អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបិទចរាចរ នៅតាមទីតាំងមួយចំនួន នៅរមណីយដ្ឋានអង្គរ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ នៅថ្ងៃស្អែក
01-08-2026 14:22
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរនៅតាមទីតាំងមួយចំនួន នៅរមណីយដ្ឋានអង្គរ ក្នុងទិវារត់ប្រណាំង ម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងសហការ រៀបចំទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពអង្គរលើកទី១១ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ។
ទិវានេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងប្រមាណ ៦,០០០នាក់។
ក្នុងន័យដើម្បីធានាការរៀបចំពិធីខាងលើប្រព្រឹត្តទៅដោយរលូន អាជ្ញាធរជាតិអប្សរានឹងបិទចរាចរ តាមទីតាំងមួយចំនួនដូចខាងក្រោម៖
* បិទការធ្វើចរាចរ និងចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរ តាមច្រកខាងលិចប្រាសាទអង្គរវត្ត ចាប់ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១៖០០ថ្ងៃ។ ភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះបានជាធម្មតា នៅតាមច្រកខាងកើតប្រាសាទអង្គរវត្ត
* បិទការធ្វើចរាចរតាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត ឆ្លងកាត់ ខ្លោងទ្វារទន្លេអុំ រហូតដល់ចំណុចខ្លោងទ្វារដីឆ្នាំងចាប់ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១៖០០ថ្ងៃ
* ចំពោះតម្រាយផ្លូវរត់ផ្សេងទៀត នឹងត្រូវបិទចរាចរនៅពេលអត្តពលិកជាតិ និងអន្តរជាតិរត់ឆ្លងកាត់ ជាក់ស្តែង ដូចមានក្នុងផែនទីជូនភ្ជាប់៕






