គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ! (Video inside)
03-08-2026 10:49
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖
* ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖
- ដែលបានទទួលមរណភាព
- ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
- ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
- ដោយត្រូវមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់។
* ការចុះឈ្មោះបោះឆ្នោត ជូនដល់៖
- ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹម ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
ដោយត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ។
- ការកែតម្រូវទិន្នន័យជីវប្រវត្តិ តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។
- ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានជំនឿថា ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងបានយល់ពីសារៈសំខាន់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅពិនិត្យមើល បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕





