* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

ដំណឹងល្អ! ត្រឹមរយៈពេលត្រឹមតែ៦ខែ ដើមឆ្នាំ២០២៦នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តពោធិ៍សាត់ បានធ្លាក់ចុះយ៉ាងគួឱ្យកត់សម្គាល់ដល់ទៅ៤០%

04-08-2026 15:09

(ពោធិ៍សាត់)៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ បានរៀបចំ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ប្រចាំឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានអចិន្ត្រៃយ៍ តំណាងរបស់លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងខេត្ត ទទួលផែននគរបាលចរាចរណ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក ប្រមាណជាង១០០នាក់។

យោងតាមរបាយការណ៍របស់ លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារអប់រំ និងផ្សព្វផ្សាយ មន្ទីរបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ បាន២៦លើក មានអ្នកចូលរួម ២,៦៧៦នាក់ រួមទាំងការចែកសម្ភារៈ និងមួកសុវត្ថិភាពជាច្រើន។ ការផ្តល់សេវាសាធារណៈ មន្ទីរបានចុះបញ្ជីទោចក្រយានយន្ត ជាង៣,៨០០គ្រឿង, ឆៀករថយន្ត ជាង២,៥០០គ្រឿង និងចេញប័ណ្ណបើកបរ ជាង១,៤០០ប័ណ្ណ។ ចំពោះស្ថិតិគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះយ៉ាងខ្លាំង ដោយកើតឡើង១២លើក (ថយចុះ៤០%), អ្នកស្លាប់១៤នាក់ (ថយចុះ៤៨%) និងរបួសធ្ងន់-ស្រាលថយចុះផងដែរ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ មូលហេតុចម្បងដែលបង្កគ្រោះថ្នាក់គឺ ល្បឿន ស្រវឹង និងខ្វះការប្រុងប្រយ័ត្ន។ ជាមួយគ្នានោះ មន្ទីរបានកែសម្រួលចំណុចប្រឈម និងត្រៀមបំពាក់ភ្លើងស្តុបបន្ថែម លើផ្លូវជាតិលេខ៥ ចំនួន៦ទីតាំង ព្រមទាំងគូសគំនូស និងដាក់បង្គោលសុវត្ថិភាព។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លឹម សុខតូ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ពី លោកអភិសន្តិបណ្ឌិត ស សុខា និងលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងខេត្តមានការរីកចម្រើនជាលំដាប់។

លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យយើងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត។

ដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា លោក លឹម សុខតូ បានដាក់ចេញនូវទិសដៅ និងវិធានការគន្លឹះ ចំនួន៩ចំណុច សម្រាប់អនុវត្តក្នុងឆមាសទី២ ដូចខាងក្រោម៖

ទី១-បន្តយុទ្ធនាការ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» នៅតាមគ្រឹះស្ថានសិក្សា រោងចក្រ និងសហគមន៍ ដោយជំរុញឱ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពបាន១០០%។
ទី២-ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ចំពោះអ្នកបើកបរលើសល្បឿនកំណត់ ស្រវឹង ប្រើប្រាស់សារធាតុញៀន ព្រមទាំងយានយន្តដឹកលើសទម្ងន់ និងកែច្នៃខុសបច្ចេកទេស។
ទី៣-សហការជួសជុលចំណុចប្រឈម បំពាក់ផ្លាកសញ្ញា គំនូសចរាចរណ៍ ភ្លើងសញ្ញា និងភ្លើងស្តុបបន្ថែម លើកំណាត់ផ្លូវជាតិលេខ៥។
ទី៤-មន្ទីរសុខាភិបាល និងក្រុមសង្គ្រោះ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ឱ្យបានឆាប់រហ័ស។
ទី៥-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំកម្លាំងនគរបាល ជួយសម្រួលចរាចរណ៍នៅតាមផ្លូវជាតិ និងមុខសាលារៀន ពេលសិស្សចេញចូល។
ទី៦-ចេញសេចក្តីណែនាំ និងពង្រឹងការអនុវត្តច្បាប់ ចំពោះការលែងសត្វពាហនៈលើដងផ្លូវសាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។
ទី៧-រដ្ឋបាលក្រុង-ស្រុក ពិនិត្យលទ្ធភាពដាក់កាមេរ៉ាសុវត្ថិភាពតាមផ្លូវបំបែកមមាញឹក និងផ្តល់អាវចំណាំងផ្លាតដល់អ្នកធ្វើអនាម័យតាមដងផ្លូវ។
ទី៨-រដ្ឋបាលក្រុង-ស្រុក ត្រូវកាប់សម្អាតមែកឈើ ឬសំណង់មិនរៀបរយនៅត្រង់ផ្លូវប្រសព្វ ដែលបាំងរាំងស្ទះគំហើញក្នុងការបើកបរ។
និងទី៩-រៀបចំផ្តល់សាជីជ័រ និងសម្ភារៈចាំបាច់ដល់រដ្ឋបាលក្រុង-ស្រុក ព្រមទាំងចងក្រងរបាយការណ៍បូកសរុប ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកក៏សូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ក្រោមពាក្យស្លោក «សុវត្ថិភាពចរាចរណ៍ ផ្ដើមចេញពីយើងម្នាក់ៗ» មុននឹងប្រកាសបិទកិច្ចប្រជុំក្នុងបរិយាកាសរីករាយ និងប្តេជ្ញាចិត្តខ្ពស់៕