* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

វិចារណកថា! បាបកម្មចំពោះបរិស្ថាន ផ្តើមចេញពីភាពអាត្មានិយម

02-08-2026 08:51

(ភ្នំពេញ)៖ «ពិភពលោកដែលយើងរស់នៅរួមគ្នា នឹងប្រែជាស្រស់បំព្រង នៅពេលពាក្យ «របស់ខ្ញុំ» ក្លាយជា «របស់យើង»។ សូមស្រមៃមើលថ្នាក់រៀនមួយនៅពេលជួងបន្លឺចេញទៅផ្ទះ។

សិស្សម្នាក់បានបន្សល់ទុកកម្ទេចក្រដាសនៅក្រោមក្តារខៀន ឬតុរៀន ហើយគិតថា «គង់តែមានអ្នកផ្សេងមកបោសសម្អាតទេ» សិស្សម្នាក់ទៀតដើរកាត់រ៉ូមីនេទឹកដែលកំពុងលេចស្រក់ ហើយគិតថា «វាមិនមែនជាប្រាក់ថ្លៃទឹករបស់ខ្ញុំឡើយ»

ចំណែកសិស្សទីបី ការពារតែធ្លាកន្លែងផ្ទាល់ខ្លួនដ៏តូចមួយនៅក្បែរកៅអីរបស់ខ្លួនប៉ុណ្ណោះ។ មនុស្សម្នាក់ៗមើលឃើញតែធ្លាកន្លែងផ្ទាល់ខ្លួន ប៉ុន្តែថ្នាក់រៀននោះ គឺជាកន្លែងដែលអ្នករាល់គ្នាប្រើប្រាស់រួមគ្នា។

ភាពអាត្មានិយមធ្វើឱ្យទស្សនវិស័យរបស់យើងចង្អៀត។ វាចោទសួរត្រឹមតែថា «តើអ្វីដែលស្រួលដល់រូបខ្ញុំនៅពេលនេះ?» វាភ្លេចគិតដល់មនុស្សដែលត្រូវប្រើប្រាស់កន្លែងនោះនៅពេលក្រោយ ភ្លេចគិតដល់ភ្នាក់ងារអនាម័យដែលត្រូវបោសសម្អាត និងភ្លេចគិតដល់ប្រព័ន្ធជីវសាស្ត្រដែលផ្តល់នូវអ្វីៗសម្រាប់ជីវិតរស់នៅរបស់យើង និងប្រភពទឹកដែលយើងកំពុងប្រើប្រាស់។

នៅពេលដែលទស្សនវិស័យចង្អៀតចង្អល់បែបនេះរាលដាលពេញសហគមន៍ ឬប្រទេសជាតិ ទ្រព្យសម្បត្តិ និងធនធានរួមនឹងត្រូវរងការខូចខាត។

ខ្យល់បរិសុទ្ធមិនអាចជារបស់គ្រួសារណាមួយតែមួយនោះឡើយ។ ទន្លេមួយមិនដែលទប់ឈប់ត្រឹមព្រំប្រទល់ភូមិមួយនោះទេ។ សត្វព្រៃមិនដែលស្គាល់ ឬយល់ពីខ្សែបន្ទាត់ព្រំដែនដីធ្លីឡើយ។ បរិស្ថានតែងតែបង្រៀនយើងជានិច្ចថា ជីវិតគឺជារឿងដែលត្រូវចែករំលែករួមគ្នា។ សូម្បីតែជម្រើសផ្ទាល់ខ្លួនរបស់យើង ក៏ជះឥទ្ធិពលទៅដល់ពិភពលោកទាំងមូលផងដែរ។

ការថែរក្សាខ្លួនឯង មិនមែនជាភាពអាត្មានិយមនោះទេ។ យើងគួរតែការពារសុខភាពរបស់យើង ខិតខំរៀនសូត្រ និងផ្គត់ផ្គង់គ្រួសាររបស់យើង។ ប៉ុន្តែ បញ្ហានឹងកើតឡើងនៅពេលដែលភាពសុខសាន្តរបស់យើងពឹងផ្អែកលើការទម្លាក់ផលប៉ះពាល់ទៅឱ្យអ្នកដទៃ។

ប្រសិនបើយើងគ្រវាត់ចោលសំរាមទៅក្រៅរបងផ្ទះ ទីធ្លារបស់យើងអាចមើលទៅស្អាត ប៉ុន្តែសហគមន៍ទាំងមូលមិនបានស្អាតឡើងនោះឡើយ យើងគ្រាន់តែបានផ្លាស់ប្តូរបន្ទុក ឬការលំបាកទៅឱ្យអ្នកផ្សេងប៉ុណ្ណោះ។

