យល់ដឹងពីជំនួញ៖ មន្ត្រីជាន់ខ្ពស់ឧស្សាហកម្មលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវិស័យ SME នឹងជួយដល់វដ្ដជីវិតរបស់ SME នៅកម្ពុជា កាន់តែប្រសើរ (Video inside)
02-08-2026 13:42
(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) នឹងជួយដល់វដ្ដជីវិតរបស់ SME នៅក្នុងប្រទេសកម្ពុជា។
លោក ហេង សុខគង់ បានបន្ថែមទៀតថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ត្រូវបានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះហត្ថលេខាតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
លោក ហេង សុខគង់ បានបញ្ជាក់ថា ក្នុងយុទ្ធសាស្ដ្រនេះ នឹងអាចបង្កើតនូវយន្តការ ៣សំខាន់ៗទៀត ដើម្បីជួយសម្រួលទៅលើការងារ SME ឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ព្រោះថាសម្ដេចធិបតី នឹងបង្កើតនូវក្រុមការងារមួយ ដែលលោកនឹងដឹកនាំដោយផ្ទាល់ ដើម្បីតាមដានទៅលើការងារនេះ។
លើសពីនោះទៀត ក្នុងយុទ្ធសាស្ដ្រនេះអាចមានជាផ្នែកមួយ ដើម្បីធ្វើការសម្របសម្រួលទៅលើប្រព័ន្ធ ធ្វើយ៉ាងណាឲ្យប្រព័ន្ធដំណើរការដោយរលូន ហើយនឹងអាចមានជាអង្គភាពមួយ ដូចជាច្រកចេញចូលតែមួយ។
លោក ហេង សុខគង់ បានលើកឡើងថា ការធ្វើបែបនេះ ដើម្បីសម្របសម្រួលនៅក្នុងការទទួលពាក្យទាំងអស់ ជាពិសេសទៅតាមរយៈអនឡាយតែម្ដង នៅក្នុងសម្របសម្រួល ដើម្បីអាចបង្កើតឲ្យជាយន្តការនៃច្រកចេញចូលតែមួយ សម្រាប់ SME។
បើតាមលោក ហេង សុខគង់, បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម មានវេបសាយ www.khmersme.gov.kh គឺមានព័ត៌មានសព្វគ្រប់ ដែលអាចឱ្យបងប្អូនអ្នកផលិតចូលទៅបាន នៅក្នុងករណីថា យើងចង់ចេះធ្វើអ្វីមួយ គឺមានជាក្បួនខ្នាត នៅក្នុងការបង្រៀន។ ជាពិសេសអាចរកដៃគូអាជីវកម្មឲ្យយើង និងជួយរកទីផ្សារឲ្យយើងបានទៀត ឬវត្ថុធាតុដើម -ល-៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក ហេង សុខគង់ ទាំងស្រុង៖





