* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

វិភាគអន្តរជាតិ៖ តើចិនអាចដាក់សម្ពាធលើអ៉ីរ៉ង់ ឬ?

31-07-2026 22:43

(រីយ៉ាដ)៖ ខណៈសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងសាជាថ្មី ក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សបានងាកទៅរកចិន មិនមែនសហរដ្ឋអាមេរិកទៀតទេ ដើម្បីឱ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនបង្ខំ ឬបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ Hormuz និងសមុទ្រក្រហមដែលនេះកំពុងក្លាយជាការធ្វើតេស្ដមួយលើឥទ្ធិពលចិន និងថាតើចិនមានឆន្ទៈដល់កម្រិតណាក្នុងការបញ្ចុះបញ្ចូល ឬដាក់សម្ពាធអ៉ីរ៉ង់។ បើតាមមន្ត្រីអារ៉ាប់ ការជំរុញឱ្យក្រុមប្រទេសអារ៉ាប់ងាកទៅរកចិន គឺបណ្ដាលមកពីការខកចិត្តចំពោះសង្រ្គាមដែលបានផ្ទុះឡើងដោយសារតែការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈបានធ្វើឱ្យគូសត្រូវរបស់ពួកគេ គឺអ៉ីរ៉ង់រងការខាតបង់ក៏ពិតមែន តែពួកគេក៏មិនបានរួចខ្លួននោះដែរ ដ្បិតការនាំចេញប្រេងត្រូវរាំងស្ទះ ហើយបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីអ៉ីរ៉ង់។

មន្ត្រីក្នុងតំបន់មជ្ឈិមបូព៌ាចំនួន៣នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាក្នុងពេលដែលអ៉ីរ៉ង់ និងក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែនគំរាមបិទច្រកសមុទ្រ Bab el-Mandeb ជាផ្លូវទឹកដ៏សំខាន់នៅសមុទ្រក្រហម ចំពេលច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់រួចទៅហើយផងនោះ ក្រុមប្រទេសឈូងសមុទ្របាន និងកំពុងស្វះស្វែងរកជំនួយពីចិនដែលនេះបានបង្ហាញពីព្រំដែននៃអំណាចរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ និងបើកកិច្ចប្រជុំដោយផ្ទាល់ជាមួយសមភាគីរបស់លោកជាបន្តបន្ទាប់ដើម្បីស្វែងរកបទឈប់បាញ់ថ្មីមួយ រីឯបេសកជនពិសេសចិន លោក Zhai Jun ក៏បានបើកិច្ចប្រជុំជាមួយក្រុមមន្ត្រីអារ៉ាប់ រួមទាំងជាមួយក្រុមមន្ត្រីអ៉ីរ៉ង់ផងដែរ។ «ចិនតែងតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រប់ភាគីទាំងអស់ និងបានធ្វើការយ៉ាងជាប់លាប់ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា និងលើកកម្ពស់សន្តិភាព»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសចិន។

ក្នុងនាមជាអ្នកទិញប្រេងដ៏ធំពីបណ្ដាប្រទេសឈូងសមុទ្រ និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៉ីរ៉ង់ ចិនត្រូវបានក្រុមប្រទេសឈូងសមុទ្រមើលឃើញថាមានលទ្ធភាពប្រើឥទ្ធិពលលើអ៉ីរ៉ង់ឱ្យត្រឡប់ទៅរកតុចរចាវិញ។ ប៉ុន្តែពួកគេក៏ដឹងដែរថាសង្រ្គាមអ៉ីរ៉ង់ដែលបន្តអូសបន្លាយនឹងហុចប្រយោជន៍ឱ្យចិន ហើយសម្ពាធលើសហរដ្ឋអាមេរិកនឹងកើនឡើង។

