មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារ៖ ការបម្រើសេវាជូនប្រជាពលរដ្ឋត្រូវតែរហ័សរហួន មាននវានុវត្តន៍ និងយកប្រជាពលរដ្ឋជាស្នូលក្នុងយុគសម័យឌីជីថល

03-08-2026 17:37

(សៀមរាប)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងថា នៅក្នុងបរិបទនៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋមកលើវិស័យមុខងារសាធារណៈកាន់តែខ្ពស់ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងផ្ដោតលើប្រជាពលរដ្ឋជាស្នូលជាងពេលណាៗទាំងអស់។

ការថ្លែងយ៉ាងដូច្នេះរបស់លោក យក់ ប៊ុនណា នៅក្នុងពិធីបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) ក្នុងនាមកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ាន ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ។

លោកបានបន្តថា បញ្ហាប្រឈមទាំងនេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់យើង ក្នុងការធ្វើទំនើបកម្មអភិបាលកិច្ច ពង្រឹងឧត្តមភាពស្ថាប័ន និងវិនិយោគលើធនធានដ៏មានតម្លៃបំផុតរបស់យើង គឺធនធានមនុស្ស។ ក្នុងបរិបទនេះ ACCSM នៅតែបន្តដើរតួនាទីជាវេទិកាមួយដ៏សំខាន់ដែលអនុញ្ញាតឱ្យសមាជិកអាស៊ានបានផ្លាស់ប្ដូរបទពិសោធន៍ ចែករំលែកឧត្តមវានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅទូទាំងប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើង។

លោកបន្ថែមថា តាមរយៈកិច្ចសហការរួមនេះ យើងអាចកសាងមុខងារសាធារណៈដែលមានភាពធន់ មានប្រសិទ្ធភាព និងពោរពេញទៅដោយសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត។

លោកបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដែលអនុញ្ញាតឱ្យភាគីទាំងអស់បានរួមគ្នា ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃមុខងារសាធារណៈ។ ជាពិសេសរួមចំណែកយ៉ាងមានអត្ថន័យដល់ការកសាងសហគមន៍អាស៊ាន៕