សាលាបឋមសិក្សាសន្ធរម៉ុក រៀបចំពិព័រណ៍ស្នាដៃសិស្សកម្រិតមតេយ្យ និងបឋមសិក្សាចំនួន ៥៧គម្រោង ដើម្បីបង្ហាញទេពកោសល្យ និងការច្នៃប្រឌិត (Video inside)
01-08-2026 13:17
(ភ្នំពេញ)៖ សាលាបឋមសិក្សាសន្ធរម៉ុក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្សកម្រិតមតេយ្យ និងបឋមលើកទី១ របស់ខ្លួន ដោយបានដាក់តាំងបង្ហាញគម្រោងចំនួន ៥៧ ដើម្បីបង្ហាញពីទេពកោសល្យ និងសមត្ថភាពច្នៃប្រឌិតដ៏សម្បូរបែបរបស់សិស្សានុសិស្ស។
សម្រាប់ពិព័រណ៍ស្នាដៃសិស្សលើកទី១ ឆ្នាំ២០២៦នេះ បានធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍ បង្កើតថ្មី និងការរីកចម្រើន»។ ពិធីនេះធ្វើឡើងក្រោមការជួយគាំទ្របច្ចេកទេស និងរៀបចំដោយមជ្ឈមណ្ឌលសិក្សាឌីជីថល។ ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជន។
គោលបំណងសំខាន់នៃការតាំងពិព័រណ៍នេះ គឺដើម្បីលើកកម្ពស់ការគិតប្រកបដោយភាពច្នៃប្រឌិត ការដោះស្រាយបញ្ហា និងការសហការគ្នារបស់សិស្សតាំងពីវ័យក្មេង។ គម្រោងទាំង ៥៧នេះ បានឆ្លុះបញ្ចាំងពីមុខវិជ្ជា និងជំនាញជាច្រើន រួមមាន៖ ស្ទែម សិល្បៈ គំនូរ ហត្ថកម្ម ការងារអាជីវកម្ម ការច្នៃប្រឌិតពីសម្ភារៈកែច្នៃ ការបង្ហាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។
តាមរយៈការបង្ហាញស្នាដៃផ្ទាល់ សិស្សានុសិស្សមានឱកាសពន្យល់ពីគំនិត និងដំណើរការនៃការបង្កើតគម្រោងរបស់ពួកគេ ដែលជួយពង្រឹងទំនុកចិត្ត និងជំនាញទំនាក់ទំនង។ ពិធីនេះក៏ជាវេទិកាមួយដ៏សំខាន់សម្រាប់មាតាបិតា និងអ្នកអាណាព្យាបាលក្នុងការស្វែងយល់កាន់តែច្បាស់អំពីវឌ្ឍនភាពសិក្សា និងទេពកោសល្យលាក់កំបាំងរបស់កូនៗ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងសាលា និងសហគមន៍។
បើតាមលោកស្រី រិន វណ្ណា អនុប្រធានការិយាអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌទួកគោក បានបង្ហាញការសប្បាយរីករាយចំពោះសាលាបឋមសិក្សាសន្ធរម៉ុក ដែលរៀបចំព្រឹត្តិការណ៍តាំងពិរព័ណ៍ស្នាដៃសិស្សលើកទី១នេះ ដែលប្រមូលនូវស្នាដៃជាច្រើនរបស់កូនសិស្សមកបង្ហាញជូនសាធារណជន ខណៈស្នាដៃទាំងនេះ មានទាំងបច្ចេកវិទ្យា សិល្បៈ និងស្នាដៃច្នៃប្រឌិតជាច្រើនទៀត។
មន្ត្រីអប់រំរូបនេះ បានវាយតម្លៃថា តាមរយៈព្រឹត្តិការណ៍នេះផ្តល់ឱកាសដល់សិស្សានុសិស្សតូចៗអាចបញ្ចេញស្នាដៃ និងទេបកោសល្យពីកំណើតរៀងៗខ្លួន ដើម្បីជាស្ពានសម្រាប់កំណត់គោលដៅជីវិតនៅថ្ងៃអនាគត។
ចំណែកអ្នកគ្រូ លឹម វាន់ធឿន នាយិកាសាលាបឋមសិក្សាសន្ធរម៉ុក បានឱ្យដឹងថា ការរៀបចំពិព័រណ៍ស្នាដៃសិស្សលើកទី១នេះ គឺជាលើកកម្ពស់ការសិក្សាតាមបែបអនុវត្តជាក់ស្តែង និងរុញសិស្សឱ្យអភិវឌ្ឍជំនាញសតវត្សទី២១ រួមមានការគិតបែបរិះគន់ ការច្នៃប្រឌិត ការសហការ និងទំនាក់ទំនង។
អ្នកគ្រូ លឹម វាន់ធឿន បានបន្តថា ចំពិព័រណ៍ស្នាដៃសិស្សលើកទី១នេះ មានស្នាដៃរបស់កូនសិស្សជាច្រើនត្រូវយកតាំងបង្ហាញរួមមាន៖ ស្ទែម, សិល្បៈ គំនូរ និងហត្ថកម្ម, ការងារអាជីវកម្ម និងសហគ្រិន, ការច្នៃបប្រឌិតពីសម្ភារៈកែច្នៃ, ការបង្ហាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។
អ្នកគ្រូ លឹម វាន់ធឿន បានប្តេជ្ញាបន្តគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សក្តានុពលរបស់សិស្សគ្រប់រូប តាមរយៈកម្មវិធីសិក្សាប្រកបដោយគុណភាព និងសកម្មភាពក្រៅម៉ោងសិក្សាដែលមានប្រយោជន៍ ដើម្បីធានាថាពួកគេក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពពេញលេញនាពេលអនាគត៕































