Fresh Exclusive: Black Hole៖ តើវាជាប្រហោងខ្មៅលេបសកលលោក ឬគ្រាន់តែជាវត្ថុអវកាសមួយ ដែលមនុស្សជាច្រើនតែងយល់ខុសអំពីវា? (Video inside)

01-08-2026 17:09

(ភ្នំពេញ)៖ Black Hole គឺជាវត្ថុអវកាសមួយ ដែលមនុស្សជាច្រើនធ្លាប់ឮតែឈ្មោះ។ វត្ថុអវកាសនេះតែងតែបង្កើតការចង់ដឹង និងការយល់ច្រឡំ ក្នុងចំណោមមនុស្សជាច្រើន។ អ្នកខ្លះជឿថា វាជាប្រហោងខ្មៅដែលអាចលេបអ្វីៗគ្រប់យ៉ាង ខណៈអ្នកខ្លះទៀតចាត់ទុកវាជាវត្ថុអាថ៌កំបាំង។ ប៉ុន្តែតាមពិត តើ Black Hole ជាអ្វី បើតាមការពន្យល់របស់វិទ្យាសាស្ត្រ?

Fresh Exclusive/ Cosmo មានអត្ថបទស្រាវជ្រាវនេះ៖

បើខ្ញុំប្រាប់ថា មានវត្ថុមួយនៅក្នុងសកលលោក ដែលមានកម្លាំងទំនាញខ្លាំងរហូតដល់សូម្បីតែពន្លឺក៏មិនអាចរត់គេចបាន តើអ្នកជឿទេ?

មនុស្សជាច្រើនហៅវាថា Black Hole ឬ «ប្រហោងខ្មៅ»។ ប៉ុន្តែនៅលើបណ្ដាញសង្គម និងក្នុងខ្សែភាពយន្ត វាតែងតែត្រូវបានពណ៌នាថា ជាប្រហោងអាថ៌កំបាំងដែលលេបភព ផ្កាយ ឬសូម្បីតែសកលលោកទាំងមូល។ អ្នកខ្លះថែមទាំងជឿថា វាជាច្រកចូលទៅកាន់ពិភពផ្សេង ឬអាចបញ្ជូនមនុស្សឆ្លងកាត់ពេលវេលាបាន។

នៅកម្ពុជា ក៏ធ្លាប់មានការយករឿង Black Hole ទៅភ្ជាប់ជាមួយអបិយជំនឿ និងការបកស្រាយដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រផងដែរ។

ប៉ុន្តែ តើ Black Hole ពិតជាប្រហោង ឬឆ្អឹងខ្នងរបស់អទិទេពណាមួយដែលអាចលេបអ្វីៗគ្រប់យ៉ាងមែនដែរឬទេ? តើវាអាចជាច្រកឆ្លងពេលវេលា ដូចក្នុងខ្សែភាពយន្តបញ្ចាំងនៅក្នុងរោង? ហើយតើមានចំណុចណាខ្លះ ជាការពិត និងចំណុចណាខ្លះគ្រាន់តែជាការប្រឌិត?

កម្មវិធី Fresh Exclusive / Cosmo ក្នុងសប្តាហ៍នេះ នឹងបំបែកការពិត ចេញពីការយល់ច្រឡំ ដោយពន្យល់តាមបែបវិទ្យាសាស្ត្រថា Black Hole ជាអ្វី? វាកើតឡើងដោយរបៀបណា? ហេតុអ្វីពន្លឺមិនអាចគេចចេញពីវាបាន និងថា តើវាពិតជាអាចស្រូបអ្វីៗទាំងអស់នៅក្នុងសកលលោកដូចការស្រមៃរបស់មនុស្សមែន ឬយ៉ាងណា?

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក្នុងរយៈពេលជាងមួយសតវត្សរ៍ បានបង្ហាញថា Black Hole មិនមែនជាប្រហោងអាថ៌កំបាំង ឬជាវត្ថុអបិយជំនឿ ដូចការបកស្រាយមួយចំនួនឡើយ។ វាជាវត្ថុអវកាសពិតប្រាកដ ដែលកើតឡើង នៅពេលម៉ាសដ៏ធំ ត្រូវបានបង្រួមចូលទៅក្នុងលំហតូចបំផុត បង្កើតឱ្យមានកម្លាំងទំនាញខ្លាំងមិនធម្មតា។ អត្ថិភាពរបស់វាត្រូវបានព្យាករតាមរយៈទ្រឹស្តីទំនាក់ទំនងទូទៅរបស់ អាល់បឺត អាញស្តាញ ហើយក្រោយមកត្រូវបានគាំទ្រដោយការសង្កេតចលនារបស់ផ្កាយ រលកទំនាញ និងរូបភាពនៃស្រមោល Black Hole។

