ពិធីបិទវគ្គបំប៉នបេក្ខជនត្រៀមប្រឡងបាក់ឌុប និងប្រគល់បណ្ណសរសើរដល់សិស្សឆ្នើម ក្នុងស្រុកមោងឫស្សី
01-08-2026 15:00
(បាត់ដំបង)៖ ព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អេង សុគន្ធា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមោងឫស្សី និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋានស្រុកមោងឫស្សី តំណាងលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមោងឫស្សី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គបំប៉នបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់វិទ្យាល័យទាំងពីរក្នុងស្រុកមោងឫស្សី។
ពិធីនេះក៏មានការប្រគល់បណ្ណសរសើរជូនដល់សិស្សានុសិស្សចំនួន ២៣៥នាក់ ក្នុងនោះមានសិស្សស្រី ២៧៨នាក់ ដែលបានទទួលចំណាត់ថ្នាក់ល្អ (លេខ១ ដល់ លេខ៥) ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។ វគ្គបំប៉ននេះមានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងរបស់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។
លោកបណ្ឌិត អេង សុគន្ធា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល និងបំប៉នចំណេះដឹងដល់ក្មួយៗសិស្សានុសិស្ស។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រឱ្យកាន់តែខ្លាំងក្លា ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ការរៀបចំវគ្គបំប៉ន និងការផ្តល់រង្វាន់លើកទឹកចិត្តនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចុះមូលដ្ឋានស្រុកមោងឫស្សី ក្នុងការលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងសមត្ថភាពខ្ពស់៕













