កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្ដីដែលធ្វើសកម្មភាពបង្ខាំង និងគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន! (Video inside)

31-07-2026 19:23

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្ដីម្នាក់ ពាក់ព័ន្ធករណីអំពើហិង្សាក្នុងគ្រួសារ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះជាប្រពន្ធ តាមរយៈទូរស័ព្ទអន្តរាគមន៍បន្ទាន់ ១២៩១។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:០០ នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៩៦ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៀម ចន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលត្រូវជាប្ដីរបស់ជនរងគ្រោះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការបង្ខាំង និងគំរាមកំហែងសម្លាប់ប្រពន្ធរបស់ខ្លួន។ សកម្មភាពនេះបានបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ជនរងគ្រោះ ដែលជំរុញឱ្យនាងសម្រេចចិត្តប្ដឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ករណីនេះជាការរំលឹកដល់សាធារណជនអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងការលើកកម្ពស់សុវត្ថិភាពសង្គម ក៏ដូចជាការលើកទឹកចិត្តឱ្យជនរងគ្រោះហ៊ានប្ដឹងផ្ដល់ដើម្បីស្វែងរកយុត្តិធម៌៕