ក្រុមការងារចុះជួយឃុំត្រពាំងជង ស្រុកបាកាន នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៧ ក្នុងស្មារតីគោរពបូជា និងឧទ្ទិសកុសលជូនវីរយុទ្ធជនការពារជាតិ
02-08-2026 10:02
(ពោធិ៍សាត់)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៧វត្ត ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់បំផុតមួយ ដែលតម្រូវឱ្យព្រះសង្ឃគង់ចាំទីវត្តអារាមដោយមិននិមន្តទៅណាឆ្ងាយហួសកំណត់រយៈពេល ៣ខែ (រដូវវស្សា) ស្របតាមពុទ្ធានុញ្ញាត ដើម្បីឱ្យព្រះអង្គបានសិក្សារៀនសូត្រធម៌វិន័យ និងបដិបត្តិសមណធម៌ប្រកបដោយសេចក្តីស្ងប់ស្ងាត់។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចុះមូលដ្ឋាន ក្នុងការចូលរួមទ្រទ្រង់ និងបន្តពូនជ្រុំព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីបង្កើតកុសលផលបុណ្យដ៏ថ្លៃថ្លាសម្រាប់ជីវិតខាងមុខ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះដែរ លោក អ៉ឹង ឌីប៉ូឡា រួមទាំងក្រុមការងារ និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាឧទ្ទិសរំលែកនូវផលានុពលកុសលដែលកើតមានឡើងនេះ ជូនចំពោះបុព្វការីជន មានមាតាបិតា ញាតិកាទាំងប្រាំសណ្តាន អ្នកស្នេហាជាតិ និងជាពិសេសគឺ វីរយុទ្ធជន វីរនារី នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិមាតុភូមិ ក្នុងកំលុងពេលនៃសង្គ្រាមឈ្លានពាន។
ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាក៏បានបួងសួងដល់គុណបុណ្យរតនត្រ័យ និងបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សា វីរយុទ្ធជនដ៏ក្លាហាន ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ នៅតាមបន្ទាត់ព្រំដែន សូមឱ្យជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព មានកាយសម្បទាមាំមួន បវៀសជៀសឆ្ងាយពីគ្រោះថ្នាក់ទាំងពួង និងទទួលបានជ័យជំនះជានិច្ចលើរាល់ការគំរាមកំហែង ពីសំណាក់សត្រូវថៃឈ្លានពាន។
សូមឱ្យផលានុពលកុសលដែលបានកើតឡើងពីសកម្មភាពដ៏ប្រពៃនេះ ជួយបីបាច់ថែរក្សាពុកម៉ែ បងប្អូនទាំងអស់គ្នា ឲ្យបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


