* គោលនយោបាយមជ្ឈិមបូព៌ារបស់ចិន និងការប្រជែងភូមិសាស្ត្រនយោបាយ
ចិនបានបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគយ៉ាងជិតស្និទ្ធជាមួយរដ្ឋអារ៉ាប់ចំនួន៦ នៅក្នុងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស រួមមានបារ៉ែន កូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីមានកិច្ចប្រជុំកំពូលឈូងសមុទ្រ និងចិនក្នុងឆ្នាំ២០២២។ កិច្ចប្រជុំកំពូលថ្មីមួយត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងឆ្នាំ២០២៦នេះនៅទីក្រុងរីយ៉ាដ តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ ក៏ប៉ុន្តែ ទីក្រុងប៉េកាំងបានចៀសវាងការបង្ហាញការប្រឆាំងជំទាស់ ឬរិះគន់ជាសាធារណៈចំពោះការគំរាមកំហែងរបស់អ៉ីរ៉ង់លើកប៉ាល់ដឹកទំនិញ។ ការណ៍នេះបានបង្កឱ្យមានការសង្ស័យថាតើចិនមានឆន្ទៈកម្រិតណាដើម្បីការពារតំបន់ឈូងសមុទ្រ និងការនាំចេញរបស់តំបន់នេះ។ មន្ត្រីម្នាក់ក្នុងតំបន់ឈូងសមុទ្របានប្រាប់ Reuters​ ថាចិនកំពុងព្យាយាមចូលរួមបន្ថែម និងក៏កំពុងប្រឹងប្រែងជួយផងដែរ។ ប៉ុន្តែចិនមិនមានឥទ្ធិពលខ្លាំងដូចដែលគេគិតនោះទេ ហើយថាតើវាបណ្ដាលមកពីខ្វះឆន្ទៈ ឬខ្វះសមត្ថភាពកំពុងស្ថិតនៅក្រោមការជជែកដេញដោល? ទោះយ៉ាងណា អ្វីដែលហាក់ដូចជាកំពុងកើតឡើងនៅពេលសហរដ្ឋអាមេរិកជាប់ផុងក្នុងជម្លោះរ៉ុំារ៉ៃណាមួយ អ្វីដែលចិនត្រូវគិតមុនគេ នោះគឺប្រយោជន៍ភូមិសាស្ត្រនយោបាយ។

លោក Henry Tugendhat ជាអ្នកជំនាញម្នាក់ស្ដីពីចិនមកពីវិទ្យាស្ថាន Washington Institute បាននិយាយថាអាទិភាពចម្បងរបស់ចិន គឺថែរក្សាទំនាក់ទំនងនៅទូទាំងតំបន់ ជាជាងប្រថុយ ឬធ្វើឱ្យខូចដល់ប្រយោជន៍ការទូតតាមរយៈការបង្ហាញឱ្យគេឃើញថាចិនឈរនៅខាងភាគីណាមួយ។ ម្យ៉ាងវិញទៀត នៅពេលមានការចូលរួមដោយផ្ទាល់ពីសហរដ្ឋអាមេរិក ចិននឹងមិនមែនគិតគូត្រឹមតែទៅលើប្រទេសនីមួយៗក្នុងតំបន់ឈូងសមុទ្រប៉ុណ្ណោះទេ តែគឺផ្តោតលើតំបន់ទាំងមូល និងការប្រជែងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិកតែម្ដង។

* ម្នាក់ៗសម្លឹងឃើញប្រយោជន៍រៀងខ្លួន
ចិនធ្លាប់បានប្រើប្រាស់ទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅរបស់ខ្លួនដើម្បីជំរុញឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញកាលពីឆ្នាំ២០២២។ កាលពីសប្ដាហ៍មុន ប្រភពចំនួន៣ បានប្រាប់ Reuters ថាចិនកំពុងជំរុញប៉ាគីស្ថានសម្របសម្រួលឱ្យទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បើកកិច្ចចរចាសន្តិភាពឡើងវិញ។ ក្រសួងការបរទេសចិនបាននិយាយថាចិននឹងបន្តដើរតួនាទីយ៉ាងសកម្មនៅក្នុងការស្ដារសន្តិភាព និងភាពសុខសាន្តក្នុងតំបន់មជ្ឈិមបូព៌ាឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ Reuters​ ក៏បានរាយការណ៍ដែរថាចិនបានបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ូទីដើម្បីបើកផ្លូវឱ្យកប៉ាល់របស់ចិនអាចធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហមដោយសុវត្ថិភាព បន្ទាប់ពីចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះបានគំរាមអនុវត្តការបិទខ្ទប់សមុទ្រក្រហមប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។

តែខាងប៉េកាំងមិនបានធ្វើអត្ថាធិប្បាយអ្វីទេចំពោះសេចក្ដីរាយការណ៍នេះ។ លោកស្រី Anna Borshchevskaya មកពីវិទ្យាស្ថាន Washington Institute បានកត់សម្គាល់ថាវាប្រហែលជាអាចមានកិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលបានការពារកប៉ាល់ចិនពីការវាយប្រហារ ហើយនេះជាលទ្ធផលជាក់ស្ដែងនៃកិច្ចប្រឹងប្រែងការទូតរបស់ចិនមកទល់នឹងពេលនេះ។ តែក្រៅពីនេះ វាពិបាកក្នុងការកំណត់ណាស់ថាតើចិនមានសមត្ថភាព ឬក៏ឆន្ទៈដើម្បីសម្រេចអ្វីមួយផ្សេងដែរឬក៏យ៉ាងណា»? លោកស្រីបន្ថែមថាសង្រ្គាមអ៉ីរ៉ង់បានអនុញ្ញាតឱ្យចិនការពារផលប្រយោជន៍របស់ខ្លួន ខណៈមេដឹកនាំសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងរងសម្ពាធពីប្រជាជនខ្លួនឯងដោយសារតែការឡើងថ្លៃតម្លៃថាមពល។

