ពលរដ្ឋនៅភូមិអុង សង្កាត់រាម ទទួលបានអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យពីមូលនិធិកំពង់ដេវ៉ា ដើម្បីលើកកម្ពស់អនាម័យក្នុងសហគមន៍

03-08-2026 15:09

(ព្រះសីហុន)៖ ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការធានាឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យល្អ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ មូលនិធិកំពង់ដេវ៉ា បានប្រគល់អណ្តូងទឹកស្អាតចំនួន ៤ និងបន្ទប់ទឹកអនាម័យចំនួន​៤ ជូនប្រជាពលរដ្ឋក្នុងភូមិអុង សង្កាត់រាម ក្រុងព្រះសីហនុ។

ពិធីប្រគល់អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ បានធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ថមមី ភី ហើម៉ាវ៉ាន់ ប្រធានមូលនិធិកំពង់ដេវ៉ា និងមានការចូលរួមពីលោក ឱ ភន មេភូមិអុង ថ្នាក់ដឹកនាំភូមិ អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ អ្នកស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំមូលនិធិកំពង់ដេវ៉ា ជាច្រើននាក់ទៀត។

នាឱកាសនោះលោក ឱ ភន បានថ្លែងអំណរគុណចំពោះមូលនិធិកំពង់ដេវ៉ា ដែលបានប្រគល់អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យដល់សហគមន៍ភូមិអុង ដែលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវភាពរស់នៅរបស់អ្នកភូមិហើយ គម្រោងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់មូលនិធិកំពង់ដេវ៉ា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ធានាឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យល្អ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ។

នាឱកាសនោះដែរប្រធានមូលនិធិកំពង់ដេវ៉ា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តនៅតែបន្តក្នុងការបង្កើតតម្លៃប្រកបដោយចីរភាព តាមរយៈការវិនិយោគលើគម្រោងដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ជិតខាងនឹងគ្នា។ តាមរយៈគម្រោងនេះបានឆ្លុះបញ្ចាំងពីគោបំណងសំខាន់របស់មូលនិធិកំពង់ដេវ៉ា ក្នុងការចូលរួមគាំទ្រអភិវឌ្ឍន៍ដល់សហគមន៍ និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត ដូចពាក្យស្លោករបស់យើងថា «ប្រជាជនរីករាយ សហគមន៍រីករាយ»តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្តល់ទឹកស្អាត អនាម័យកាន់តែប្រសើរឡើង និងជាប្រយោជន៍យូរអង្វែងសម្រាប់ទាំងអស់គ្នា។

បន្ទាប់ពីបានប្រគល់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ ថ្នាក់ដឹងនាំនិធិកំពង់ដេវ៉ា ក៏បានស្នើទៅកាន់លោកមេភូមិ និងតំណាងសហគមន៍ ទទួលខុសត្រូវក្នុងការថែទាំ ប្រើប្រាស់ និងអភិរក្សសមិទ្ធផលទាំងនេះឱ្យបានល្អ សម្រាប់ផលប្រយោជន៍របស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។គម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះ បង្ហាញពីជំនឿរបស់មូលនិធិកំពង់ដេវ៉ាថា ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ចាប់ផ្តើមពីការបំពេញតម្រូវការចាំបាច់របស់ប្រជាជនទូទៅ។

ប្រជាពលរដ្ឋនៅភូមិអុង សង្កាត់រាម ខេត្តព្រះសីហនុ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិកំពង់ដេវ៉ា ចំពោះការផ្តល់នូវអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ដោយប្រជាពករដ្ឋនៅភូមិអុង បានបញ្ជាក់ថា ការផ្តល់អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះ មិនត្រឹមតែជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការស្វែងរកប្រភពទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺឆ្លងផ្សេងៗដែលបណ្តាលមកពីកង្វះអនាម័យផងដែរ៕