សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ចំពោះព្រះរាជសារជូនពររបស់ព្រះអង្គ ក្នុងឱកាសចម្រើនជន្មាយុសម្ដេច

03-08-2026 11:14

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមព្រឹទ្ធសភា និងក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងភរិយា និងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបន្ទូលជូនពរ ប្រកបដោយហឫទ័យ មេត្តាករុណាដ៏មហាថ្លៃថ្លា។ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាភក្ដីភាពចំពោះ ព្រះរាជបល្លង្ក ជានិច្ចនិរន្តរ៍។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃព្រះរាជហឫទ័យមេត្តាករុណា និងពោរពេញដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះ ទូលព្រះបង្គំជាខ្ញុំនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជបន្ទូលកោតសរសើរ របស់ ព្រះករុណា ចំពោះទូលព្រះបង្គំជាខ្ញុំនេះ ពិតជាបានផ្តល់ក្តីរំភើប និងលើកទឹកចិត្តជាពន់ពេកចំពោះទូលព្រះបង្គំ ជាខ្ញុំ ឱ្យបន្តបំពេញបេសកកម្ម និងអនុវត្តគ្រប់ភារកិច្ចការងារ ឆ្ពោះទៅសម្រេចបុព្វហេតុដែលជាប្រយោជន៍ប្រជាជាតិ និងសេចក្តីសុខចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទូលព្រះបង្គំជាខ្ញុំនិងភរិយា ព្រមទាំងក្រុម គ្រួសារ សូមព្រះបរមរាជានុញ្ញាតសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះ វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះរាជប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះរាជ សុខភាពល្អពេញបរិបូរ ព្រះកាយពលមាំមួន ព្រះជន្មវស្សាយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាយូរអង្វែងតរៀងទៅ»៕