ដូច្នេះ សំណួរធំមិនមែនថា «តើ Black Hole មានពិតឬមិនមាន?» នោះទេ ពីព្រោះវិទ្យាសាស្ត្របានបញ្ជាក់ថា វាពិតជាមានមែន។ ហើយសំណួរដែលសំខាន់ជាងនេះគឺ៖ «តើ Black Hole ជាអ្វីពិតប្រាកដ? តើវាមានឥទ្ធិពលយ៉ាងណាលើវត្ថុជុំវិញវា? ហើយហេតុអ្វី បានជាវានៅតែជាប្រភពនៃការភ័យខ្លាច ការស្រមើស្រមៃ និងការយល់ច្រឡំរបស់មនុស្សជាច្រើន?»

*ហេតុអ្វី Black Hole មិនមែនជាប្រហោង?
ថ្វីបើឈ្មោះរបស់វា មានពាក្យ «Hole» ដែលមានន័យថា «ប្រហោង» ក៏ដោយ Black Hole មិនមែនជារន្ធ ឬប្រហោងនៅក្នុងលំហអាកាសឡើយ។ វាជាវត្ថុអវកាស ដែលមានម៉ាសដ៏ធំសម្បើម ប៉ុន្តែត្រូវបានបង្រួមចូលក្នុងលំហតូចបំផុត រហូតបង្កើតកម្លាំងទំនាញខ្លាំងមិនធម្មតា។
នៅជុំវិញ Black Hole មានព្រំដែនមួយ ដែលអ្នកវិទ្យាសាស្ត្រហៅថា Event Horizon ឬ «ព្រំដែននៃការមិនអាចត្រឡប់វិញ» មានន័យថា នៅពេលពន្លឺ ឬវត្ថុណាមួយឆ្លងកាត់ព្រំដែននេះ វាមិនអាចរត់គេចចេញពីកម្លាំងទំនាញរបស់ Black Hole បានឡើយ។
ដោយសារពន្លឺ មិនអាចចេញមកដល់ភ្នែកអ្នកសង្កេតបាន Black Hole ក៏មើលទៅដូចជាវត្ថុងងឹតទាំងស្រុង។ ដូច្នេះ វាមិនខ្មៅដោយសារវាមានពណ៌ខ្មៅនោះទេ ប៉ុន្តែខ្មៅព្រោះវាមិនអនុញ្ញាតឱ្យពន្លឺណាមួយរត់គេចចេញពីព្រំដែនរបស់វាបានឡើយ។

*តើ Black Hole កើតឡើងដោយរបៀបណា?
Black Hole មិនមែនកើតមាន តាំងពីដើមកំណើតនៃសកលលោកនោះទេ។ ភាគច្រើន វាជាលទ្ធផលនៃការវិវត្ត និងការបញ្ចប់ជីវិតរបស់ផ្កាយដែលមានម៉ាសធំខ្លាំង។

ក្នុងអំឡុងពេលរស់នៅ ផ្កាយផលិតថាមពលតាមរយៈប្រតិកម្មនុយក្លេអ៊ែរនៅក្នុងស្នូល។ ថាមពលដែលបង្កើតឡើងនេះ បង្កើតសម្ពាធរុញចេញទៅខាងក្រៅ ខណៈកម្លាំងទំនាញរបស់ផ្កាយ ទាញសារធាតុចូលមកខាងក្នុង។ កម្លាំងទាំងពីរនេះមានតុល្យភាពគ្នា ដែលអនុញ្ញាតឱ្យផ្កាយរក្សាស្ថិរភាពរបស់ខ្លួនបានអស់រយៈពេលរាប់លាន ឬរាប់ពាន់លានឆ្នាំ អាស្រ័យលើម៉ាសរបស់វា។

ប៉ុន្តែ នៅពេលឥន្ធនៈនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់អស់ ស្នូលផ្កាយលែងអាចផលិតថាមពលគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងកម្លាំងទំនាញរបស់ខ្លួនបានទៀតឡើយ។ ជាលទ្ធផល ស្នូលចាប់ផ្តើមដួលរលំយ៉ាងឆាប់រហ័ស ខណៈស្រទាប់ខាងក្រៅត្រូវបានបាញ់ចេញទៅក្នុងលំហដោយការផ្ទុះដ៏មហិមាមួយ ដែលគេហៅថា Supernova ឬផ្កាយយក្សផ្ទុះ។

