បណ្ឌិត ថោង ខុន ប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្ស ៤៨នាក់ ក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ នៃខេត្តកំពង់ធំ

03-08-2026 11:54

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សនៅមូលដ្ឋានក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ៤៨នាក់ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ លោកប្រធានការិយាល័យអប់រំស្រុកតាំងគោក និងស្រុកបារាយណ៍ និងសិក្ខាកាមជាច្រើននាក់ទៀត។

នាឱកាសនោះលោក ហុង សុខអឿន ប្រធានគ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យានៃស្រុកបារាយណ៍ បានរាយការណ៍ពីដំណើរការវគ្គសិក្សាកុំព្យូទ័រ ដែលបានចាប់ផ្តើមបើកវគ្គដំបូងនៅឆ្នាំ២០០៩ និងរហូតដល់បានសាងសង់អគារសិក្សា ១ខ្នង ០២ជាន់ កាលពីឆ្នាំ២០១៨ ដោយថវិការបស់សប្បុរសជនជាជនជាតិបារាំង លោក Édouard George ប្រធានក្រុមហ៊ុន Phoenix Voyages។ គិតមកដល់ឆ្នាំ២០២៦នេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងទេសចរណ៍នេះ បានបណ្តុះបណ្តាលជំនាញកុំព្យូទ័របឋមបានចំនួន ៤២វគ្គ សរុបសិស្ស ១៦៥៩នាក់។

នាឱកាសលោកបណ្ឌិត ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ ហុង សុខអឿន ដែលបានបង្ហាត់បង្រៀនវគ្គកុំព្យូទ័រកម្រិតបឋម ដោយបន្ថែមកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ដល់សិស្សានុសិស្សនាពេលនេះ ដោយលោកបានបញ្ជាក់ថា វគ្គសិក្សាកុំព្យូទ័រនេះដើម្បីបង្កើនសមត្ថភាពផ្នែកកុំព្យូទ័រ និងការសិក្សាស្រាវជ្រាវឯកសារផ្សេងៗរួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផងដែរ។

ស្របជាមួយនោះលោកបណ្ឌិត ក៏បានលើកឡើងឱ្យសិស្សានុសិស្សទាំងអស់គ្នាត្រូវមានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ និងសម្តេចបវរធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ, ត្រូវរួមកម្លាំងសាមគ្គីជាធ្លុងមួយ គឺព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងទ័ពតែមួយ និងប្រជាជនតែមួយ ដើម្បីចូលរួមចំណែកការពារប្រទេសពីការឈ្លានពានពីបរទេស ព្រមទាំងរួមកម្លាំងគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងម្ចាស់ការខ្លួនឯង។

លោកបណ្ឌិត ថោង ខុន ក៏បានលើកទឹកចិត្ត​ដល់សិស្សានុសិស្ស ត្រូវស្គាល់ខ្លួនឯងច្បាស់ ទាំងវប្បធម៌ ប្រពៃណី អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងមានមនសិការស្នេហាជាតិ ស្នេហាទឹកដី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» និងបានលើកឡើងពីដំណើរវិវត្តន៍​រីកចម្រើននៃបច្ចេកវិទ្យា ដែលបានបង្ហាញពីការផ្លាស់ប្តូរពីការប្រើកម្លាំងម៉ាស៊ីនដើរដោយចំហាយទឹក ( ពីយុគសម័យឧស្សាហកម្ម ១.០ មកកាន់យុគសម័យ ៤.០) ដោយប្រើប្រាស់ប្រព័ន្ធឆ្លាតវៃដែលអាចភ្ជាប់ទំនាក់ទំនង វិភាគទិន្នន័យ និងធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ។

បន្ថែមពីនេះក្រៅពីការថ្លែងអបរសាទរដល់ក្មួយៗសិស្សានុសិស្សទាំង ៤៨នាក់ ដែលទើបបានបញ្ចប់វគ្គទី៤២នេះ លោកបណ្ឌិត ថោង ខុន ក៏បានបង្ហាញបំណងចង់ពង្រីក​បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យានៃស្រុកបារាយណ៍ ដោយបន្ថែមជំនាញ​បញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យសិស្សានុសិស្ស​ដើរឱ្យទាន់យុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ព្រោះថា បច្ចេកវិទ្យាទំនើបទាំងនេះ​បាននិងកំពុងផ្លាស់ប្តូររបៀបធ្វើការ មុខរបរ និងជីវភាពរស់នៅរបស់ពិភពលោក រួមទាំងកម្ពុជា។ យើងត្រូវចេះប្រើបច្ចកវិទ្យាថ្មីៗទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីជាគុណប្រយោជន៍ដល់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត៕