បណ្ឌិត ញិល រដ្ឋា៖ និទានកថាបំផ្លាញកម្ពុជា ជុំវិញករណី Aishah Siregar, តើនរណានៅពីក្រោយ ហើយដើម្បីអ្វី?

04-08-2026 15:26

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា ក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយមួយរូបបានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ព័ត៌មានមិនពិត និងការបង្កើតរូបភាពអវិជ្ជមានមកលើប្រទេសកម្ពុជា បាននិងកំពុងក្លាយជាអាវុធដ៏គ្រោះថ្នាក់មួយក្នុងសមរភូមិព័ត៌មានអន្តរជាតិសម័យទំនើប។

ជាក់ស្ដែងករណីថ្មីៗនេះ ពាក់ព័ន្ធនឹងរឿងរ៉ាវស្ត្រីជាតិសិង្ហបុរីម្នាក់ (កញ្ញា Aishah Siregar) ដែលសារព័ត៌មានបរទេសធំៗមួយចំនួនបានប្រញាប់ប្រញាល់លាបពណ៌ថា «ត្រូវគេចាប់ពង្រត់យកមកបង្ខំឱ្យធ្វើការក្នុងជម្រកឆបោកនៅកម្ពុជា» ត្រូវបានលាតត្រដាងការពិតយ៉ាងច្បាស់លាស់ដោយសមត្ថកិច្ច និងសាម៉ីខ្លួនផ្ទាល់ថា ជាការរត់ចោលផ្ទះដោយស្ម័គ្រចិត្ត ដោយសារវិបត្តិគ្រួសារ ហើយគ្មានការបង្ខិតបង្ខំ ឬការជួញដូរមនុស្សណាមួយកើតឡើងនោះឡើយ។

លោកបណ្ឌិត បានចោទជាសំណួរថាតើ វាជារឿងយុត្តិធម៌ដែរឬទេ ដែលវិបត្តិគ្រួសារ និងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់បុគ្គលបរទេសម្នាក់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទម្លាក់កំហុស និងលាបពណ៌មកលើប្រទេសកម្ពុជាទាំងមូលយ៉ាងងាយស្រួលបែបនេះ?

សម្រាប់លោកបណ្ឌិត ញិល រដ្ឋា ព្រឹត្តិការណ៍នេះ មិនមែនជាករណីដាច់ដោយឡែកដោយចៃដន្យនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃ «និទានកថាបំផ្លាញកម្ពុជា» (Anti-Cambodia Narrative) ដែលតែងតែត្រូវបានបង្កើតឡើងដោយមានប្រព័ន្ធ។

ជាប្រព័ន្ធដោយអំណះអំណាងដូចជា៖

១. តើនរណានៅពីក្រោយខ្នង និទានកថាបំផ្លាញកម្ពុជា?

នៅពេលយើងពិនិត្យមើលជម្រៅនៃបញ្ហា យើងឃើញថាក្រុមដើរតួពីក្រោយខ្នងក្នុងការបង្កើត និងពង្រីករូបភាពអវិជ្ជមាននេះរួមមាន៖

- ឧស្សាហកម្មព័ត៌មានដេញទាក់ទាញ Clicks (Sensationalist Media)៖ សារព័ត៌មានអន្តរជាតិមួយចំនួន (ដូចជា CNA ជាដើម) តែងតែប្រញាប់ប្រញាល់ទាញយកចំណុចក្តៅ ស្រែកប្រកាសអាសន្នមុនពេលផ្ទៀងផ្ទាត់ការពិត ដោយយកកិត្តិយសរបស់ប្រទេសមួយមកធ្វើជាចំណាប់ខ្មាំង ដើម្បីដោះដូរយកប្រជាប្រិយភាព និងចំនួនទស្សនា (Views/Clicks)។ ហេតុអ្វីបានជាអង្គភាពព័ត៌មានទាំងនោះ ឆាប់រហ័សក្នុងការចោទប្រកាន់កម្ពុជាថាជាទីតាំងចាប់ពង្រត់ ដោយមិនរង់ចាំលទ្ធផលស៊ើបអង្កេតផ្លូវការ ប៉ុន្តែនៅពេលសាម៉ីខ្លួនចេញមុខបញ្ជាក់ថាជារឿងរត់ចោលផ្ទះ បែរជាស្ងប់ស្ងៀម ឬចុះផ្សាយកែតម្រូវតែបន្តិចបន្តួចទៅវិញ?

