ធនាគារជាតិនៃកម្ពុជា ប្រកាសបន្តទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ដោយមិនគិតកម្រៃសេវាអ្វីទាំងអស់

01-08-2026 15:22

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសបន្តទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជនដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជា ក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងការខូចខាតលើក្រដាសប្រាក់រៀល ដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ។

ជាក់ស្តែងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ បានចូលរួមសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការប្តូរក្រដាសប្រាក់រៀល ដែលត្រូវកណ្តៀរកោរកណ្តុរកាត់ ដោយប្តូរជូនក្រដាសប្រាក់រៀលថ្មី មិនគិតកម្រៃសេវាអ្វីទាំងអស់ ជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%៕