ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ទទួលសកម្មជនគណបក្សភ្លើងទៀន ២៩រូប ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅកំពង់ស្ពឺ
01-08-2026 15:02
(ខេត្តកំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារចុះទទួលសកម្មជន និងភ្នាក់ងារសង្កេតការណ៍គាំទ្រគណបក្សភ្លើងទៀនចំនួន ២៩រូប ក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។ ការទទួលស្វាគមន៍នេះ បានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន។
សកម្មជន និងភ្នាក់ងារសង្កេតការណ៍ទាំង ២៩រូប បានសម្រេចចិត្តដោយស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំឡើយ។ ពួកគាត់បានបង្ហាញពីការលែងជឿជាក់លើ ក្រុមទណ្ឌិតដែលរត់ចោលស្រុក និងមានបំណងចង់បំបែកបំបាក់សាមគ្គីភាពជាតិ និងបំផ្លាញសុខសន្តិភាព។ ហេតុនេះហើយ ទើបពួកគាត់សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយអាចរស់នៅជាមួយគ្នាបាន។ ការចូលរួមរបស់សកម្មជនទាំងនេះ គឺជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងស្រឡាញ់ពីប្រជាពលរដ្ឋ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្ស។
លោក ទី ប៊ុនថេង ក៏បានរំលេចពីប្រវត្តិដ៏យូរលង់របស់គណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៍សមិទ្ធផលជាច្រើន រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងរក្សាបានសុខសន្តិភាព រហូតដល់បច្ចុប្បន្ន។
លោកបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ឱ្យយល់ច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្ស ដូចមានចែងក្នុងបាវចនា «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម» ដែលជាស្នូលសម្រាប់ដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រជាជន។ ភាពរឹងមាំ និងការជឿជាក់ពីប្រជាជននេះហើយ ដែលធ្វើឱ្យចំនួនសមាជិកគណបក្សកើនឡើងជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ៕