- ក្រុមអ្នកមាននិន្នាការផ្ទុយ និងតួអង្គ «អភិរក្សរបៀបវារៈភូមិសាស្ត្រនយោបាយ»៖ នេះគឺជាក្រុមដែលតែងតែ "បារម្ភហួសហេតុ" ពីស្ថានភាពកម្ពុជា ហើយតែងតែរង់ចាំស្វាគមន៍រាល់ព័ត៌មានអវិជ្ជមាន ដើម្បីយកមកបម្រើឱ្យទស្សនៈនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ។ សម្រាប់ក្រុមនេះ ការទាញយករឿងបុគ្គលមកធ្វើជាអាវុធគាបសង្កត់ផ្នែកការទូត និងសេដ្ឋកិច្ចមកលើរដ្ឋាភិបាលកម្ពុជា គឺជា «សិល្បៈនៃការបង្កើតសម្ពាធ» ដែលពួកគេតែងតែប្រើប្រាស់ ដោយមិនខ្វល់ថាវានឹងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិមួយទាំងមូលឡើយ។

- ក្រុមជ្រុលនិយមថៃ និងការប្រើប្រាស់បណ្តាញថៃដើម្បីបំផ្លាញខ្មែរយ៉ាងមានប្រព័ន្ធ៖ ក្រុមមាននិន្នាការផ្ទុយមួយចំនួន បានសហការ ឬត្រូវបានគេប្រើប្រាស់ជាឧបករណ៍ដោយក្រុមជ្រុលនិយមថៃ ដើម្បីផ្សព្វផ្សាយព័ត៌មានពុល លាបពណ៌ និងបង្កើតរូបភាពអវិជ្ជមានអំពីកម្ពុជាលើឆាកអន្តរជាតិ។ ការបំពងសំឡេងប្រឌិតរឿងរ៉ាវអសន្តិសុខនៅកម្ពុជា គឺជាយុទ្ធសាស្ត្រមួយដែលភាគីថៃជ្រុលនិយមប្រើប្រាស់យ៉ាងមានប្រព័ន្ធ ដើម្បីបង្វែរដានពីការរំលោភបំពានរបស់ខ្លួននៅតាមព្រំដែន ព្រមទាំងដើម្បីដណ្តើមប្រៀបលើផ្នែកសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ពីកម្ពុជា។

- អ្នកបង្កើតព័ត៌មានក្លែងក្លាយ (Fake News) និងអ្នកចម្បាំងក្តារចុច (Keyboard Warriors) ខ្វះការពិចារណា៖ ក្រុមអ្នកបង្កើតមាតិកាដែលទាញយកផលប្រយោជន៍ពីពាក្យចចាមអារ៉ាម រួមទាំងយុវជនមួយចំនួនដែលចាំតែចែករំលែក (Share) ព័ត៌មានអវិជ្ជមានពីបរទេសដោយងងឹតងងល់ ជួយជំរុញឱ្យ «និទានកថាពុល» នេះកាន់តែរីករាលដាល។ តើវាជារឿងត្រឹមត្រូវដែរឬទេ ដែលយុវជនមួយចំនួនប្រញាប់ជឿ និងជួយជាន់ពន្លិចប្រទេសខ្លួនឯងតាមការប្រឌិត និងល្បែងកុលល្បិចរបស់បរទេស ជាជាងជឿលើភស្តុតាង និងការស្រាវជ្រាវជាក់ស្តែងរបស់សមត្ថកិច្ចជាតិខ្លួន?

២. គោលបំណង៖ តើគេបង្កើតនិទានកថានេះដើម្បីអ្វី?

