មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំកងកម្លាំង បរិច្ចាគឈាមសង្គ្រោះជីវិតពលរដ្ឋ
02-08-2026 16:53
(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំនាយទាហាន និងនាយទាហានរង ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន (ត្បូងឃ្មុំ) ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។
ការលះបង់នាពេលនេះ មិនត្រឹមតែជាសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្គឧត្ដមប៉ុណ្ណោះទេ ប៉ុន្តែជាសារបង្ហាញយ៉ាងច្បាស់អំពី «ស្មារតីបម្រើប្រជាជនចេញពីបេះដូង»។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា លើកឡើងថា តំណក់ឈាមដែលបានបរិច្ចាគ គឺជាដង្ហើមនៃសេចក្តីសង្ឃឹម និងជាការតភ្ជាប់ជីវិតជួយដល់ជនរងគ្រោះក្នុងគ្រាអាសន្ន។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានគូសបញ្ជាក់ថា៖ «ក្នុងឯកសណ្ឋាន ជាខែលការពារប្រជាជន និងក្នុងនាមជាពលរដ្ឋ ជាអ្នកផ្តល់ជីវិត» សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងថា កម្លាំងកងរាជអាវុធហត្ថ មិនត្រឹមតែឈរជើងការពារសន្តិសុខ និងសុវត្ថិភាពជូនសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្អែកដ៏កក់ក្តៅជានិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកឧត្តមសេនីយ៍ បានបន្ថែមទៀតថា «តំណក់ឈាមនីមួយៗ គឺជាពន្លឺនៃជីវិត ឈាមមួយប្លោក សង្គ្រោះជីវិតម្នាក់» ក្នុងឱកាសនោះលោក បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីជួយដល់អ្នកជំងឺដែលត្រូវការឈាមសង្គ្រោះអាយុជីវិតជាចាំបាច់៕

















