* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ អេអាយ (AI) មិនចេះពីវប្បធម៌ទេ សូមកុំប្រើវាសរសេរសុន្ទរកថាច្រើនពេក

31-07-2026 15:38

(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិសភារដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា អេអាយ(AI) មិនចេះពីវប្បធម៌ទេ សូមកុំប្រើវាសរសេរសុន្ទរកថាច្រើនពេក។

លោកស្រីលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «យើងរួមគ្នាបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនលិច និងជំរុញការប្រើប្រាស់ App NoDrug» នៅសាលាមធ្យមវិចិត្យសិល្បៈ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ឡងឌី សាន់ណារ៉ា បានបន្ថែមថា គ្រាន់តែថាអេអាយវាជួយយើងផ្នែកណាខ្លះ ដែលយើងទាល់តម្រិះ ក៏ប៉ុន្តែយើងត្រូវចេះគិតដែរ នៅពេលដែលវាឆ្លើយមកប្រាប់យើង តើវាត្រូវដែរទេ។

លោកស្រី ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា «យើងកុំនិយាយលេងសើចច្រើន ព្រោះកាលណាយើងនិយាយលេងសើចច្រើន អេអាយចាប់យកទាំងអស់។ ពេលដែលចាប់យកទៅ គេវាយសួរអេអាយ រឿងដែលយើងលេងសើច ត្រូវគេប្រមូលទិន្នន័យពីយើងទាំងអស់គ្នា។ អញ្ចឹងហើយ បានជាយើងខិតខំផ្សព្វផ្សាយ (វប្បធម៌) ដើម្បីហេតុអ្វី? ដើម្បីឱ្យគេប្រមូលទិន្នន័យហ្នឹងជារឿងពិត។ កុំថាសម័យអេអាយនេះ សប្បាយចិត្ត ថាយើងខ្ជិលរៀន ខ្ជិលអី ចង់ធ្វើសុន្ទរកថាអី ចុចអេអាយ, អេអាយនឹងធ្វើឲ្យ»។

លោកស្រីបានបន្តថា «ថ្ងៃមុនខ្ញុំទាល់ច្រក! និយាយទៅ ខ្ញុំទាល់ច្រកដែរ នៅពេលគេឱ្យសំណួរមកលឿនពេក ហើយសំណួរទាមទារខ្លាំងពេកដែរ ខ្ញុំចុចសួរអេអាយក៏ប្រាប់មក ប៉ុន្តែក្នុងអេអាយប្រាប់មួយសន្លឹក ខ្ញុំយកបាន ៣បន្ទាត់។ ខ្ញុំអត់យកមកទាំងអស់ទេ។ អញ្ចឹងបានខ្ញុំចង់និយាយថា មិនមែនថា អេអាយត្រឹមត្រូវទាំងអស់ទេ គឺមានតែការរៀនចងចាំ ចេះច្បាស់របស់យើងទេ ដែលជាចំណេះដឹងជាទ្រព្យក្នុងខ្លួនយើង»។

សូមជម្រាបថា សិក្ខាសិលាមួយនេះមានគោលបំណង ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច ជំរុញការទាញយក និងប្រើប្រាស់កម្មវិធីទូរសព្ទដៃ App NoDrug និងពង្រឹងការយល់ដឹងដល់យុវជនដើម្បីក្លាយជាជនបង្គោលក្នុងសាលារៀន។

នៅថ្ងៃដដែល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីជំរុញ ប្រសិទ្ធភាពការងារ» ផងដែរ។ តាមរយៈសិក្ខាសាលានេះ ក្រសួងរំពឹងយ៉ាងមុតមាំថា មន្ត្រីរាជការនឹងអាចចាប់ផ្តើមទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីសម្រួលកិច្ចការរដ្ឋបាល គ្រប់គ្រងឯកសារ និងរួមចំណែកដល់ការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិឱ្យកាន់តែរឹងមាំក្នុងសម័យកាលឌីជីថល៕