ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ដៃគ្នាលើកកម្ពស់ និងកសាងសមត្ថភាពយុវជនកម្ពុជា

02-08-2026 13:08

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសហអធិបតីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគម អ.ម.ត ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ថ្នាក់ដឹកនាំគណៈកម្មាធិការអាហារូបករណ៍ ក្រុមការងារសមាគម អ.ម.ត និងបុគ្គលិកអប់រំ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគម អ.ម.ត។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា ការបណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានទាំងចំណេះដឹង សមត្ថភាព ជំនាញឯកទេសច្បាស់លាស់ សុខភាពល្អ និងគុណធម៌ គឺជាបេសកកម្មរួមដែលទាមទារការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់។

លោកជំទាវបណ្ឌិត បានសង្កត់ធ្ងន់បន្ថែមថា «ការវិនិយោគលើការតម្រង់ទិសដ៏ត្រឹមត្រូវ និងការបំពាក់បំប៉នជំនាញសតវត្សទី២១ ដល់យុវជននៅថ្ងៃនេះ គឺជាការធានានូវសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងនិរន្តរភាពរបស់កម្ពុជានៅថ្ងៃអនាគត»

ជាការឆ្លើយតបចំពោះភាពជាដៃគូនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ស្ថាប័នទាំងពីរនឹងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំក្នុងការជួយសម្របសម្រួលឱ្យយុវជនទទួលបានកាលានុវត្តភាពសិក្សាប្រកបដោយសមធម៌ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំជាតិ។

ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរមានជំនឿជាក់យ៉ាងមុតមាំថា លទ្ធផលពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញ និងគាំទ្រយុវជនកម្ពុជាឱ្យក្លាយជាមូលធនមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់បុព្វហេតុនៃការអភិវឌ្ឍជាតិ៕