Fresh Exclusive: ពី Angelina Jolie ដល់ UNESCO និងអង្គការសហប្រជាជាតិ៖ ហេតុអ្វីជនភៀសសឹកកម្ពុជា នៅតែស្ថិតក្នុងចំណាប់អារម្មណ៍ របស់ពិភពលោក? (Video inside)
03-08-2026 17:23
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ បុគ្គលនិងស្ថាប័នអន្តរជាតិល្បីល្បាញ បានផ្តល់ចំណាប់អារម្មណ៍ដល់ ជនភៀសខ្លួនកម្ពុជា និង ព្រមានដល់អ្នកបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណាប់ អារម្មណ៍ផ្សេងៗពីគ្នានោះ បានបង្ហាញថា ការរំលោភច្បាប់អន្តរជាតិ មិនថាជាការវាយប្រហារលើប្រជាពលរដ្ឋស៊ីវិល ការរារាំងជនភៀសសឹក មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ឬការបំផ្លាញបេតិកភណ្ឌវប្បធម៌ពិភពលោក មិនមែនជារឿងដែលសហគមន៍អន្តរជាតិ បានមើលរំលងឡើយ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ មនុស្ស និងស្ថាប័នអន្តរជាតិ ដែលមានប្រភពផ្សេងពីគ្នាបានបញ្ចេញសារ ដែលហាក់បីដូចជាមានទិសដៅរួមមួយចំពោះកម្ពុជា។ តារាហូលីវូដ Angelina Jolie បាននិយាយអំពីទឹកចិត្តរបស់លោកស្រីចំពោះការអាណិតអាសូរដល់ជន ភៀសសឹកកម្ពុជា, ស្ថានទូតសហរដ្ឋអាមេរិកបានអះអាងការប្តេជ្ញាបន្តគាំទ្រសន្តិភាពយូរអង្វែង។ អង្គការយូណេស្កូ បានថ្កោលទោសការបង្កខូចខាតលើប្រាសាទបុរាណខ្មែរ ខណៈអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Thomas Andrews បានអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ និងធានាឱ្យជនដែលផ្លាស់ទីលំនៅដោយសារជម្លោះអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
បើមើលដោយឡែក សារទាំងនេះ និយាយអំពីមនុស្សធម៌ ការទូត បេតិកភណ្ឌវប្បធម៌ និងសិទ្ធិមនុស្ស។ ប៉ុន្តែបើភ្ជាប់ចូលគ្នាតែមួយ វាបានបង្ហាញរូបភាពដ៏ធំមួយបង្ហាញថា មួយឆ្នាំក្រោយជម្លោះព្រំដែនកម្ពុជា–ថៃ បញ្ហាជនភៀសសឹកកម្ពុជា មិនត្រឹមជាបញ្ហាមនុស្សធម៌តែមួយមុខនោះឡើយ។ វាបានក្លាយជាប្រធានបទ ដែលសហគមន៍អន្តរជាតិបន្តយកចិត្តទុកដាក់ ដោយភ្ជាប់ការវិលត្រឡប់របស់ជនភៀសសឹកកម្ពុជា ការការពារមរតកវប្បធម៌ខ្មែរ ការតម្រូវឱ្យគោរពច្បាប់អន្តរជាតិ និងការស្វែងរកសន្តិភាពយូរអង្វែងសម្រាប់ប្រទេសកម្ពុជា-ថៃ។
ការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិចំពោះជនភៀសសឹកកម្ពុជា បានបង្ហាញថា សម្រាប់ពិភពលោក សន្តិភាពមិនត្រូវវាស់ត្រឹមការឈប់បាញ់ ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះទេ។ សន្តិភាពពិតប្រាកដ ត្រូវវាស់តាមការគោរពច្បាប់អន្តរជាតិ ការការពារប្រជាពលរដ្ឋស៊ីវិល និងលទ្ធភាពដែលជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងដោយគ្មានការរារាំង។ នេះហើយជាមូលហេតុដែល មួយឆ្នាំក្រោយជម្លោះព្រំដែនកម្ពុជា–ថៃ បញ្ហាជនភៀសសឹកកម្ពុជា នៅតែបន្តស្ថិតក្នុងចំណាប់អារម្មណ៍របស់ពិភពលោក។
*ពេលសង្គ្រាមបញ្ចប់ ប៉ុន្តែមនុស្សមិនទាន់អាចត្រឡប់ទៅផ្ទះ
ក្នុងសារដែលលោកស្រី Angelina Jolie បានផ្សព្វផ្សាយ លោកស្រីបានរំឭកថា កម្ពុជាជាប្រទេសដែលមានន័យពិសេសចំពោះគ្រួសាររបស់លោកស្រី ហើយមូលនិធិ Maddox Foundation បានធ្វើការងារអភិរក្សធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍នៅតំបន់ព្រំដែនអស់រយៈពេលជាងពីរទសវត្សរ៍។ ប៉ុន្តែ នៅពេលជម្លោះបានផ្ទុះឡើង ក្រុមការងារ និងក្រុមគ្រួសាររបស់ពួកគេ ក៏ត្រូវជម្លៀសខ្លួនចេញពីតំបន់នោះផងដែរ។ បទពិសោធន៍នេះ បានធ្វើឱ្យលោកស្រីយល់កាន់តែច្បាស់ពីការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ដែលរហូតមកដល់ពេលនេះ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន។
