ក្រោយពលរដ្ឋចោទប្រកាន់អាជ្ញាធរយកលុយថ្លៃតលូចូលបណ្ដាញលូថ្មី, អាជ្ញាធរសង្កាត់ដើមមៀន បញ្ជាក់ថា ការយកថ្លៃតភ្ជាប់លូ ជាសេវាឯកជនរបស់ក្រុមជាង មិនពាក់ព័ន្ធក្រុមហ៊ុន ឬអាជ្ញាធរឡើយ

03-08-2026 15:01

(កណ្ដាល)៖ ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន បានសម្តែងការពេញចិត្តចំពោះគម្រោងស្ថាបនាលូថ្មី ដែលមានទំហំធំជាងមុន និងមានសមត្ថភាពរំដោះទឹកភ្លៀងបានល្អប្រសើរ។ ទោះជាយ៉ាងណា ក៏មានពលរដ្ឋមួយចំនួនបានលើកឡើងពីការយកថ្លៃសេវាតភ្ជាប់បណ្ដាញលូឯកជនចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ដែលមានតម្លៃចន្លោះពី ៣០ ទៅជាង ៦០ដុល្លារអាមេរិក។

ជុំវិញការលើកឡើងនេះលោក គៀត មិត មេជាងដែលទទួលបន្ទុកការងារតភ្ជាប់ បានបញ្ជាក់ថា ការយកថ្លៃសេវានេះ គឺជាការព្រមព្រៀងផ្ទាល់រវាងពលរដ្ឋ និងក្រុមជាងរបស់លោក។

លោកបានបន្តថា ពលរដ្ឋជាអ្នកស្នើសុំឲ្យក្រុមជាងជួយតភ្ជាប់ ដោយក្រុមជាងចេញទាំងកម្លាំងពលកម្ម និងសម្ភារៈមួយចប់។ ថវិកាដែលទទួលបាន គឺសម្រាប់បង់ថ្លៃឈ្នួលកម្លាំងពលកម្មរបស់ក្រុមជាងប៉ុណ្ណោះ មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនម៉ៅការ ឬអាជ្ញាធរសង្កាត់ឡើយ។

លោក ប៉ាល់ ភន់ តំណាងក្រុមហ៊ុន ប៉ាល់ នី ដែលជាក្រុមហ៊ុនឈ្នះការដេញថ្លៃគម្រោងស្ថាបនាលូថ្មីនេះ ក៏បានអះអាងដែរថា ក្រុមហ៊ុនទទួលខុសត្រូវតែលើការស្ថាបនាលូធំរបស់រដ្ឋប៉ុណ្ណោះ។ ចំពោះការតភ្ជាប់លូឯកជនរបស់ពលរដ្ឋ គឺមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឡើយ ហើយតម្លៃសេវាគឺជាការចរចារផ្ទាល់រវាងពលរដ្ឋ និងក្រុមជាងទៅតាមស្ថានភាពជាក់ស្ដែង។

លោក ឯក សំណាង ចៅសង្កាត់ដើមមៀន បានថ្លែងថា ការស្ថាបនាលូថ្មីប្រវែង ៨៧០ម៉ែត្រនេះ គឺធ្វើឡើងតាមសំណើរបស់ពលរដ្ឋ និងមេភូមិស្ទឹងជ្រៅ ដើម្បីដោះស្រាយបញ្ហាទឹកលិចផ្លូវ និងហៀរចូលផ្ទះពលរដ្ឋកាលពីមុន ដោយសារលូចាស់មានទំហំតូច និងទ្រុឌទ្រោម។

លោកចៅសង្កាត់ក៏បានបញ្ជាក់ថា អាជ្ញាធរសង្កាត់មិនមានជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់នៃការតភ្ជាប់លូឯកជនចូលប្រព័ន្ធលូរបស់រដ្ឋនោះទេ ហើយសូមពលរដ្ឋឈប់យល់ច្រឡំ។

ការស្ថាបនាលូថ្មីនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋក្នុងភូមិស្ទឹងជ្រៅ ដើម្បីបង្កើនសមត្ថភាពរំដោះទឹកភ្លៀង និងសម្រួលដល់ការរស់នៅរបស់ពួកគាត់។ ចំណែកឯការយកថ្លៃសេវាតភ្ជាប់លូ គឺជាកិច្ចព្រមព្រៀងឯកជនរវាងពលរដ្ឋ និងក្រុមជាង ដែលមិនពាក់ព័ន្ធនឹងថវិការដ្ឋ ឬក្រុមហ៊ុនម៉ៅការឡើយ។

សូមជម្រាបថា ការស្ថាបនាលូថ្មីនេះ មានប្រវែង៨៧០ម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុនឈ្មោះ ប៉ាល់ នី ក្នុងទំហុំថវិការ ១១៨លាន ៣សែនរៀល៕