អភិបាលខេត្តស្វាយរៀង ណែនាំឱ្យអាជ្ញាធរ និងពលរដ្ឋ រួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់រានដីព្រៃខុសច្បាប់

03-08-2026 15:07

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រាន ឈូសឆាយ ចាប់យក និងហ៊ុមព័ទ្ធព្រៃឈើ ដើម្បីយកដីមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានត្រូវមានម្ចាស់ការទទួលខុសត្រូវ និងចាត់វិធានការច្បាប់ជាបន្ទាន់ នៅពេលមានករណីនេះកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវរៀបចំការចុះបញ្ជីគ្រប់គ្រងដីព្រៃសហគមន៍ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅបរិវេណវត្តក្តីកណ្តាល ស្ថិតក្នុងភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីនោះ លោក ប៉េង ពោធិ៍សា ក៏បានកោតសរសើរចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំប្រឹងប្រែងបណ្តុះ និងចែកចាយកូនឈើគ្រប់ប្រភេទរាប់ពាន់ដើម ដល់ទីវត្តអារាម សាលារៀន និងប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងថ្ងៃរុក្ខទិវានេះ កូនឈើចំនួន ៧៧០ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ ២ហិកតា និងកូនឈើប្រមាណ ៥៤០ដើម ទៀតត្រូវបានចែកជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ពិធីរុក្ខទិវាគឺជាវប្បធម៌ដ៏ឧត្តុង្គឧត្តមដែលមានតាំងពីសម័យសង្គមរាស្ត្រនិយម ក្នុងឆ្នាំ១៩៥២ មកម្ល៉េះ ដែលមានគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្តិព្រៃឈើ និងបណ្តុះគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា​​​​ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តតាមដានការវិវត្តន៍នៃការប្រែប្រួលអាកាសធាតុ ចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន និងប្រុងប្រយ័ត្នការពារកូនចៅពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺគ្រុនឈាម។ ការចូលរួមទាំងអស់នេះ គឺដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គម៕