ប្រយោគមួយដែលបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណមតិអន្តរជាតិជាងគេ គឺ៖ «My heart is with everyone still waiting to come home.» ឬមានន័យថា៖ «បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃបានវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»។
សាររបស់លោកស្រីមិនបានផ្តោតលើយុទ្ធសាស្ត្រយោធា ឬការជជែកដេញដោលផ្នែកនយោបាយឡើយ។ ផ្ទុយទៅវិញ វាបានផ្តោតលើមនុស្សដែលនៅតែរង់ចាំថ្ងៃអាចវិលទៅរស់នៅក្នុងភូមិកំណើតរបស់ខ្លួនវិញ។ ជាមួយគ្នានោះ លោកស្រីក៏បានរំឭកថា ប្រជាពលរដ្ឋកម្ពុជាជិត ៣០,០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន ឡើយ ដែលជាការរំឭកដល់សហគមន៍អន្តរជាតិ មិនត្រូវបំភ្លេចចោលពួកគេ ដែលទន្ទឹងទាំងយប់ ទាំងថ្ងៃក្នុងការស្វែងរកយុត្តិធម៌ពីពិភពលោក ដើម្បីពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
*អង្គការសហប្រជាជាតិអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ
បន្ទាប់ពីបំពេញទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា លោកបានជួបប្រជាពលរដ្ឋជាច្រើន ដែលបានផ្លាស់ទីលំនៅដោយសារភូមិរបស់គេត្រូវបានទាហានថៃចូលគ្រប់គ្រងនិងត្រួតត្រា។ ពួកគេបានរៀបរាប់ទាំងក្តីឈឺចាប់អំពីការបាត់បង់ផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិ និងការមិនអាចវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ខ្លួនវិញបាន។
លោកបានបញ្ជាក់ថា តាមច្បាប់អន្តរជាតិ អ្នកដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងដោយគ្មានការរារាំង។ លោកក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ សហការគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ជនភៀសសឹក និងអនុវត្តកាតព្វកិច្ចដែលមានចែងក្នុងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់។
ការលើកឡើងរបស់លោក Andrews បានសង្កត់ធ្ងន់ទៅលើបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្ស។ សំណួរសំខាន់ លែងស្ថិតនៅត្រឹមថា តើការប្រយុទ្ធបានបញ្ចប់ឬនៅនោះទេ ប៉ុន្តែគឺថា តើនៅពេលណា និងក្រោមលក្ខខណ្ឌណា ជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះ និងក្នុងសហគមន៍របស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនោះ។
*មរតកវប្បធម៌ និងមនុស្សរងគ្រោះ ត្រូវបានលើកឡើងរួមគ្នា
ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានថ្កោលទោសការបង្កខូចខាតលើប្រាសាទបុរាណកម្ពុជា ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក និងបានរំឭកជាថ្មីថា ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធ មានកាតព្វកិច្ចគោរពច្បាប់អន្តរជាតិក្នុងការការពារបេតិកភណ្ឌវប្បធម៌។
ការលើកឡើងនេះ មិនមែនគ្រាន់តែជាការបង្ហាញក្តីសោកស្តាយចំពោះការខូចខាតប្រាសាទបុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការរំឭកថា បេតិកភណ្ឌវប្បធម៌ គឺជាមរតករួមរបស់មនុស្សជាតិ ដែលទទួលបានការការពារក្រោម អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាពាក់ព័ន្ធផ្សេងទៀត។ ការវាយប្រហារដោយចេតនាលើបេតិកភណ្ឌវប្បធម៌ ដែលទទួលបានការការពារអាចបង្កឱ្យមានទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ហើយក្នុងកាលៈទេសៈខ្លះ អាចត្រូវបានពិចារណាជាបទល្មើសសង្គ្រាម ក្រោម លក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ប្រសិនបើបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់។
