លោក ប៊ុន បារាំង អញ្ជើញប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១០វត្ត ក្នុងខេត្តកំពត
04-08-2026 15:23
(កំពត)៖ លោក ប៊ុន បារាំង និងភរិយា ជាអាជីវករផលិតអំបិលខេត្តកំពត-កែប ព្រមទាំងក្រុមគ្រួសារ បានដឹកនាំញាតិមិត្តជិតឆ្ងាយ និងពុទ្ធបរិស័ទពាក់ព័ន្ធជាច្រើននាក់ អញ្ជើញប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១០ វត្ត ក្នុងខេត្តកំពត ដែលរៀបចំឡើងនៅវត្តត្រើយកោះ ស្ថិតក្នុងភូមិអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ប៊ុន បារាំង និងភរិយា បានអញ្ជើញប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សា តាមបណ្ដាវត្តទាំង ១០ ខាងលើ ដើម្បីទុកប្រើប្រាស់ក្នុងអំឡុងពេលចូលព្រះវស្សា ស្របតាមទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះផងដែរ លោក ប៊ុន បារាំង បានឱ្យដឹងថា ការប្រគេនទៀនព្រះវស្សា និងទេយ្យទាន គឺជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិបន្តគ្នាតាំងពីបុរាណកាលមក ក្នុងគោលបំណងគាំទ្រ និងទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ស្របតាមពុទ្ធប្បញ្ញត្តិ ព្រមទាំងជាការបង្ហាញនូវសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ហើយព្រះពុទ្ធសាសនា គឺជាមូលដ្ឋានគ្រឹះនៃការអប់រំសីលធម៌ គុណធម៌ និងការកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ដូច្នេះ ការចូលរួមថែរក្សា គាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាភារកិច្ចរួមរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប។
វត្តទាំង ១០ ខាងលើ រួមមាន៖ វត្តត្រើយកោះ, វត្តស្នំប្រាំពីរ, វត្តជុំគ្រៀល, វត្តកំពត, វត្តអណ្ដូងប្រេង, វត្តពិជ័យឧត្តុង្គ, វត្តពោធិ៍, វត្តកូនសត្វ, វត្តសាគរ និងវត្តវាលពួច។
ប្រគេនទេយ្យទាន និងសម្ភារៈទាំង ១០ វត្ត ក្នុងមួយវត្តទទួលបាន រួមមាន៖ ទៀនព្រះវស្សា ១ គូ, សាដក ១ កញ្ចប់, អង្ករ ២ បាវ (១០០ គីឡូក្រាម), ទឹកបរិសុទ្ធ ៣ កេស, មីជាតិ ២ កេស, ទឹកត្រី-ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកម្ទេស ១ យួរ, ទឹកប្រេងខ្យង ១ ដប, ស្ករស ២ គីឡូក្រាម, ប៊ីចេង ១ គីឡូក្រាម, ធូប ១ ដុំ, ទឹកដោះគោខាប់ ៥ កំប៉ុង, សៀង ១ ក្រឡ, សាប៊ូលាងចាន ១ កាដុង, ប្រេងឆា ១ ដប និងបច្ច័យចំនួន ៧០០,០០០ រៀល (៧០ ម៉ឺនរៀល)៕


























