លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងអ្នកឧកញ៉ា សូរ វីរៈ នាំយកទេយ្យទានប្រគេនព្រះសង្ឃ៦វត្ត នៅកំពង់ស្ពឺ
03-08-2026 10:56
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៃថ្ងៃបុណ្យចូលព្រះវស្សា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងអ្នកឧកញ៉ា សូរ វីរៈ និងលោកជំទាវ រួមនិងក្រុមការងារ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនព្រះសង្ឃចំនួន៦វត្ត ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ពិធីបុណ្យចូលព្រះវស្សានេះ ក៏មានការអញ្ជើញចូលរួមជាទេយ្យទានពីសំណាក់ឯកឧត្តម ភោគ សុវណ្ណារិទ្ធិ អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង រួមនិងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺផងដែរ។ វត្តទាំង៦ រួមមាន៖ វត្តកន្សែងសន្សំ វត្តត្រពាំងព្នៅ វត្តកោះពន្លាជ័យ វត្តតាំងហោង វត្តជ្រាវ និងវត្តភ្នំពិស្ស៍។ ទេយ្យទានសរុបមានបច្ច័យចំនួន ២,៤០០,០០០រៀល ថ្នាំពេទ្យ អង្ករ ត្រីខ កាហ្វេ ម្សៅស៊ុបខ្នរ ទៀនវស្សា នំចាហួយ នំកាក់មាស ស្លាដក់ ទឹកសុទ្ធ ទឹកផ្លែឈើ មី ទឹកស៊ីអុីវ ទឹកត្រី ទឹកដោះគោ តែ ស្ករស នំ ទៀន ធូប និងសម្ភារៈជាច្រើនទៀត សរុបជាទឹកប្រាក់ ១៨,១៤២,០០០រៀល។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងលោកជំទាវ ព្រមទាំងអ្នកឧកញ៉ា សូរ វីរៈ និងលោកជំទាវ រួមនិងក្រុមការងារ ក៏បានរៀបចំជាថវិកាចំនួន ៤១៥,០០០រៀល សម្រាប់លោកតា លោកយាយ និងពុទ្ធបរិស័ទសរុបចំនួន ៨៣នាក់ផងដែរ។
កាយវិការសប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយសម្រាលបន្ទុកដល់ពុទ្ធបរិស័ទក្នុងមូលដ្ឋាន។









