ការផ្ទុះឡើងនៃព័ត៌មានប្រឌិត និងការបំពងសំឡេងអវិជ្ជមានជុំវិញករណី Aishah Siregar មិនមែនកើតឡើងដោយចៃដន្យតាមពេលវេលានោះទេ ប៉ុន្តែវាត្រូវបានគិតគូរយ៉ាងល្អិតល្អន់ដើម្បីសម្រេចគោលបំណងជាច្រើនស្រទាប់៖៖

- បំផ្លាញទំនុកចិត្តសេដ្ឋកិច្ច និងទេសចរណ៍៖ ការបង្កើនភាពភ័យខ្លាចថា «កម្ពុជាជាតំបន់គ្រោះថ្នាក់» គឺដើម្បីបន្លាចវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ មិនឱ្យមកបណ្តាក់ទុន ឬកម្សាន្តនៅកម្ពុជា។

- បង្វែរដានពីវិបត្តិពិតប្រាកដនៅតាមព្រំដែន៖ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយបរទេសប្រញាប់ប្រញាល់ចុះផ្សាយរឿងប្រឌិតតូចតាច ពួកគេបែរជា «ធ្វើមើលមិនឃើញ» នូវវិបត្តិមនុស្សធម៌ដ៏ធំធេងដែលបង្កឡើងដោយ «ការឈ្លានពាន និងការរំលោភបំពាននៅតាមព្រំដែនពីសំណាក់ប្រទេសថៃ» ដែលបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាស៊ីវិលរាប់ម៉ឺននាក់ត្រូវភៀសខ្លួនចោលផ្ទះសម្បែង។ ហេតុអ្វីបានជាអង្គការសិទ្ធិមនុស្ស និងសារព័ត៌មានបរទេស យកចិត្តទុកដាក់ខ្លាំងម៉្លេះលើករណីប្រឌិតរបស់បុគ្គលម្នាក់ ប៉ុន្តែបែរជាធ្វើមិនដឹងមិនឮចំពោះទុក្ខវេទនារបស់ជនភៀសខ្លួនកម្ពុជា ដែលរងការរំលោភបំពានពីការឈ្លានពាននៅតាមព្រំដែន?

- បង្កើតស្តង់ដារពីរ (Double Standards)៖ នៅពេលរឿងរ៉ាវបុគ្គលកើតឡើងនៅប្រទេសផ្សេង គេចាត់ទុកជារឿងផ្ទាល់ខ្លួន ប៉ុន្តែឱ្យតែពាក់ព័ន្ធនឹងកម្ពុជា គេប្រញាប់វាយតម្លៃភ្លាមថាជា "បរាជ័យនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ"។

- ការបង្កើនសម្ពាធការទូតចំពេលវត្តមានអ្នករាយការណ៍ពិសេស UN (Thomas Andrews)៖ ការបង្កើតព័ត៌មានក្តៅគគុកអំពី «ការចាប់ពង្រត់ និងជួញដូរមនុស្ស» ត្រូវបានធ្វើឡើងចំពេលដែល លោក Thomas Andrews (អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស) កំពុងបំពេញទស្សនកិច្ច ឬរៀបចំវាយតម្លៃស្ថានភាពនៅកម្ពុជា។ គោលបំណងច្បាស់ណាស់ គឺដើម្បីបំពងសំឡេងអវិជ្ជមាន ដាក់បន្ទុក និងជះឥទ្ធិពលលើទស្សនៈ ឬរបាយការណ៍របស់តំណាង UN រូបនេះ ឱ្យមើលឃើញកម្ពុជាក្នុងរូបភាពអនាធិបតេយ្យ និងអសមត្ថភាព។

សរុបរួមទៅ ការដែលក្រសួងព័ត៌មាន និងក្រសួងការបរទេសកម្ពុជា ចេញមុខទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសកែតម្រូវព័ត៌មាន និងទទួលខុសត្រូវលើសេចក្តីរាយការណ៍របស់ខ្លួន គឺជាជំហានដ៏ត្រឹមត្រូវ ម៉ឺងម៉ាត់ និងចាំបាច់បំផុត ក្នុងការការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពជាតិ។

កម្ពុជាមិនមែនជាដែនដីអនាធិបតេយ្យដូចការលាបពណ៌របស់បរទេសឡើយ។ កម្ពុជាជាប្រទេសមានច្បាប់ មានអរិយធម៌ និងជាគោលដៅប្រកបដោយសុវត្ថិភាព។ ដល់ពេលហើយដែលប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិ ត្រូវរួមគ្នាវាយបំបាក់ «និទានកថាបំផ្លាញកម្ពុជា» ដោយឈរលើ «ការពិត ស្មារតីស្នេហាជាតិ និងភស្តុតាងជាក់ស្តែង»៕