ចិនទទួលបានផលប្រយោជន៍យ៉ាងសម្បើមពីការទិញប្រេងដែលអ៉ីរ៉ង់លក់បញ្ចុះតម្លៃឱ្យ ក្នុងបរិបទដែលអ៉ីរ៉ង់ជាប់ទណ្ឌកម្មអាមេរិក។ ជាច្រើនឆ្នាំមកនេះ ចិនបានបង្កើនការគាំទ្រដល់សន្តិសុខអ៉ីរ៉ង់ តាមរយៈការផ្គត់ផ្គង់ទំនិញដែលប្រើបានទាំងស៊ីវិល និងយោធា បរិក្ខារឈីប និងប្រព័ន្ធផ្កាយរណប។ តែមិនបានផ្ដល់ជំនួយយោធាដោយបើកចំហឱ្យអ៉ីរ៉ង់ឡើយចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ចិនចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងមក បានបដិសេធម្ដងហើយម្ដងទៀតចំពោះសេចក្ដីរាយការណ៍ដែលថាខ្លួនបានផ្ដល់បរិក្ខារឈីប ព័ត៌មានស៊ើបការណ៍សម្ងាត់ ឬប្រព័ន្ធអាវុធទៅឱ្យអ៉ីរ៉ង់ ជាមួយការបញ្ជាក់ថាគោលជំហររបស់ប៉េកាំងគឺស្មោះត្រង់ បើកចំហ ហើយមិនចាក់សាំងលើភ្លើងកំពុងឆេះនោះទេ។ តាមក្រុមអ្នកវិភាគ ការឆ្លើយតបរបស់ចិនចំពោះវិបត្តិបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រយូរអង្វែងមកហើយ នោះគឺចៀសវាងការភ្ជាប់ខ្លួនឯងទៅនឹងការប្ដេជ្ញាចិត្តការពារសន្តិសុខឱ្យប្រទេស ឬតំបន់ណាមួយដែលមិនមែនជាផលប្រយោជន៍ស្នូររបស់ចិនក្នុងតំបន់អាស៊ីខាងកើត។

ផ្ទុយពីសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធភាពឈរលើមូលដ្ឋានប្ដេជ្ញាចិត្ត និងកាតព្វកិច្ចការពារគ្នាទៅវិញទៅមក ចិនចូលចិត្តកសាងភាពជាដៃគូជាមួយប្រទេសដទៃឈរលើមូលដ្ឋានពាណិជ្ជកម្ម វិនិយោគ និងការលក់អាវុធ ហើយការចូលរួមក្នុងសកម្មភាពយោធាអាចធ្វើទៅកើតកំណត់តែក្នុងតំបន់ជាប់របងផ្ទះចិន។ ផ្ទុយពីសហរដ្ឋអាមេរិកផងដែរ ចិនមិនមានការប្ដេជ្ញាចិត្តការពារសន្តិសុខក្នុងតំបន់ឈូងសមុទ្រនោះទេ ហើយក៏មិនមានកាតព្វកិច្ចយោធាត្រូវការពារដែនទឹកក្នុងតំបន់ និងក៏ចាប់អារម្មណ៍ទៅពាក់ព័ន្ធនឹងជម្លោះនោះដែរ។ ចិនធ្លាប់បានបញ្ជាក់ថាខ្លួនមិនបានត្រៀមលក្ខណៈដើម្បីប្រើកម្លាំងយោធា បើកច្រកសមុទ្រ Hormuz ទេ ហើយសង្ឃឹមថាប្រទេសផ្សេងទៀតក៏នឹងមិនធ្វើដូច្នេះនោះដែរ។ ជំនួសមកវិញ ចិនបានអំពាវនាវឱ្យមានការដោះស្រាយបញ្ហាតាមផ្លូវការទូត និងកិច្ចសន្ទនា ក៏ដូចជាធានាឱ្យបានថាការធ្វើនាវាចររបស់កប៉ាល់ដឹកទំនិញតាមផ្លូវទឹកអន្តរជាតិប្រព្រឹត្តទៅដោយសុវត្ថិភាព និងដោយសេរី៕