សម្រាប់សហគមន៍អន្តរជាតិ ការការពារប្រាសាទបុរាណ និងការការពារប្រជាពលរដ្ឋស៊ីវិល មិនមែនជាបញ្ហាពីរដាច់ដោយឡែកពីគ្នាទេ។ វាជាការការពារអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ជាតិ និងការការពារជីវិត សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់មនុស្ស។ ហេតុនេះហើយ ទើបការបំផ្លាញមរតកវប្បធម៌ និងការបង្ខំឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅ ត្រូវបានលើកឡើងជាបន្តបន្ទាប់ក្នុងការពិភាក្សារបស់សហគមន៍អន្តរជាតិអំពីជម្លោះកម្ពុជា–ថៃ ក្នុងពេលថ្មីៗជាបន្តបន្ទាប់នេះ។
*សន្តិភាពមានន័យលើសពីការឈប់បាញ់
ក្នុងខួបមួយឆ្នាំនៃជម្លោះព្រំដែនកម្ពុជា–ថៃ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរំឭកពីការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋរាប់សែននាក់ និងការខិតខំតាមផ្លូវការទូតដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហរដ្ឋអាមេរិកបានបញ្ជាក់ការប្តេជ្ញាបន្ត «ពង្រឹងសន្តិភាពយូរអង្វែង» រវាងកម្ពុជា និងថៃ។
ការលើកឡើងនេះបានបង្ហាញថា សម្រាប់សហគមន៍អន្តរជាតិ សន្តិភាពមិនមែនមានន័យត្រឹមការបញ្ឈប់ការប្រយុទ្ធ ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ប៉ុណ្ណោះទេ។ សន្តិភាព មានន័យថា កិច្ចព្រមព្រៀងទាំងនោះត្រូវបានគោរព ជម្លោះមិនវិលត្រឡប់មកវិញ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាម អាចវិលត្រឡប់ទៅកាន់ផ្ទះ សហគមន៍ និងជីវភាពរស់នៅរបស់ពួកគេវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។
សារដ៏ប្រទាក់ក្រឡាចាប់ផ្តើមពី Angelina Jolie ដល់ UNESCO និងអង្គការសហប្រជាជាតិ មានអត្ថន័យគួរឱ្យចាប់អារម្មណ៍។ លោកស្រី Angelina Jolie បានរំឭកពិភពលោកកុំឱ្យបំភ្លេចជនភៀសសឹក អង្គការសហប្រជាជាតិ បានរំឭកអំពីសិទ្ធិរបស់ជនភៀសសឹក ក្រោមច្បាប់អន្តរជាតិ អង្គការយូណេស្កូ បានរំឭកពីកាតព្វកិច្ចការពារមរតកវប្បធម៌ ខណៈសាររបស់សហរដ្ឋអាមេរិកបានបន្ថែមចំណុចដ៏ធំមួយទៀត គឺការប្តេជ្ញាគាំទ្រដំណើរការការទូត ដើម្បីប្រែក្លាយការឈប់បាញ់ទៅជាសន្តិភាពដែលមាននិរន្តរភាព។
សារទាំងនេះមានន័យថា គោលដៅ មិនមែនត្រឹមការបញ្ឈប់ការប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា ជម្លោះនឹងមិនវិលត្រឡប់មកវិញ ហើយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីសង្គ្រាម អាចរស់នៅក្នុងសុវត្ថិភាព និងត្រូវតែវិលត្រឡប់ទៅកាន់សហគមន៍របស់ខ្លួនវិញដោយសេចក្តីសង្ឃឹមនិងសេចក្តីថ្លៃថ្នូរ។
សេចក្តីសន្និដ្ឋាន៖
នៅពេលតួអង្គអន្តរជាតិផ្សេងៗគ្នា ដូចជា Angelina Jolie, អង្គការយូណេស្កូ អង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិក ដែលលើកឡើងអំពីជនភៀសសឹកកម្ពុជា ពួកគេមិននិយាយចេញពីទស្សនៈតែមួយទេ។ ប៉ុន្តែ សាររបស់ពួកគេទាំងអស់ បានមកជួបគ្នាត្រង់គោលការណ៍រួមមួយ គឺការគោរពច្បាប់អន្តរជាតិ ការការពារប្រជាពលរដ្ឋស៊ីវិល ការការពារមរតកវប្បធម៌ និងការធានាឱ្យជនដែលផ្លាស់ទីលំនៅដោយសារជម្លោះ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។
ក្នុងន័យនេះ សារទាំងនោះ ក៏ជាការរំឭកផងដែរថា ការរំលោភច្បាប់អន្តរជាតិ មិនថាជាការវាយប្រហារលើប្រជាពលរដ្ឋស៊ីវិល ការរារាំងជនភៀសសឹក មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ឬការបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលទទួលបានការការពារនោះទេ សុទ្ធតែជាបញ្ហា ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ និងអាចនាំឱ្យភាគីបង្កហេតុ ត្រូវមានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ ស្របតាមយន្តការនិងនីតិវិធី ដែលច្បាប់បានកំណត់៕




















