«ពលីកម្មដើម្បីជាតិ គុណូបការៈមិនអាចបំភ្លេចបាន!» សមរភូមិក្រោយបន្តនាំយកភាពកក់ក្តៅជូនកងកម្លាំងជួរមុខជាលើកទី២

02-08-2026 18:00

(បន្ទាយមានជ័យ និង ឧត្តរមានជ័យ)៖ ឆ្លើយតបនឹងទស្សនៈ «ការពារជាតិ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា» កាលពីថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ លោក សេង ប៊ុនឃាង, លោក អ៉ីវ បូរិន្ទ, លោក ស្រ៊ា រតនៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជីវ កេង បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជំនួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដែលទទួលបានពីសប្បុរសជននានា ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខជាលើកទី២ ដែលនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីចំណងសាមគ្គីភាពមិនអាចកាត់ថ្លៃបាន រវាងសមរភូមិមុខ និងសមរភូមិក្រោយ។ ក្នុងដំណើរចុះសួរសុខទុក្ខនេះ មានការអមដំណើរដោយក្រុមសប្បុរសជន ដែលជាប្រធានសាលាឧទ្ធរណ៍ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង មេធាវី និងក្រុមការងារសរុបប្រមាណ ៤០រូប។

ទីតាំងនៃពិធីសំណេះសំណាលនេះ មានពីរគោលដៅសំខាន់ៗ៖

ទី១. ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការរងនគរបាលជាតិ ទិសភូមិភាគទី៣ ទី៤ និងទី៥។ នៅក្នុងពិធីនេះមានការចូលរួមទទួលអំណោយជំនួយឧបត្ថម្ភដែលជាតំណាងកងវរៈសេនាតូចចំនួន១៣ ដែលកំពុងឈរជើងសមរភូមិជួរមុខការពារបូរណភាពទឹកដីស្ថិតនៅភូមិសាស្ត្រព្រៃចាន់, ជោគជ័យ, ប៉ោយប៉ែត, សំពៅលូន, កំរៀង, ប៉ៃលិន, ពោធិសាត់(ថ្មដា)។

ទី២៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកាំភ្លើងធំ ប្រចាំទិសទី៣ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ក្រោមការទទួលស្វាគមន៍ប្រកបដោយមោទនភាពពីសំណាក់ ឧត្តមសេនីយ៍ទោ ឡុង សុទី មេបញ្ជាការរងបញ្ជាការដ្ឋានកាំភ្លើងធំ។

សម្រាប់បេសកកម្មលើកទី២នេះ អំណោយដែលត្រូវបាននាំយកមក មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពប៉ុណ្ណោះទេ តែជាការចាក់បំពេញបន្ថែមនូវថាមពលផ្លូវចិត្តដល់កងទ័ពយ៉ាងក្រៃលែង។ អំណោយជំនួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ បរិភោគ ដែលមានតម្លៃសរុបជាទឹកប្រាក់ទាំងអស់ចំនួន ១១៨.០១១.០០០រៀល (មួយរយដប់ ប្រាំបីលាន មួយម៉ឺន មួយពាន់រៀល) រួមមានដូចជា៖ អង្ករចំនួន ១៨តោន, ទឹកសុទ្ធចំនួន ១៤០កេស, កាហ្វេចំនួន ១៤កេស, បារីចំនួន ៦កេស, ទឹកត្រីចំនួន ១០៥កេស ព្រមទាំងមាន សាច់ក្រក ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ប្រេងឆា ខ្ទឹមស អំបិល បាយក្តាំងបាក់យ៉ុង ធូបមូស ធុងទឹក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។

ថ្លែងក្នុងបរិយាកាសដ៏រំជួលចិត្ត និងពោរពេញដោយក្តីនឹករលឹក ក្រោយពីបានស្តាប់របាយការណ៍អំពីស្ថានការណ៍តាមខ្សែបន្ទាត់ព្រំដែនរួចមក លោក សេង ប៊ុនឃាង បានពាំនាំការផ្តាំផ្ញើពីឯកឧត្តមបណ្ឌិត ជីវ កេង នូវការសួរសុខទុក្ខ, ការនឹករលឹក, ការថ្លែងអំណរគុណ និងការដឹងគុណជាទីបំផុតដល់កងកម្លាំងជួរមុខទាំងអស់ ដែលតែងតែលះបង់សេចក្តីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីឈរជើងការពារបូរណភាពទឹកដីកម្ពុជាយើង។ ជាមួយគ្នានេះដែរ ឯកឧត្តម សេង ប៊ុនឃាង បានគូសបញ្ជាក់ថា៖ «ការត្រឡប់មកសាជាថ្មីជាលើកទី២នេះ គឺជាសារបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ។ សមរភូមិក្រោយមិនដែលភ្លេច ឬទុកសមរភូមិមុខចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ រាល់ការលះបង់សេចក្តីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់បងប្អូនកងទ័ព គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ប្រជាជាតិទាំងមូល។»

ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ការចុះសួរសុខទុក្ខនេះ មិនត្រឹមតែជាការនាំយកថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមសាមគ្គីភាពជាតិ ដែលជំរុញឱ្យកងកម្លាំងជួរមុខកាន់តែមានឆន្ទៈមោះមុតក្នុងការការពារជាតិ និងបូរណភាពទឹកដីជារៀងរហូត៕