បន្ទាប់ពីការផ្ទុះនេះ ជោគវាសនារបស់ស្នូលដែលនៅសល់ គឺអាស្រ័យនៅលើម៉ាសរបស់វា។ ប្រសិនបើស្នូលមានម៉ាសមិនធំពេក វានឹងរួញក្លាយជា ផ្កាយណឺត្រុង (Neutron Star)។ ប៉ុន្តែ ប្រសិនបើស្នូលមានម៉ាសធំលើសកម្រិតជាក់លាក់ កម្លាំងទំនាញនឹងបន្តបង្ហាប់វាឱ្យរួញតូចដោយគ្មានអ្វីអាចទប់ស្កាត់បាន រហូតបង្កើតជាវត្ថុអវកាសមួយដែលគេហៅថា Black Hole។

និយាយដោយសង្ខេប Black Hole គឺជាដំណាក់កាលចុងក្រោយនៃជីវិតរបស់ផ្កាយដែលមានម៉ាសធំខ្លាំង។ វាកើតឡើងនៅពេលស្នូលផ្កាយដួលរលំក្រោមឥទ្ធិពលកម្លាំងទំនាញរបស់ខ្លួន បន្ទាប់ពីការផ្ទុះជា Supernova ហើយបង្កើតជាតំបន់មួយ ដែលកម្លាំងទំនាញខ្លាំងរហូតដល់សូម្បីតែពន្លឺក៏មិនអាចរត់គេចចេញបាន។

*ការពិត និងការយល់ច្រឡំ
ការយល់ច្រឡំដ៏ពេញនិយមបំផុតមួយ អំពី Black Hole គឺថា វាស្រូបអ្វីៗគ្រប់យ៉ាងនៅក្នុងសកលលោក ដូចជាម៉ាស៊ីនបូមដ៏មហិមា។

តាមការពិត វាមិនមែនជាបែបនោះឡើយ។ Black Hole ទាក់ទាញវត្ថុជុំវិញខ្លួន ដោយអនុវត្តតាមច្បាប់ទំនាញដូចវត្ថុដែលមានម៉ាសផ្សេងៗទៀត ដូចជា ព្រះអាទិត្យ ឬផែនដី។ ភាពខុសគ្នានោះ គឺនៅពេលវត្ថុចូលទៅជិត Black Hole កម្លាំងទំនាញរបស់វាកើនឡើងយ៉ាងខ្លាំង រហូតដល់អាចទាញសូម្បីតែពន្លឺមិនឱ្យរត់គេចបាន។

ឧទាហរណ៍ ប្រសិនបើព្រះអាទិត្យត្រូវបានជំនួសដោយ Black Hole ដែលមានម៉ាសស្មើគ្នា ផែនដីនឹងនៅតែវិលជុំវិញវាក្នុងគន្លងដដែល។ នោះគឺដោយសារកម្លាំងទំនាញអាស្រ័យលើម៉ាស មិនមែនអាស្រ័យលើថាវាជាព្រះអាទិត្យ ឬ Black Hole នោះទេ។ ប៉ុន្តែ ជីវិតនៅលើផែនដីនឹងមិនអាចបន្តបានឡើយ ព្រោះគ្មានពន្លឺ និងកម្តៅពីព្រះអាទិត្យ មិនមែនដោយសារផែនដីត្រូវបាន Black Hole លេបភ្លាមៗនោះទេ។

ឧទាហរណ៍នេះបង្ហាញថា Black Hole មិនមែនជាម៉ាស៊ីនបូមដែលស្រូបអ្វីៗគ្រប់យ៉ាងដោយគ្មានដែនកំណត់នោះឡើយ។ វាអនុវត្តតាមច្បាប់ទំនាញដូចវត្ថុអវកាសដទៃទៀត ប៉ុន្តែដោយសារម៉ាសរបស់វាត្រូវបានប្រមូលផ្តុំក្នុងតំបន់តូចបំផុត កម្លាំងទំនាញនៅជិតវាក៏ខ្លាំងមិនធម្មតា ដែលបង្កើតជាព្រំដែនមួយហៅថា Event Horizon ឬ «ព្រំដែនដែលមិនអាចវិលត្រឡប់បាន»។

