ទី៥៖ លោក ព្រំ ឡុងខាន់ និងលោកស្រី គា ផល្លី ចំនួន ២តង់។

សកម្មភាពដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់សប្បុរសជនខ្មែរ ដែលតែងតែឈរនៅក្បែរវីរកងទ័ព និងរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិ និងប្រជាពលរដ្ឋយើង៕