សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចមហាមន្រ្តី គុយ សុផល ចំពោះសារជូនពរ ក្នុងឱកាសចម្រើនជន្មាយុសម្ដេច

03-08-2026 11:25

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចមហាមន្ត្រី គុយ សុផល ចំពោះលិខិតជូនពរសម្តេចតេជោក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ខ្ញុំបានទទួលរួចហើយនូវលិខិតជូនពររបស់ សម្តេចមហាមន្ត្រី ដែលពោរពេញដោយអត្ថន័យជ្រាលជ្រៅ ជូនសព្ទសាធុការពរដ៏មហាមង្គល និងសម្ភាវកថាប្រកបដោយភាពកក់ក្តៅ ជូនចំពោះខ្ញុំ ក្នុងឱកាសខួបចម្រើន ជន្មាយុរបស់ខ្ញុំ ឆ្នាំ២០២៦ នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំសូមថ្លែងអំណរគុណ និងសូមកោតសរសើរនូវមនោ សញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចមហាមន្ត្រី និងក្រុមគ្រួសារ ដែលតែងតែលះបង់គ្រប់បែបយ៉ាង គាំទ្រយ៉ាងមោះមុតដល់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់កាលៈទេសៈ ក្នុងស្មារតីសាមគ្គីជាមហាគ្រួសារខ្មែរដ៏រឹងមាំ ដើម្បីជម្នះរាល់ឧបសគ្គចំពោះមុខ រួមគ្នាជាធ្លុងមួយទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងធនធាន ដើម្បីអភិវឌ្ឍជាតិកាន់តែជឿនលឿន និងមានភាពធន់។ ការរួមចំណែករបស់ សម្តេចមហាមន្ត្រី និងក្រុមគ្រួសារ គឺពិតជាសំខាន់ណាស់ ក្នុងការការពារបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលនាំឱ្យប្រជាជាតិនិង ប្រជាជនកម្ពុជារស់ក្នុងសុខសន្តិភាព ស្ថិរភាព សុភមង្គល និងវិបុលភាពយូរអង្វែងតរៀងទៅ។

ខ្ញុំក៏សូមយកឱកាសនេះ សូមជូនពរជ័យសិរីសួស្តីមង្គលគ្រប់ប្រការជូន សម្តេចមហាមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកង កម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