អនុប្រធានទី១ ព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់
02-08-2026 12:56
(កំពង់ចាម)៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារ ដោយមានការចូលរួមអមដំណើរពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ចូលរួមប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៥២វត្ត ក្នុងស្រុកស្ទឹងត្រង់។
ពិធីប្រគេនប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៥២វត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅវត្តគីរីវនរាម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បន្ទាប់ពីប្រារព្ធពិធីសាសនារួច លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតែងតែណែនាំឲ្យសមាជិក សមាជិកា បានចុះជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋយើងក៏ដូចជាព្រះតេជគុណព្រះសង្ឃ ដើម្បីបានដឹងពីសុខទុក្ខ និងសេចក្តីត្រូវការរបស់បងប្អូន។
គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែល ជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕
















