ក្រោមនយោបាយឈ្នះឈ្នះ! ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាង ២ទសវត្សរ៍ ឈានដល់ដំណោះស្រាយដោយសន្តិវិធី ក្រោមការសម្របសម្រួលរបស់ក្រសួងសាធារណការ និងក្រសួងរៀបចំដែនដី
31-07-2026 20:12
(ភ្នំពេញ)៖ បន្ទាប់ពីអូសបន្លាយពេលអស់រយៈពេលជាង ២០ឆ្នាំ (ចាប់តាំងពីឆ្នាំ២០០៤មក) បញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងដេប៉ូរថភ្លើងសំរោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងឈានទៅរកដំណោះស្រាយប្រកបដោយផ្លែផ្កា និងជោគជ័យ។
សមិទ្ធផលដ៏សំខាន់នេះ លេចចេញជារូបរាងឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំសម្របសម្រួលយ៉ាងសកម្មដោយផ្ទាល់ពីសំណាក់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល រួមជាមួយនិងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជារូបភាពជាក់ស្តែង និងគួរឱ្យសាទរ ប្រជាពលរដ្ឋអាស្រ័យផលជាង ១២០គ្រួសារ បានស្ម័គ្រចិត្តទទួលយកដំណោះស្រាយ (សំណង) ដោយបានផ្តិតមេដៃយល់ព្រម ចូលរួមបោះបង្គោលព្រំដី និងប្រគល់ទីតាំងដីតាមការឯកភាពគ្នាយ៉ាងរលូន។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលបានទទួលការដោះស្រាយ បានបង្ហាញការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តការងារដោយបើកចំហ មានការពិគ្រោះយោបល់ និងយកចិត្តទុកដាក់លើផលប្រយោជន៍របស់អ្នករងផលប៉ះពាល់។
ការចូលរួមដោយស្ម័គ្រចិត្តនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើការដោះស្រាយរបស់យន្តការរដ្ឋ និងបានបង្កើតនូវបរិយាកាសវិជ្ជមានជាទីបំផុត សម្រាប់ការបន្តដោះស្រាយជាមួយភាគីដែលនៅសេសសល់។
ការដោះស្រាយគោលនយោបាយនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយការថែរក្សាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ឈរលើស្មារតីនេះ ក្រុមការងារសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដែលមិនទាន់បានចូលរួម នឹងបន្តសហការ និងទទួលយកដំណោះស្រាយដោយស្ម័គ្រចិត្ត ដើម្បីឱ្យការដោះស្រាយនេះអាចបញ្ចប់ទៅដោយជោគជ័យ ព្រមទាំងជួយបង្កើតបាននូវស្ថិរភាព សាមគ្គីភាព និងផលប្រយោជន៍រួមសម្រាប់សហគមន៍ទាំងមូល។
តំណាងប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ សូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ជាពិសេសឧបនាយករដ្ឋមន្ត្រី សាយ សំអាល ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ដឹកនាំ និងសម្របសម្រួលការងារនេះដោយការអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងតម្កល់ផលប្រយោជន៍រួមជាធំសម្រាប់គ្រប់ភាគី។




































































