រថយន្ត បុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល
01-08-2026 15:40
(ក្រចេះ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតមួយបានកើតឡើង កាលពីវេលាម៉ោង ២១៖៤០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ហេតុការណ៍នេះបានកើតឡើងរវាងរថយន្តមួយគ្រឿង និងគោយន្តកន្ត្រៃ ដែលកំពុងធ្វើដំណើរស្របទិសគ្នា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តម៉ាកកាមរី ពណ៌មាស ពាក់ស្លាកលេខ ភព២-២០៤៣ បានបុកគោយន្តកន្ត្រៃពីក្រោយយ៉ាងពេញទំហឹង។ រថយន្តបង្កនេះ បើកបរដោយឈ្មោះ ឈាន ភក្ក្រា ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបានរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅក្នុងរថយន្តនោះ ក៏មានអ្នករួមដំណើរចំនួនពីរនាក់ទៀតផងដែរ។ ជាអកុសល ម្នាក់ក្នុងចំណោមពួកគេ គឺឈ្មោះ កៀន ឡៃ ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
ចំណែកអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ឃ្នី ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ បានរងរបួសស្រាល។ ក្រោយកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃបានបើកគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន អ្នករងរបួសទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំណែកសពអ្នកបាត់បង់ជីវិត ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាង រថយន្តកាមរីដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយ ដើម្បីរង់ចាំការដោះស្រាយបន្តតាមនីតិវិធីច្បាប់៕






