លោក លន់ សុផាត ដឹកនាំក្រុមការងារប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ដចំនួន៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម
01-08-2026 16:09
(កំពង់ចាម)៖ លោក លន់ សុផាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះមូលដ្ឋាន នាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្ដអារាមចំនួន៦ ក្នុងស្រុកបាធាយ។
នាឱកាសដ៏មានសទ្ធាជ្រះថ្លា លោក លន់ សុផាត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។
លោក លន់ សុផាត បាននាំយកនូវទេយ្យវត្ថុមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៦វត្ដ រួមមាន៖ ទៀនព្រះវស្សា ៥គូ, ត្រីងៀត ៥កេស, ទឹកសុទ្ធ ៥កេស, មី ៥កេស, ត្រីខ ៥យួរ, អង្ករ ៥បេ, ទឹកត្រី ៥យួរ, ផ្អក ៥ធុង និងបច្ច័យមួយវត្ត៥០ម៉ឺនរៀល។
សូមជម្រាបថា ក្នុងឱកាសចូលព្រះវស្សា ដែលតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងធ្លាក់ជោគជាំ ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ៕
