*ហេតុអ្វីអ្នកវិទ្យាសាស្ត្រសិក្សា Black Hole?
Black Hole មិនមែនគ្រាន់តែជាវត្ថុអវកាសដ៏អាថ៌កំបាំងប៉ុណ្ណោះទេ។ សម្រាប់អ្នកវិទ្យាសាស្ត្រ វាគឺជា «មន្ទីរពិសោធន៍ធម្មជាតិ» ដ៏អស្ចារ្យបំផុតមួយ សម្រាប់សិក្សាច្បាប់មូលដ្ឋាននៃសកលលោក។

ការសិក្សា Black Hole ជួយអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីកម្លាំងទំនាញ ធម្មជាតិនៃលំហ និងពេលវេលា ក៏ដូចជាការកកើត និងការវិវត្តរបស់កាឡាក់ស៊ី។ វាក៏ជាគន្លឹះដ៏សំខាន់ក្នុងការស្វែងរកទ្រឹស្តីមួយ ដែលអាចបង្រួបបង្រួមរូបវិទ្យានៃវត្ថុធំៗ និងរូបវិទ្យានៃភាគល្អិតតូចៗ ឱ្យទៅជាទ្រឹស្តីតែមួយផងដែរ។

នៅឆ្នាំ២០១៩ មនុស្សជាតិបានឃើញ «ស្រមោល» (Shadow) របស់ Black Hole ជាលើកដំបូង តាមរយៈបណ្តាញតេឡេស្កុប Event Horizon Telescope។ បន្ទាប់មក នៅឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញរូបភាពនៃ Black Hole ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើងផងដែរ។

ការរកឃើញទាំងនេះ មិនត្រឹមតែជាភស្តុតាងដ៏រឹងមាំថា Black Hole មានពិតប្រាកដ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជាក់ជាថ្មីថា ទ្រឹស្តីទំនាក់ទំនងទូទៅ (General Relativity) ដែលលោក Albert Einstein បានស្នើឡើងតាំងពីឆ្នាំ១៩១៥ នៅតែអាចពន្យល់អំពីឥរិយាបថនៃលំហ ពេលវេលា និងទំនាញក្នុងសកលលោកបានយ៉ាងត្រឹមត្រូវ សូម្បីតែនៅក្នុងបរិយាកាសដ៏អស្ចារ្យបំផុតជុំវិញ Black Hole ក៏ដោយ។

សេចក្តីសន្និដ្ឋាន
Black Hole មិនមែនជាវត្ថុអវកាស ដែលគួរឱ្យភ័យខ្លាចបំផុតនៅក្នុងសកលលោកនោះទេ។ Black Hole ក៏មិនមែនជាឆ្អឹងខ្នងរបស់អទិទេពក្នុងរឿងព្រេងណាមួយដែលជាអបីយជំនឿដែរ។ ផ្ទុយទៅវិញ វាជាវត្ថុមួយដែលរំឭកយើងថា សកលលោកមានភាពស្មុគស្មាញ អស្ចារ្យ និងលើសពីអ្វីដែលភ្នែកមនុស្សអាចមើលឃើញដោយផ្ទាល់។

ទោះបីជា Black Hole មិនបញ្ចេញពន្លឺ ហើយសូម្បីតែពន្លឺក៏មិនអាចរត់គេចពីវាបានក៏ដោយ មនុស្សជាតិ បានប្រើប្រាស់ការសង្កេត ការពិសោធន៍ គណិតវិទ្យា និងទ្រឹស្តីរូបវិទ្យា ដើម្បីស្វែងយល់ពីធម្មជាតិរបស់វាកាន់តែច្បាស់។ នេះបង្ហាញថា ព្រំដែននៃចំណេះដឹងរបស់មនុស្ស មិនត្រូវបានកំណត់ដោយអ្វីដែលភ្នែកអាចមើលឃើញនោះទេ ប៉ុន្តែដោយសមត្ថភាពក្នុងការសួរសំណួរ ស្វែងរកភស្តុតាង និងពន្យល់វាដោយហេតុផល។

ប្រហែលជាអាថ៌កំបាំងដ៏ធំបំផុត មិនមែនស្ថិតនៅក្នុង Black Hole ទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាពរបស់មនុស្ស ក្នុងការយល់អំពីសកលលោក ដែលពោរពេញដោយអាថ៌កំបាំង។
នោះហើយជាអំណាចពិតរបស់វិទ្យាសាស្ត្រ៖ មិនមែនធ្វើឱ្យអាថ៌កំបាំងបាត់ទៅនោះទេ ប៉ុន្តែបម្លែងអាថ៌កំបាំងទៅជាចំណេះដឹង មួយជំហានម្តងៗ៕