អភិបាលខេត្តបាត់ដំបង ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៥ពាន់បណ្ណ ជូនពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកភ្នំព្រឹក
03-08-2026 14:55
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,៩២៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន ២,៦២៦គ្រួសារ នៅភូមិដំណាក់បេង ដំណាក់ក្សាន្តអូរដា និងភូមិបួរ នៃឃុំបួរ ស្រុកភ្នំព្រឹក។
ពិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាសន្តិសុខដីធ្លីជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក សុខ លូ បានណែនាំប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ ឱ្យថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដី ឬដាក់បញ្ចាំនោះទេ គួររក្សាទុកសម្រាប់ចែកតកូនតចៅ។
អភិបាលខេត្តបានបញ្ជាក់ថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលចេញដោយក្រសួងផែនការ ត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី។ ចំណែកគ្រួសារទូទៅត្រូវបង់សេវា ១ម៉ែត្រការ៉េ ៤រៀល សម្រាប់ដីកសិកម្ម និង ១ម៉ែត្រការ៉េ ៣០រៀល សម្រាប់ដីសាងសង់។
លោកអភិបាលខេត្ត ក៏បានក្រើនរំឭកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បង្កើនការដាំដើមឈើ និងដំណាំហូបផ្លែនៅជុំវិញផ្ទះ។
លោក សុខ លូ បានដាស់តឿនដល់ប្រជាពលរដ្ឋឱ្យមានស្មារតីរួបរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយ គាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រជាពលរដ្ឋទាំងអស់បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃនេះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕























