កម្ពុជារៀបចំសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការព្យាបាលជំងឺបេះដូង និងជំងឺមេតាបូលិច ក្នុងយុគសម័យទំនើប»

02-08-2026 15:29

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) រៀបចំសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា។

សន្និសីទនេះរៀបចំឡើង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពរបស់អ្នកជំនាញផ្នែកសុខាភិបាល ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺបេះដូង និងជំងឺមេតាបូលិច ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រទំនើប និងស្របតាមស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។

លោកសាស្រ្តាចារ្យ សុខ ជួរ បានគូសបញ្ជាក់ថា ជំងឺសរសៃឈាមបេះដូងនៅតែជាមូលហេតុចម្បងនៃការស្លាប់ទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំមនុស្សរាប់លាននាក់បានបាត់បង់ជីវិតដោយសារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ តាមរយៈកិច្ចសហការរវាងអ្នកជំនាញជាតិ និងអន្តរជាតិ សន្និសីទនេះបានរួមចំណែកជំរុញការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ការចែករំលែកបទពិសោធន៍ និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីកាត់បន្ថយបន្ទុកជំងឺបេះដូង និងជំងឺមេតាបូលិចនៅកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ។

នាឱកាសនោះលោកសាស្រ្តាចារ្យ សុខ ជួរ បានផ្ដល់នូវអនុសាសន៍គន្លឹះមួយដល់អង្គសន្និសីទ ដើម្បីពង្រឹងសមត្ថភាពក្នុងការវាយតម្លៃ ការព្យាបាល និងការបង្ការហានិភ័យនានា ដែលអាចកើតមានចំពោះអ្នកជំងឺ ដើម្បីកាត់បន្ថយអត្រាកើតជំងឺថ្មី និងអត្រាមរណភាពដោយជំងឺបេះដូង និងសរសៃឈាម ព្រមទាំងលើកកម្ពស់គុណភាពសេវាសុខាភិបាលបេះដូង និងមេតាបូលិចសម្រាប់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យក៏បានជំរុញលើទឹកចិត្ដក្រុមគ្រូពេទ្យទាំងអស់ សូមយកចំណេះជំនាញដែលខ្លួនមាន ទៅបម្រើប្រជាពលរដ្ឋប្រកបដោយគុណភាព សមធម៌ និងទំនុកចិត្ដ។

តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសមាជិក សមាជិកាសមាគម លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយករង បច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួម និងផ្ដល់អនុសាសន៍គន្លឹះជូនដល់អង្គសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី៣ រវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិជំងឺបេះដូង និងសរសៃឈាមបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការព្យាបាលជំងឺបេះដូង និងជំងឺមេតាបូលិច ក្នុងយុគសម័យទំនើប»

ជាមួយគ្នានោះលោកក៏បានរាយការណ៍ជូនអំពីសមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៅក្នុងឆ្នាំ២០២៥កន្លងមកនេះមជ្ឈមណ្ឌលបានទទួលអ្នកជំងឺសម្រាកព្យាបាលចំនួន ៤,៨៨៩ ករណី កើនឡើង ៣% និងបានផ្តល់សេវាពិគ្រោះជំងឺក្រៅចំនួន ៥៥,៩៦០ ករណី កើនឡើង ៧៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ សម្រាប់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងសិក្សាវិបត្តិចង្វាក់បេះដូង (Cath-Lab) បានផ្តល់សេវាចំនួន ៨៦៩ករណី ក្នុងឆ្នាំ២០២៥ កើនឡើង ៣៥% ធៀបនឹងឆ្នាំ២០២៤ និងបានអនុវត្តនីតិវិធីទំនើបជាច្រើន ដូចជា ការថតឆ្លុះសរសៃឈាមបេះដូង ការដាក់រ៉ឺស័រ ការដាក់ថ្មបេះដូង ការដុតព្យាបាលវិបត្តិចង្វាក់បេះដូង និងនីតិវិធីអន្តរាគមន៍ផ្សេងៗទៀត។

មជ្ឈមណ្ឌលក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពសេវាព្យាបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ដៃគូសហការសំខាន់ៗរួមមាន ក្រុមគ្រូពេទ្យជំនាញ Electrophysiology ពីសហរដ្ឋអាមេរិក ក្រុមគ្រូពេទ្យជំនាញ Electrophysiology និង Interventional Cardiology ពីសាធារណរដ្ឋកូរ៉េ និងក្រុមគ្រូពេទ្យជំនាញ Electrophysiology, Cardiac Imaging និង Interventional Cardiology ពីសាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាពិសេសតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យជាតិបេះដូង និងសរសៃឈាម Harapan Kita នៃសាធារណរដ្ឋឥណ្ឌូនេស៊ី មន្ទីរពេទ្យបានបញ្ជូនវេជ្ជបណ្ឌិតចំនួន ២ រូប ទៅបណ្តុះបណ្តាលជំនាញ Electrophysiology និង Interventional Cardiology និងគិលានុបដ្ឋាកចំនួន ២ រូប បានបញ្ចប់ការបណ្តុះបណ្តាលជំនាញ Cath-Lab ដោយជោគជ័យ។ ជាមួយគ្នានេះ មន្ទីរពេទ្យកំពុងរៀបចំបញ្ជូនគិលានុបដ្ឋាកចំនួន ២រូបបន្ថែមទៀត ទៅបណ្តុះបណ្តាលនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយនាពេលខាងមុខ នឹងបន្តបញ្ជូនក្រុមវេជ្ជបណ្ឌិតទៅបណ្តុះបណ្តាលជំនាញ Cardiac Imaging ដើម្បីលើកកម្ពស់គុណភាពសេវាព្យាបាលឱ្យស្របតាមស្តង់ដារអន្តរជាតិ។

សូមជម្រាបថាការរៀបចំសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំលើកទី៣ កម្ពុជា-ឥណ្ឌូនេស៊ីនានេះ បានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនជាតិ និងអន្តរជាតិ ដែលនឹងធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ១៩ ដែលមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតមកពីបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្តចងសម្ព័ន្ធមេត្រីភាពចូលរួមផ្ទាល់ចំនួនប្រមាណ២០០នាក់ និងតាមប្រព័ន្ធ Zoom ចំនួនប្រមាណ១០០នាក់ផងដែរ៕