មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចាត់ទុកខេត្តកំពង់ចាម ជាខេត្តគំរូមួយ ដែលមាននីតិវិធីជាក់លាក់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ
03-08-2026 14:59
(កំពង់ចាម)៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានចាត់ទុករដ្ឋបាលខេត្តកំពង់ចាមក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត ជាខេត្តគំរូមួយ ដែលបានដាក់ចេញនូវវិធានការជាក់លាក់ ក្នុងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺសេវាផ្ទេរកម្មសិទ្ធិដីធ្លី ។
លោក សួស ប្រាថ្នា បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម។
ពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសុរិយោដី នៅក្នុងអង្គភាពច្រកចេញចូលតែមួយ លោក អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំថា មកដល់ពេលបច្ចុប្បន្ននេះ អង្គភាពច្រកបានទទួលនូវសេវាចំនួន ជាង ៧,០០០សេវា និងបានប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋ ៥,០០០សេវា នៅសេសសល់ជាង ២,០០០សេវា កំពុងតែនិរន្តការ ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា លទ្ធផលខាងលើនេះ គឺទទួលបានក្រោយពេល ដែលលោក បានបើកកិច្ចប្រជុំបន្ទាន់មួយ និងបានដាក់វិធានការចាំបាច់ និងអន្តរាគមន៍ដើម្បីឱ្យមន្ត្រីជំនាញ ជំរុញនូវការផ្ដល់ប័ណ្ណ ផ្ដល់ឯកសារ សម្រេចចុងក្រោយជូនទៅប្រជាពលរដ្ឋ ក្នុងនោះសម្រេចបាន ៥,០០០បណ្ណ នៅសេសសល់ជាង ២,០០០សេវា ដែលអាចនឹងសម្រេចរួចរាល់ យ៉ាងយូរ២ខែទៀតនិងបញ្ចប់។
លោក សួស ប្រាថ្នា បានយកឱកាសនោះថ្លែងកោតសរសើរនឹងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព ទាំងកិច្ចការដឹកនាំ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
អគ្គនាយកបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានចាត់នូវវិធានការដោះស្រាយបានល្អប្រសើរ នៃកិច្ចការផ្តល់សេវា បើទោះជាមានសេវាខ្លះនៅមានការយឺតយ៉ាវ ក៏ប៉ុន្តែមានយន្តការ និងនីតិវិធីច្បាស់លាស់ ជាពិសេស គឺនៅក្នុងឆ្នាំ២០២០ រដ្ឋបាលខេត្តបានដាក់ចេញនូវសេចក្តីណែនាំ ស្ដីពីនីតិវិធីនៃការបំពេញបែបបទការដាក់ពាក្យស្នើសុំសេវា ដូចជាការលក់ផ្ដាច់ និងការផ្ទេរកម្មសិទ្ធិដីធ្លី ដែលបានចុះបញ្ជីរួចហើយ រហូតទទួលបានលទ្ធផលល្អប្រសើរ។ ម្យ៉ាងទៀត វិធានការដូចរដ្ឋបាលខេត្តកំពង់ចាមនេះ នៅតាមបណ្ដាខេត្តផ្សេងៗ មិនទាន់មានទេ ដែលធ្វើឱ្យការចុះបញ្ជី ឬការផ្ទេរកម្មសិទ្ធិ មានបញ្ហាច្រើន៕