បេះដូងបៃតង គឺជាបេះដូងដែលពង្រីកទំហំនៃការយកចិត្តទុកដាក់។ វាចងចាំពីកុមារដែលនឹងត្រូវដើរតាមផ្លូវនេះនៅថ្ងៃស្អែក ចងចាំអ្នកជិតខាងដែលពឹងផ្អែកលើអណ្តូងទឹកតែមួយ ចងចាំសត្វបក្សីដែលកំពុងស្វែងរកកន្លែងសុវត្ថិភាពដើម្បីរកចំណី និងចងចាំមនុស្សជំនាន់ក្រោយដែលមិនទាន់កើតមក ដែលនឹងត្រូវទទួលយកលទ្ធផលពីជម្រើសរបស់យើងនាពេលបច្ចុប្បន្ន។

ទស្សនវិស័យដ៏ទូលំទូលាយនេះ មិនបានធ្វើឱ្យជីវិតកាន់តែធ្ងន់ធ្ងរនោះទេ។ ផ្ទុយទៅវិញ វាធ្វើអោយសកម្មភាពសាមញ្ញៗមានអត្ថន័យ។ ការបិទអំពូលភ្លើងដែលគ្មាអ្នកប្រើប្រាស់ ក្លាយជាការគោរពដល់ថាមពលរួម។ ការយកប្រអប់អាហារមកប្រើឡើងវិញ ក្លាយជាវិធីកាត់បន្ថយបន្ទុករួម។ ការថែរក្សាដើមឈើសាធារណៈ ក្លាយជាអំណោយដល់ជនប្លែកមុខ ដែលអាចនឹងមកជ្រកក្រោមមែកធាងត្រជាក់នៅថ្ងៃណាមួយ។

គ្មានមនុស្សណាម្នាក់អាចរស់នៅបានល្អប្រសើរតែម្នាក់ឯងនោះឡើយ។ ម្ហូបអាហារ សុវត្ថិភាព ចំណេះដឹង និងសេចក្តីសុខរបស់យើង សុទ្ធតែពឹងផ្អែកលើអ្នកដទៃ។ ដូច្នេះ ការទទួលខុសត្រូវមិនមែនជាការបាត់បង់សេរីភាពនោះទេ ប៉ុន្តែជាវិធីដែលយើងសម្តែងនូវការដឹងគុណ និងផ្តល់កិត្តិយសដល់បណ្តាញនៃប្រព័ន្ធមានជីវិតទាំងអស់ដែលជួយទ្រទ្រង់រូបយើង។

ពាក្យថា «របស់យើង» គឺជាពាក្យមួយក្នុងចំណោមពាក្យដែលមានន័យបៃតងបំផុតដែលយើងអាចរៀនសូត្របាន។ សាលារៀនរបស់យើង។ ទឹករបស់យើង។ ខ្យល់អាកាសរបស់យើង។ អនាគតរបស់យើង។

នៅពេលដែលបេះដូងរបស់យើងរីកធំឡើងពី «មានតែខ្ញុំ» ទៅជា «ពួកយើងទាំងអស់គ្នា» ការយកចិត្តទុកដាក់នឹងកើតឡើងដោយធម្មជាតិហើយពិភពលោកនឹងលែងមានអារម្មណ៍ថាជាកន្លែងដែលយើងគ្រាន់តែទាញយកផលប្រយោជន៍ទៀតហើយ ប៉ុន្តែជាផ្ទះសម្បែងដែលយើងរស់នៅរួមគ្នា។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា មេត្តាធម៌ គឺជាការផ្សាយនូវបំណងល្អឱ្យទូលំទូលាយហួសពីអាត្ម័ន ឬខ្លួនឯង។ វាមិនមែនតម្រូវឱ្យយើងបោះបង់ចោលតម្រូវការផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាបង្រៀនយើងឱ្យរាប់បញ្ចូលនូវសុខុមាលភាពរបស់អ្នកដទៃផងដែរ។ នៅពេលដែលរង្វង់នៃការយកចិត្តទុកដាក់របស់យើងរីកធំធាត់គ្របដណ្តប់លើមនុស្ស សត្វ និងមនុស្សជំនាន់ក្រោយ ជម្រើសរបស់យើងនឹងកាន់តែមានភាពទន់ភ្លន់ និងមានការទទួលខុសត្រូវខ្ពស់។

ការពិចារណាសម្រាប់ថ្ងៃនេះ តើមាននរណាខ្លះទៀតដែលអាចរងឥទ្ធិពលពីជម្រើសបរិស្ថានមួយដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃ?

សកម្មភាពសម្រាប់ថ្ងៃនេះ។ ធ្វើអំពើល្អមួយនៅធ្លាសាធារណៈ ឬកន្លែងអ្នកធ្វើការ ឬរស់នៅរួមគ្នា ដោយមិនបាច់មានគេស្នើ ដូចជារៀបចំកន្លែងឱ្យមានសណ្ដាប់ធ្នាប់ បិទឧបករណ៍ដែលមិនប្រើ ឬថែរក្សារុក្ខជាតិរួម។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ។ ថ្ងៃនេះ ខ្ញុំនឹងចាត់ទុកទីកន្លែង និងធនធានរួមគ្នាថាជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលបានប្រគល់ជូនពួកយើងទាំងអស់គ្នាថែរក្សា។ «នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់រួមទាំងខ្លួនយើងផងដែរ»