លោក សោ សាវឿន ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់វត្តចំនួន ៣ ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី

02-08-2026 12:19

(រតនគិរី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ លោក សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអណ្ដូងមាស បានដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី។

វត្តទាំងបីនោះរួមមាន៖ វត្តសិលាសុវណ្ណគង្គា (ហៅវត្តអណ្តូងមាស), វត្តឧត្តមគិរីរតនារាម (ហៅវត្តញ៉ាង) និងវត្តមហាព្រហ្មរតនារាម (ហៅវត្តតាឡាវ)។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក សោ សាវឿន បានគូសបញ្ជាក់ពីសារៈសំខាន់នៃពិធីបុណ្យចូលព្រះវស្សា ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា។ ពិធីនេះមិនត្រឹមតែជាការបន្តវេនវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកជួយឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិធម៌វិន័យរយៈពេល ៣ខែពេញប្រកបដោយផាសុកភាព។

នៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទចំណុះជើងវត្តបានជួបជុំគ្នាធ្វើកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន និងញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យទទួលបាននូវផល្លានិសង្សដែលកើតចេញពីការកសាងបុណ្យកុសលនាពេលនេះ។ ទេយ្យទានដែលបានប្រគេនដល់វត្តទាំង ៣ ក្នុងមួយវត្តៗទទួលបាន៖ ស្លាដក ១ឈុត ទៀនវស្សា ១គូ, អង្ករ ៤បេ, ទឹកត្រី ១កេស, ទឹកស៊ីអ៊ីវ ១កេស, ប្រេងឆា ១កេស, មីជាតិ ៤កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស និងបច្ច័យចំនួន ៨៥០,០០០រៀល។ សរុបថវិកាដែលបានចំណាយក្នុងកម្មវិធីនេះរួមទាំងការជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋមានចំនួន ៦,៣៨០,០០០រៀល។

ការចូលរួមប្រគេនទេយ្យទាននេះ គឺជាកាយវិការដ៏ប្រពៃមួយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរួមចំណែករបស់ឯកឧត្តម សោ សាវឿន ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិខ្មែរ។