អ្នកជំនាញអារ្យធម៌ខ្មែរ៖ របត់នយោបាយការទូតកង់គូរ៉ូ Kangaroo របស់លោក អានុទីន ឆានវីរៈគុល Anutin Charnvirakul កំពុងបោកបក់ទីក្រុងបាងកក
02-08-2026 12:50
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងបរិបទនយោបាយទីក្រុងបាងកក ចាប់តាំងពីសង្រ្គាមថៃឈ្លានពានមកលើកម្ពុជាដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃមក, យើងឃើញរបត់នយោបាយទីក្រុងបាងកក មានសភាពមិននឹងនរឆ្លេឆ្លារេចុះទ្បើង និងផ្លាស់ប្តូរជំហរទាំងសម្ព័ន្ធភាពមហាអំណាចពិភពលោក និងតំបន់ ដោយម្ដងលោតទៅអោបជើងបារាំង, ម្ដងលោតទៅអោបជើងអាមេរិកាំង, ម្ដងលោតទៅអោបជើងចិន, ម្ដងលោតទៅអោបជើងតៃវ៉ាន់, ម្ដងលោតទៅអោបជើងភូមា ឬម្ដងលោតទៅអោបជើងទ្បាវ ដូចសាធារណៈមតិជាតិនិងអន្តរជាតិបានឃើញ។
នេះគឺលោក អានុទីន ឆានវីរៈគុល កំពុងប្រើទំនាក់ទំនងនយោបាយការទូតកង់គូរ៉ូ- Kangaroo Diplomacy គឺជានយោបាយការបរទេសរវើយរវាយឆ្លេឆ្លាមិននឹងនរ លោតចុះលោតទ្បើងភ្លាមៗ គ្មានគោលការណ៍ច្បាស់លាស់ ឬមិនមានការព្យាករណ៍ទុកជាមុន។ ព្រោះកង់គូរ៉ូ ជាសត្វដែលផ្លាស់ទីដោយការលោត មិនមានភាពស្មើគ្នានោះទេ វាអាចលោតទៅឆ្វេង ទៅស្តាំ លោតខ្ពស់ ឬលោតទាបបានភ្លាមៗរេចុះរេទ្បើងតាមអារម្មណ៍និងចិត្ដនឹកឃើញ។ ដោយហេតុថា ពពួកសត្វដែលដើរដោយជើងបួនតាមធម្មតាមានជើងដើរជាន់ដីជាប់ជាប្រចាំ ប៉ុន្តែកង់គូរ៉ូ ចំណាយពេលលោតផ្លាស់ទីភាគច្រើននៅលើអាកាស យើងអាចហៅថា "ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី"។
បើពោលឲ្យចំ របត់នយោបាយការទូតកង់គូរ៉ូKangaroo របស់លោក អានុទីន ឆានវីរៈគុល Anutin Charnvirakul នេះ គឺជាមរតកប្រវត្តិសាស្រ្តរបស់មេដឹកនាំសៀម ពីសម័យអាណានិគមបារាំងសង្គ្រាមលោកលើកទី២។
លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះ ចំពោះការសម្រេចចិត្តលើគោលនយោបាយការទូតកង់គូរ៉ូ របស់ទីក្រុងបាងកក ដោយប្រញាប់ប្រញាល់ ព្រោះការប្តូរជំហរការទូតឆ្លេឆ្លារេចុះទ្បើង ដោយធ្វើការប្តូរសម្ព័ន្ធមិត្តលឿនពេក ថ្ងៃនេះលោតទៅប្លុកមួយ, ថ្ងៃស្អែកលោតទៅប្លុកមួយទៀត ដើម្បីតែផលប្រយោជន៍ចំពោះមុខរហ័សពេក ឬ លោតចូលទៅវិបត្តិផ្ទៃក្នុង ប៉ុន្តែនៅពេលដែលដឹងថា ខុសហើយ មិនព្រមថយក្រោយ តាមវិធីសាស្រ្តសម្រុះសម្រួលការទូត នៅតែរឹងរូសមានៈលោតទៅមុខ គឺជាមូលហេតុបង្កើតឲ្យមានអស្ថិរភាពការទូតលើឆាកអន្ដរជាតិកាន់តែខ្លាំង និងបង្កឲ្យភាពវឹកវរកាន់តែធំនៅទីក្រុងបាងកក។
ជាក់ស្តែងមេដឹកនាំមហាអំណាចធំៗ លើពិភពលោកនិងតំបន់,សារព័ត៌មានអន្តរជាតិធំៗ, អ្នករាយការណ៍ពិសេសនៃអ.ស.ប.ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, គណៈកម្មាធិការ UNESCO បានអនុម័តថ្កោលទោស ចំពោះការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ដោយយោធាថៃ ដែលតម្រូវឲ្យមានការទទួលខុសត្រូវ និងការថ្កោលទោសស្របតាមច្បាប់អន្តរជាតិ ដោយក្ដីអាណិតអាសូរយ៉ាងរំជើបរំជួលចិត្ដ ដល់ជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់ ដែលបាត់បង់ផ្ទះសម្បែងត្រូវថៃឈ្លានពាន យ៉ាងអយុត្តិធម៌បំផុតក្នុងស.វ.ទី២១ សម័យទំនើបនេះ៕




