ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងរដ្ឋបាលក្រុងសៀមរាប នាំគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់កងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ

02-08-2026 12:59

(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងរដ្ឋបាលក្រុងសៀមរាប រួមជាមួយនឹងអាជ្ញាធរសង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ព្រមទាំងសប្បុរសជន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់កងទ័ពជូរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ការចូលរួមរបស់ព្រះសង្ឃ និងអាជ្ញាធរសង្កាត់ក្នុងក្រុងសៀមរាប រួមនិងសប្បុរសជនទាំអស់ គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា ការនាំយកអំណោយមកនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ ការគាំទ្រដល់កងកម្លាំងការពារព្រំដែន និងដើម្បីបង្ហាញពីការរួមសុខរួមទុក្ខរវាងសមរភូមិក្រោយ (ប្រជាពលរដ្ឋ និងព្រះសង្ឃ) និងសមរភូមិមុខ (កងទ័ព) ក្នុងការចូលរួមចំណែកជួយសម្រាលការលំបាក និងការខ្វះខាតផ្សេងៗរបស់កងកម្លាំងការពារព្រំដែន។ ព្រមទាំងលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅដល់វីរកងទ័ពជួរមុខ ដែលកំពុងលះបង់ដើម្បីជាតិ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានស្ដែងឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ជាពិសេស គឺទឹកព្រះទ័យរបស់ព្រះសង្ឃខ្មែរដែលតែងតែគិតគូរ និងដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្ដីសុខផ្ទាល់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក តំណាងឲ្យអាជ្ញាធរសង្កាត់ក្នុងក្រុងសៀមរាប និងសប្បុរសជន បានលើកឡើងថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ និងសប្បុរសជននៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។

លោកស្រីបានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ទាំងនេះ គឺបានមកពីការអំពាវនាវ កៀរគររបស់អាជ្ញាធរសង្កាត់ ចំពោះសប្បុរសជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលបានចូលរួមតាមរយៈអាជ្ញាធរសង្កាត់។ នេះជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ទោះបីជាគ្រឿងឧបភោគ បរិភោគទាំងនេះ មានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅជូនដល់កងកម្លាំងជួរមុខ ឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។

សូមជម្រាបថា អំណោយដែលជូនដល់កងទ័ពជួរមុខ មានចំនួន៤គោលដៅ៖ គោលដៅប្រាសាទតាមាន់ធំផ្នែកខាងលិច, ប្រាសាទខ្នារ៣, អូរស្មាច់៤ និងច្រកជាំសាងាំ។ អំណោយនោះ រួមមាន៖ ទឹកសុទ្ធ, ត្រីឆ្អើ, កៅស៊ូតង់, គ្រឿងទេស, កាហ្វេកញ្ចប់, ថ្នាំពេទ្យ, ត្រីប្រឡាក់, បារី, ស្កគ្រាប់, សាច់ជ្រូក, ធូបមូស, ប្រេងឆា និងថវិកាមួយចំនួនទៀត ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លា ចេញពីបេះដូងរបស់ព្រះសង្ឃ និងអាជ្ញាធរក្រុងសៀមរាប អាជ្ញាធរសង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់សាលាកំរើក សង្កាត់ស្លក្រាម និងសប្បុរសជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផងដែរ៕