ផ្លូវនៅទូទាំងតំបន់អភិវឌ្ឍន៍រុនតាឯក ជិត១៥០គីឡូម៉ែត្រ បានប្រែក្លាយជាបេតុង និងកៅស៊ូអស់ហើយ (Video inside)

04-08-2026 14:08

(សៀមរាប)៖ រុនតាឯក ជាភូមិឋានថ្មីមួយ ដែលរាជរដ្ឋាភិបាលបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋ ដែលផ្លាស់ទីលំនៅចេញពីរមណីយដ្ឋានអង្គរ។ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅ​ភូមិ​ឋាននេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ តបណ្តាញអគ្គិសនី និងទឹកស្អាតជាដើម។

កាលពីជាង៣ឆ្នាំមុន នៅពេលប្រជាពលរដ្ឋចូលមកតាំងទីលំនៅដំបូងលើដីរាជរដ្ឋាភិបាលប្រគល់​ជូន​នោះ រុនតាឯកជាវាលរហោដ្ឋាន។ តែបច្ចុប្បន្នការអភិវដ្ឍបានប្រែក្លាយរុនតាឯក ជាកន្លែងរស់នៅដ៏​មនោ​រម្យ​មួយ។

បច្ចុប្បន្នផ្លូវទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បានប្រែក្លាយទៅជាផ្លូវបេតុង និងកៅស៊ូអស់ហើយ មានប្រវែងសរុបប្រមាណ ១៥០គីឡូម៉ែត្រ ពោលមិនមានផ្លូវដីទៀតនោះទេ។ បន្ថែមពីលើនោះ អាជ្ញាធរ បានរៀបចំប្រព័ន្ធលូរំដោះទឹក មិនឱ្យលិច ឬដក់ទឹកដូចមុនទៀតនោះដែរ។

អាជ្ញាធរ ក៏បានតបណ្តាញអគ្គិសនីចូលគ្រប់ខ្នងផ្ទះ ខណៈទឹកស្អាតមិនទាន់បានគ្រប់ខ្នងផ្ទះនៅឡើយ ហើយអាជ្ញាធរកំពុងពង្រីកបន្ថែម។ ក្រៅពីនេះ អាជ្ញាធរក្រុងរុនតាឯក ក៏បានយកចិត្តទុកដាក់ក្នុងការដាំដើមឈើ និងរៀបចំភ្លើងសឡាដាក់បំភ្លឺតាមដងផ្លូវ។

បើតាមលោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា ឈើប្រមាណជា ៣០ម៉ឺនដើមហើយ បានដាំតាមដងផ្លូវ និងតាមភូមិឋាននៅតំបន់អភិវឌ្ឍន៍រុនតាឯក៕