ប្រធានសមាគមគ្រូឱសថបុរាណកម្ពុជា៖ ការអភិវឌ្ឍឱសថបុរាណ មិនមែនជាការប្រកួតប្រជែងជាមួយវេជ្ជសាស្រ្តទំនើបទេ ប៉ុន្តែជាការបំពេញបន្ថែមគ្នា ដើម្បីផ្តល់ជម្រើសថែទាំសុខភាព

04-08-2026 11:56

(ភ្នំពេញ)៖ សមាគមគ្រូឱសថបុរាណកម្ពុជា នៅថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «ការលើកតម្កើង អភិរក្ស និងអភិវឌ្ឍឱសថបុរាណខ្មែរ» នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមអធិបតីភាព សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និង លោក វ៉ែន ស៊ីនួន ប្រធានសមគមគ្រូឱសថបុរាណកម្ពុជា ដោយមានអ្នកចូលរួមជាង៣០០ អង្គ/នាក់ ជាសមណនិស្សិត និស្សិត គ្រូឱសថបុរាណ សមជិកសមាគម អ្នកផលិតនិងអ្នកលក់ ព្រមទាំងមានការដាក់តាំងបង្ហាញនូវ ផលិតផលឱសថបុរាណខ្មែរ ជាច្រើនមុខផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញសក្តានុពលឱសថបុរាណជាមរតកបុព្វបុរស ឈ្វេងយល់ពីឱនភាព និងបញ្ហាប្រឈមក្នុងវិស័យឱសថបុរាណខ្មែរបច្ចុប្បន្ន ព្រមទាំងស្វែងរកដំណោះស្រាយ ក្នុងការលើកតម្កើងអភិរក្ស និងអភិវឌ្ឍបន្តមរតកវេជ្ជសាស្រ្តឱសថបុរាណខ្មែរ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកប្រធានសមគមគ្រូឱសថបុរាណកម្ពុជា បានរំលឹកអំពីនិមិត្តរូបនៃការព្យាបាល និងការងារមនុស្សធម៌តាមរយៈប្រាសាទបុរាណខ្មែរ។ ព្រះបាទជ័យវរ្ម័នទី៧ បានកសាងប្រាសាទនាគព័ន្ធ ជានិមិត្តរូបនៃមណ្ឌលសុខភាព កសាងមន្ទីរពេទ្យ កសាងអរោគ្យសាលារាប់សិបកន្លែង សម្រាប់ព្យាបាលអ្នកជម្ងឺ ផ្អែកលើទស្សនវិជ្ជា «សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម គឺមិនអាចបំបែកចេញពីគ្នាបានឡើយ»។

លោកបន្តថា «មរតកឱសថបុរាណខ្មែរ ត្រូវបានបុព្វបុរសយើង សិក្សាពីធម្មជាតិជាច្រើនសតវត្ស។ ពួកគាត់ស្គាល់លក្ខណៈរបស់រុក្ខជាតិរាប់ពាន់ប្រភេទ រដូវកាលប្រមូលផល វិធីសម្ងួត វិធីផ្សំ និងវិធីប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ចំណេះដឹងទាំងនេះ មិនមែនជាការស្មាន ឬជំនឿនោះទេ ប៉ុន្តែជាការពិសោធន៍ដែលឆ្លងកាត់ការអនុវត្តរាប់រយឆ្នាំ»។

លោកប្រធានសមាគម បានបន្ថែមទៀតថា ការអភិវឌ្ឍឱសថបុរាណ មិនមែនជាការប្រកួតប្រជែងជាមួយវេជ្ជសាស្រ្តទំនើបទេ ប៉ុន្តែជាការបំពេញបន្ថែមគ្នា ដើម្បីផ្តល់ជម្រើសថែទាំសុខភាព ដែលមានគុណភាព សុវត្ថិភាព ផ្អែកលើការភស្តុតាងនៃការពិសោធន៍ជាក់ស្តែង។ លើលពីនេះទៅ លោកបានលើកទឹកចិត្តសមាជិកសមាគមទាំងអស់ ត្រូវបន្តសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រទំនើបនានា ដើម្បីធានានូវភាពស្របច្បាប់ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ក្នុងកិច្ចសំណេះសំណាលក្រោយបញ្ចប់កម្មវិធី សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានផ្សារភ្ជាប់ការអភិរក្សឱសថបុរាណ និងការអភិរក្សអនុផលព្រៃធម្មជាតិរបស់ខ្មែរ បញ្ញារបស់ជនជាតិដើមខ្មែរ (Indigenous wisdom) ព្រមទាំងលើកទឹកចិត្តក្នុងការបន្តការងារដ៏សំខាន់នេះ បន្តបង្ហាញសមិទ្ធផលផលិតផលក្នុងស្រុក ដែលជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិមួយផ្នែកដែរ។

សូមបញ្ជាក់ផងដែរថា នៅពេលអនាគត សមាគមគ្រូឱសថបុរាណកម្ពុជា មានគម្រោងប្រមូលទិន្នន័យឱសថបុរាណខ្មែរ គម្រោងអភិរក្សធនធានរុក្ខជាតិឱសថនិងជីវចំរុះ គម្រោងស្រាវជ្រាវនិងនវានុវត្តន៍ឱសថបុរាណខ្មែរ គម្រោងផលិតឱសថបុរាណតាមស្តង់ដារគុណភាពនិងសុវត្ថិភាព ព្រមទាំងគម្រោងបណ្តុះបណ្តាលអ្នកជំនាន់ថ្មីអំពីទំនាក់ទំនងរវាងវេជ្ជសាស្រ្តបុរាណនិងវេជ្ជសាស្រ្តទំនើបផងដែរ៕